រាជធានីភ្នំពេញ៖ លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា W. Patrick Murphy និងអ្នកចម្រៀង កញ្ញា ស៊ីន សេដ្ឋសុជ្ឈតា ដែលជាចៅស្រីបង្កើតអធិរាជសម្លេងលោក ស៊ីន ស៊ីសាមុត បានថតទុកនូវវីដអូជជែកគ្នា អំពីវិស័យតន្ត្រីនៅកម្ពុជា និងចំណាប់អារម្មណ៍ក្នុងការរក្សាមរតកចម្រៀងរបស់ជីតានាង ។

លោកឯកអគ្គរដ្ឋទូត បានភ្ញាក់ផ្អើល ដោយដឹងថា លោក ស៊ីន ស៊ីសាមុត នៅតែទទួលបានការស្រឡាញ់ពេញនិយម ស្តាប់ចម្រៀងលោក នៅទូទាំងប្រទេសកម្ពុជា ទោះបីលោកបានបាត់បង់ជីវិតអស់រយៈពេលជាយូរមកហើយក្តី ។
លោកឯកអគ្គរដ្ឋទូត បានមានប្រសាសន៍ថា៖ «ខ្ញុំស្តាប់ចម្រៀងរបស់គាត់តាម ស្ថានីយ៍វិទ្យុខ្លះ បានឃើញរូបថតគាត់ ដាក់តាំងនៅតាមភោជនីយដ្ឋាន និងសណ្ឋាគារប្រណីតមួយចំនួន។ រហូតដល់សព្វថ្ងៃនេះ បទចម្រៀងរបស់លោក នៅតែពីរោះរណ្តំចិត្ត របស់មនុស្សទាំងចាស់ ក្មេងសព្វថ្ងៃនេះ»។


កញ្ញា ស៊ីន សេដ្ឋសុជ្ឈតា បានឱ្យដឹងថា កញ្ញាមិនដែលបានឃើញជីតារបស់នាងដោយផ្ទាល់នោះទេ តែកញ្ញាបានដឹងឮរឿងរ៉ាវគាត់ តាមជីដូនបង្កើតរបស់កញ្ញាដែលរស់នៅខេត្តស្ទឹងត្រែង។

កញ្ញា សេដ្ឋសុជ្ឈតា បន្តថា ៖ «បទចម្រៀងជាច្រើនរបស់គាត់ បង្កប់អត្ថន័យ ប្រើន័យធៀបជីវិតមនុស្សទៅនឹងធម្មជាតិ។ លោកយាយថា នាថ្ងៃមួយ ពួកគាត់ទាំងពីរ បានទៅលេងសៀមរាប ដើរ មើលប្រាសាទ ហើយលោកយាយខ្ញុំចង់ចូលមើលប្រាសាទមួយ តែលោកតាខ្ញុំ (ស៊ីន ស៊ីសាមុត) បាននិយាយថា គាត់នឹងរង់ចាំនៅខាងក្រៅ ហើយប៉ុន្មានម៉ោងក្រោយមក គាត់សរសេរបានចម្រៀងមួយបទ។ ខ្ញុំមានការស្ញប់ស្ញែងចំពោះរឿងរ៉ាវ ទាក់ទងនឹងការនិពន្ធបទចម្រៀងរបស់គាត់»។

សូមជម្រាបជូនថា កញ្ញា សេដ្ឋសុជ្ឈតា បានបញ្ចេញនូវចម្រៀងថ្មី ៣ បទ ដោយបទទី១ នឹងចេញនៅថ្ងៃទី១៩ ខែកុម្ភៈនេះហើយ ។ កញ្ញា សេដ្ឋសុជ្ឈតា បានបន្ថែមថា ៖ «ខ្ញុំប្រើពាក្យសាមញ្ញ ហើយត្រង់ៗ ក្នុងបទចម្រៀងទាំងនេះ ពីព្រោះខ្ញុំចង់ឲ្យទស្សនិកជន ងាយយល់»។

គួរបញ្ជាក់ផងដែរថា កិច្ចសន្ទនាវីដេអូរយៈពេល ២០ នាទី របស់លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា និងអ្នកចម្រៀង កញ្ញា ស៊ីន សេដ្ឋសុជ្ឈតា ត្រូវបានផលិតដោយក្រុមហ៊ុន Cambodian Broadcasting Service ដែលបានចាក់ផ្សាយតាមបណ្តាញសង្គមហ្វេសប៊ុក របស់ស្ថានទូតអាមេរិក នៅថ្ងៃទី១១ ខែកុម្ភៈនេះ។ អ្នកសារព័ត៌មានអាចផ្សាយ និងប្រើប្រាស់នូវវីដេអូនេះទាំងស្រុងបាន ៕
ចែករំលែកព័តមាននេះ