រាជធានីភ្នំពេញ ៖ ថ្នាក់ដឹកនាំនាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះបានថ្លែងឲ្យដឹងនៅថ្ងៃទី ៣ ខែកុម្ភៈ នេះថា រាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តកណ្តាល គឺជារាជធានី-ខេត្តដែលកើតមានគ្រោះអគ្គិភ័យច្រើនជាងគេនៅឆ្នាំ២០២០ និងខែមករា ឆ្នាំ២០២១ កន្លងទៅ។
![](https://kohsantepheapdaily.com.kh/wp-content/images/2021/02/d67d8ab4f4c10bf22aa353e27879133c-1.jpg)
លោកឧត្ដមសេនីយ៍ឯក នេត វន្ថា ប្រធាននាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះបានឲ្យដឹងថា នៅក្នុងឆ្នាំ ២០២០ កន្លងទៅអគ្គិភ័យបានកើតឡើងសរុបចំនួន ៩៣៧ កើនឡើង ២២០ លើក បើធៀបឆ្នាំ២០១៩ ដែលអគ្គិភ័យបានកើតឡើងសរុប ៧១៧ លើក ។
![](https://kohsantepheapdaily.com.kh/wp-content/images/2021/02/1679091c5a880faf6fb5e6087eb1b2dc-6.jpg)
ក្នុងឆ្នាំ២០២០ កន្លងទៅ អគ្គិភ័យបានបណ្តាលឲ្យបាត់បង់ជីវិតមនុស្ស ២៤ នាក់ របួសចំនួន ៣៦នាក់ បណ្តាលឲ្យឆេះផ្ទះអស់ ៧០៧ ខ្នង និងតូប ៥៩៤ តូប ។ មូលហេតុ គឺមិនខុសគ្នាទេ ២០២០ ករណីបណ្តាលមកពីចរន្តអគ្គិសនី គឺ ៣៧,៨៨ ភាគរយ និងប្រើប្រាស់ភ្លើងផ្សេងៗ ៣២,៣៣ ភាគរយ និងក្តាប់មិនបានមូលហេតុគឺមានចំនួន ២៩,៧៧ ភាគរយ ។ នេះបើតាមការបញ្ជាក់របស់ លោកឧត្ដមសេនីយ៍ឯក នេត វន្ថា ។
![](https://kohsantepheapdaily.com.kh/wp-content/images/2021/02/d645920e395fedad7bbbed0eca3fe2e0-3.jpg)
ប្រធាននាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានបន្តទៀតថា ដោយឡែកយើងបានកត់សម្គាល់នៅក្នុងឆ្នាំ២០២០ដែរ ចំណុចដែលកត់សម្គាល់យើងឃើញថា ខេត្ត-រាជធានីដែលកើតមាន អគ្គិភ័យច្រើនជាងគេនោះ គឺរាជធានីភ្នំពេញ ១១៧ លើក ខេត្តកណ្តាលចំនួន ៩៩ លើក និងខេត្តសៀមរាប ៨៥ លើក ។
![](https://kohsantepheapdaily.com.kh/wp-content/images/2021/02/8f14e45fceea167a5a36dedd4bea2543.jpeg)
ប្រភពដដែលបានបន្តថា ចំពោះខេត្តដែលពុំសូវមានអគ្គិភ័យវិញនោះគឺ ខេត្តកោះកុង ៧ លើក ខេត្តឧត្តរមានជ័យមាន ៧ លើក ខេត្តរតនគិរី ៥ លើក និងខេត្តត្បូងឃ្មុំ ៦ លើក ។ ខេត្តទាំងអស់គួរកោតសរសើរមានអគ្គិភ័យតិច ក៏មានបញ្ហាប្រឈមព្រៃ និងភ្នំ បែរជាមានអគ្គិភ័យតិចជាងខេត្តផ្សេងៗ ។
![](https://kohsantepheapdaily.com.kh/wp-content/images/2021/02/c9f0f895fb98ab9159f51fd0297e236d.jpeg)
ក្នុងនោះផងដែរ សម្រាប់ខែមករា ឆ្នាំ ២០២១ អគ្គិភ័យ កើតមានចំនួន ៦៧ លើក លើ ៧៧ លើក មានន័យថាថយចុះ ចំនូន ១៧ លើកបើធៀបនឹងខែមករា ឆ្នាំ ២០២០ ។ ក្នុងនោះបង្កឲ្យមានបាត់បង់ជីវិតមនុស្ស ៣ នាក់ និងរបួសចំនួន ៨ នាក់ និងឆេះផ្ទះ ៥២ ខ្នង ។ កត្តានាំឲ្យកើតអគ្គិភ័យនោះ គឺមាន ៣ សំខាន់ៗ ៖
![](https://kohsantepheapdaily.com.kh/wp-content/images/2021/02/d3d9446802a44259755d38e6d163e820-9.jpg)
១- ការឆ្លងចរន្តអគ្គិសនី និងបណ្តាលមកពីចរន្តអគ្គសនីគឺ ៤០ %
២- ប្រើប្រាស់ភ្លើងទៀនធូបចំនួន ៣៩% និង
៣-ក្តាប់មិនបានមូលហេតុមានចំនួន ២១% ។
កត់សម្គាល់ក្នុងខែមករា ឆ្នាំ២០២១ រាជធានី-ខេត្តដែលមានអគ្គិសភ័យច្រើនជាងគេនោះ គឺរាជធានីភ្នំពេញ ចំនួន ១៤ លើក ខេត្តកណ្តាល ៨ លើក និងខេត្តសៀមរាបចំនួន ៦ លើក ។ និងកែប ប៉ៃលិន រតនគីរីនិងព្រៃវែង មិនសូវមានអគ្គិភ័យនោះទេ ៕
![](https://kohsantepheapdaily.com.kh/wp-content/images/2021/02/6512bd43d9caa6e02c990b0a82652dca-8.jpg)
![](https://kohsantepheapdaily.com.kh/wp-content/images/2021/02/c20ad4d76fe97759aa27a0c99bff6710-4-1024x768.jpg)
ចែករំលែកព័តមាននេះ