រាជធានីភ្នំពេញ ៖ ភរិយាតារាកំប្លែងនាយ ចយ គឺអ្នកនាង ខ្វាន់ឌី បានបញ្ចេញសារដ៏វែងមួយតាមបណ្តាញសង្គមហ្វេសប៊ុក ដោយព្រលយចេញនូវបញ្ហាគ្រួសារមួយចំនួនដែលធ្លាប់កើតមានឡើង ក្នុងពេលដែលនាងបានចាប់ដៃគ្នាកសាងគ្រួសារជាមួយតារាកំប្លែងរូបនេះអស់ជាច្រើនឆ្នាំមកហើយ។
ដោយមិនបានបញ្ជាក់ពីរឿងរ៉ាវអ្វីដែលកើតឡើងឲ្យបានច្បាស់លាស់ ប៉ុន្តែភរិយានាយ ចយ បានរៀបរាប់រឿងរ៉ាវដែលបានកើតឡើងជាបន្តបន្ទាប់នៅក្នុងរង្វង់គ្រួសាររបស់នាង ខណៈពេលដែលបានព្យាយាមលាក់បាំង មិនបញ្ចេញឲ្យមហាជនបានដឹងនោះឡើយ។
ទំនងជារឿងរ៉ាវនោះ បានកើតឡើងចំពោះនាងម្តងជាពីរដង ទើបភរិយានាយ ចយ នាង ខ្វាន់ឌី ដាច់ចិត្តទម្លាយពីការលំបាករបស់ខ្លួនចេញមកក្រៅខ្លះៗ ព្រោះបានលាក់ទុកមកជាយូរ និងឲ្យមហាជនបានដឹងថា គ្រួសាររបស់នាងក៏ដូចជាគ្រួសារផ្សេងៗទៀតដែរ គឺតែងតែមានបញ្ហាជាបន្តបន្ទាប់។
អ្នកនាង ខ្វាន់ឌី បានបង្ហោះសារតាមបណ្តាញសង្គមហ្វេសប៊ុកថា មានតែមនុស្សតែម្នាក់ទេដែរមើលឃើញខ្ញុំល្អក្នុងកែវភ្នែករហូត មិនថាទង្វើនោះល្អ ឬអាក្រក់ «នោះគឺម៉ែ» ។ នាងបញ្ជាក់ថា ពេលខ្លះ ទោះយើងខំនិយាយបកស្រាយឱ្យអ្នកដទៃយល់ពីអារម្មណ៍យើងថាហេតុអីបានយើងធ្វើចឹង? តែវាមិនអាច ព្រោះគេគ្រប់គ្នាបានមើលមកយើងថា យើងជាមនុស្សស្រីដែលអាក្រក់ ចឹងបានថា ចង្កៀងផ្ទះអ្នកណា ភ្លឺផ្ទះអ្នកនោះ ។
នាងថា មនុស្សខ្ញុំជាមនុស្សមានហេតុផល គោរពពាក្យសម្តី ហើយខ្ញុំមិនចូលចិត្តពាក្យកុហក ហើយមុននឹងខ្ញុំធ្វើ ខ្ញុំបានប្រាប់មុនច្បាស់ណាស់ថាមិចៗ។ «ហើយទាល់តែអ្នកនិយាយនឹងជាខ្ញុំ ឬជួបដូចខ្ញុំ នោះអ្នកនឹងយល់ច្បាស់» ។
នាងបន្តថា មានរឿងអីក៏លាក់ទុក មិនហ៊ាននិយាយ ឬបញ្ចេញឱ្យអ្នកណាដឹង លាក់យូរៗទៅចង់ឆ្កួត ចង់ស្ទះស្លា.ប់ ទើបបញ្ចេញខ្លះឱ្យវាធូរ តែពេលខ្ញុំបញ្ចេញហើយ ខ្ញុំក៏ទទួលបានពាក្យ «អីតិចផុសៗ យករឿងគ្រួសារមកផុស អត់ចេះខ្មាសគេ អត់ចេះទុកមុខឱ្យគ្នា» ពីរមាត់អ្នកដែលនៅជុំវិញខ្លួនខ្ញុំ តែមានដែលសំលឹងមើលកំហុសរបស់បុគ្គលនឹងខ្លះអត់ ព្រោះតែគ្មានអ្នកឃើញកំហុសនោះ ទើបបានជាម្នាក់ៗមកវាយប្រហារថា ខ្ញុំជាមនុស្សអាក្រក់ ហើយខ្ញុំក៏មិនចង់ឱ្យនរណាថាខ្ញុំល្អដែរ តែមុននឹងវាយប្រហារខ្ញុំ សុំអ្នកដឹងរឿង និងមូលហេតុឱ្យច្បាស់សិន។ បើតាមនាង ខ្វាន់ឌី ព្រោះតែពាក្យថា ខ្មាស ទុកមុខទើបមិនធ្វើ ហើយលើកលែងរាប់រយរាប់ពាន់ដង ឡើងមនុស្សបានចិត្តបានដៃ។
នាងថា ខ្ញុំមិនខឹងនឹងនរណាម្នាក់ដែលនិយាយថាឱ្យខ្ញុំទេ មានតែលើកម្រាមដៃ10សំពះអរគុណដែរបាននិយាយ បានថាឱ្យខ្ញុំ គ្រួសារណាក៏ដូចគ្រួសារណាដែរ ឃើញតែផ្អែមល្ហែមៗ តែមិនប្រាកដថា មិនចេះឈ្លោះគ្នាឯណា។ ត្រូវអត់ ចឹងគួរព្យាយាមយល់តិចទៅ។ ហ៊ឺយ!និយាយរួមទោះខ្ញុំខំនិយាយបកស្រាយត.ទៀតក៏អត់ប្រយោជន៍ ព្រោះខ្ញុំបានក្លាយជាមនុស្សអាក្រក់ក្នុងកែវភ្នែកអ្នកគ្រប់គ្នាទៅហើយ (អ្នកមិនមែនជាខ្ញុំអ្នកនៅតែមិនយល់) មានតែបងៗស្រីៗទើបយល់។
ជាការកត់សម្គាល់ពាក់ព័ន្ធបញ្ហាខាងលើនេះ កោះសន្តិភាពនៅមិនទាន់អាចទាក់ទងសុំការបកស្រាយបន្ថែមពីអ្នកនាង ខ្វាន់ឌី បាននៅឡើយទេ គិតត្រឹមថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១ នេះ។
គួរបញ្ជាក់ទៀតថា ចំណងស្នេហ៍ ដែលបានជម្នះឧបសគ្គ រនាំងរូបសម្ផស្ស និងសម្ដីប្រមាថរិះគន់រវាងនាយ ចយ និងនិស្សិតស្រី នាង ខ្វាន់ឌី បានសម្រេចចូលរោងការតាមប្រពៃណី កាលពីថ្ងៃ២៧ ខែកុម្ភៈ ឆ្នាំ២០១៨ ខណៈពេលបច្ចុប្បន្នចំណងស្នេហ៍ជាប្តីប្រពន្ធរបស់ពួកគេបានទទួលចំណងដៃកូនប្រុសម្នាក់រួចទៅហើយ៕
ចែករំលែកព័តមាននេះ