ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​មាន​ពលករ​ធ្វើ​ការងារ​ស្របច្បាប់​នៅ​កូរ៉េ​ជាង​៤​ម៉ឺ​នាក់ ខណៈ​រំពឹង​បញ្ជូន​មាន​ច្រើន​ក្រោយ​ស្ងាត់​កូ​វី​ដ​១៩

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រទេស​កម្ពុជា​មានកំ​លាំង​ពលករ​ជាង​៤​ម៉ឺន​នាក់ កំពុងធ្វើការ​ងារ​ស្របច្បាប់ នៅ​ក្នុង​សាធារណរដ្ឋ​កូរ៉េ ខណៈ​រំពឹង​បញ្ជូន​ទៅ​ចំនួន​ច្រើន​ទៀត ក្រោយ​ស្ងាត់​ជំងឺ​កូ​វី​ដ​១៩ ។ នេះ​បើ​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ…

រាជធានី​ភ្នំពេញ ៖ ប្រទេស​កម្ពុជា​មានកំ​លាំង​ពលករ​ជាង​៤​ម៉ឺន​នាក់ កំពុងធ្វើការ​ងារ​ស្របច្បាប់ នៅ​ក្នុង​សាធារណរដ្ឋ​កូរ៉េ ខណៈ​រំពឹង​បញ្ជូន​ទៅ​ចំនួន​ច្រើន​ទៀត ក្រោយ​ស្ងាត់​ជំងឺ​កូ​វី​ដ​១៩ ។ នេះ​បើ​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ។

ឯកឧត្តម អ៊ិ​ត សំ​ហេង រដ្ឋមន្ត្រីក្រសួង​ការងារ​បាន​សរសេរ​លើ​បណ្តាញ​សង្គម នៅ​ថ្ងៃ​ទី​២ ខែកុម្ភៈ ឆ្នាំ​២០២១​ថា «​ថ្ងៃនេះ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្រសួង​ការងារ និង​មុខរបរ​នៃ​សាធារណរដ្ឋ​កូរ៉េ បាន​ចុះហត្ថលេខា​បន្ត​អនុស្សរណ​យោគយល់​គ្នា​ស្តី​ពី​ការ​បញ្ជូន​ពលករ​ទៅ​បម្រើ​ការងារ​នៅ​សាធារណរដ្ឋ​កូរ៉េ ក្រោម​ប្រព័ន្ធ​អនុញ្ញាត​មុខរបរ (EPS) លើក​ទី​៦» ។

ឯកឧត្តម​បញ្ជាក់​ថា​«​បច្ចុប្បន្ន ពលករ​កម្ពុជា​ដែល​កំពុង​បម្រើ​ការងារ​នៅ​សាធារណរដ្ឋ​កូរ៉េ មាន​ចំនួន​ប្រមាណ ៤៥ ៤៦២​នាក់ (​ស្រី ១០១៨៣​នាក់​)​។ តាំងពី​ចាប់ផ្តើម​នៃ​ការ​បញ្ជូន​មក​កម្ពុជា​តែងតែ​ជាប់​ចំណាប់​ថ្នាក់​ល្អជា​ប្រទេស​បញ្ជូន និង​តាម​រយៈ​ការ​ពិភាក្សា​រវាង​ភាគី​កម្ពុជា​-​កូរ៉េ បន្ទាប់​ពី​ស្ថានភាព​កូ​វី​ដ​-១៩ នៅ​សាធារណរដ្ឋ​កូរ៉េ មាន​ភាព​ធូរស្រាល ដែល​អាច​ទទួលយក​កម្លាំង​ពលកម្ម​បរទេស​បាន​កម្ពុជា​រំពឹង​ថា នឹង​ក្លាយជា​ប្រទេស​អាទិភាព​ក្នុង​ការ​បញ្ជូន​ដោយសារ​កម្ពុជា​មាន​ស្ថានភាព​កូ​វី​ដ​-១៩​ល្អ​ប្រសើរ​, មាន​ជើងហោះហើរ​ច្រើន និង​អត្រា​ពលករ​កម្ពុជា​ខុសច្បាប់​មាន​កំរិត​ទាប បើ​ធៀប​ជាមួយ​ប្រទេស​បញ្ជូន​ផ្សេង​ទៀត​» ។

សូម​បញ្ជាក់ ការ​បញ្ជូន​ពលករ​កម្ពុជា​ទៅ​បម្រើ​ការងារ​នៅ​សាធារណរដ្ឋ​កូរ៉េ​ក្រោម​ប្រព័ន្ធ​អនុញ្ញាត​មុខរបរ (EPS) បាន​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង ឯកឧត្ដម Roh Moo-Hyun អតីត​ប្រធានាធិបតី​នៃ​សា​ធា​ណ​រដ្ឋ​កូរ៉េ នា​ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០០៦ ដែល​មាន​គណៈកម្មាធិការ​បណ្តុះបណ្តាល និង​បញ្ជូន​ពលករ​ទៅ​បរទេស​នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​អង្គភាព​អភិវឌ្ឍន៍​ធនធានមនុស្ស​នៃ​ក្រសួង​មុខរបរ និង​ការងារ​នៃ​សាធារណរដ្ឋ​កូរ៉េ ជា​ប្រតិបត្តិ​ករ ។

គិត​ចាប់ពី​ឆ្នាំ​២០០៧ មក កម្ពុជា​បាន​បញ្ជូន​ពលករ​សរុប​ចំនួន ៦៨ ២៩៤​នាក់ (​ស្រី ១៤ ២៥៥​នាក់​) ក្នុង វិស័យ​ឧស្សាហកម្ម កសិកម្ម និង​សំណង់​ដែល​អាណត្តិ​ការងារ​មាន​រយៈពេល ៤​ឆ្នាំ ១០​ខែ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ