ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គួរ​ឲ្យ​ស្ងើចសរសើរ​បំផុត​! ជន​ពិកា​១​ក្រុម​បង្កើត​វង់​តន្ត្រី​ដើម្បី​ថែរក្សា​សិល្បៈ​បុរាណ​យីកេរ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖​កេរ គឺជា​ឈ្មោះ​ដែល​ត្រូវ​បាន​ដាក់​ដោយ​ក្រុម​ជន​ពិកា​មួយ​ក្រុម​ដែល​បាន​ប្រមូល​ផ្តុំ​គ្នា បង្កើត​ជា​ក្រុម​តន្ត្រី​យីកេរ​មួយ​ឡើង ដើម្បី​ចូលរួម​ផ្សព្វផ្សាយ ដោយ​មិន​រក​ប្រាក់​កម្រៃ ក្នុង​ពេល​ដែល​ក្រុម​មួយ​នេះ​ក៏​បាន​ទទួល​ការ​ចាប់អារម្មណ៍​ជា​ច្រើន​ផង​ដែរ​ពី​មហាជន​ចូល​ទស្សនា​នៅ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។ មិន​ស្វែងរក​ប្រាក់​កម្រៃ ក្រុម កេរ…

រាជធានី​ភ្នំពេញ ៖​កេរ គឺជា​ឈ្មោះ​ដែល​ត្រូវ​បាន​ដាក់​ដោយ​ក្រុម​ជន​ពិកា​មួយ​ក្រុម​ដែល​បាន​ប្រមូល​ផ្តុំ​គ្នា បង្កើត​ជា​ក្រុម​តន្ត្រី​យីកេរ​មួយ​ឡើង ដើម្បី​ចូលរួម​ផ្សព្វផ្សាយ ដោយ​មិន​រក​ប្រាក់​កម្រៃ ក្នុង​ពេល​ដែល​ក្រុម​មួយ​នេះ​ក៏​បាន​ទទួល​ការ​ចាប់អារម្មណ៍​ជា​ច្រើន​ផង​ដែរ​ពី​មហាជន​ចូល​ទស្សនា​នៅ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។

មិន​ស្វែងរក​ប្រាក់​កម្រៃ ក្រុម កេរ បាន​បង្ហាញ​ពី​គោលបំណង​តែ​មួយ​គត់ គឺ​ចង់​ថែរក្សា និង​ផ្សព្វ​ផ្សាយ​ពី​សិល្បៈ​បុរាណ​ខ្មែរ គឺ​យីកេរ ឲ្យ​បាន​ទូលំទូលាយ និង​ចូលរួម​ថែរក្សា​ទាំងអស់​គ្នា ត្បិត​វា​ជា​សិល្បៈ​វប្បធម៌​របស់​ដូច​តា​ខ្មែរ​យើង​ដែល​បាន​បន្សល់​ទុក​មក​អស់​ជា​ច្រើន​ឆ្នាំ​។

ប្រធាន​ក្រុម​កេរ លោក វិ​ន វិចិត្រ បាន​អះអាង​ប្រាប់​កោះសន្តិភាព​ថា ក្រុម​របស់​លោក​បាន​បង្កើត​ឡើង​រយៈពេល​ប្រមាណ​មួយ​ឆ្នាំ​មក​ហើយ ហើយ​ភាគច្រើន​ក្រុម​របស់​លោក​គឺជា​ជន​ពិកា ខណៈ​ពេល​ដែល​ការ​បង្កើត​ក្រុម​នេះ​ឡើង គឺ​មិន​មាន​ជំនួយ​មក​ពី​ខាង​ណា​នោះ​ឡើយ​។

លោក​បញ្ជាក់​ថា យើង​បាន​បង្កើត​ក្រុម​នេះ​ឡើង គឺ​មិន​សម្រាប់​ដើរ​លេង​តាម​កម្មវិធី​នានា​នោះ​ឡើយ ពោល​គឺ​បង្កើត​ឡើង​ដោយសារ​ការ​ស្រឡាញ់ និង​ចូល​ចិត្ត​លើ​សិល្បៈ​យីកេរ​នេះ ហើយ​ក៏​ក្នុង​ន័យ​ចូលរួម​ផ្សព្វផ្សាយ និង​អភិរក្ស​សិល្បៈ​បុរាណ​មួយ​នេះ​ផង​ដែរ​។ លោក​ថា ក្រុម​កេរ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​លោក​ផ្ទាល់​ដែល​ជា​ជន​ពិកា​ភ្នែក ហើយ​ក្នុង​នោះ​ក៏​មានការ​ចូលរួម​ពី​មិត្ត​ភក្តិ​ពិកា​ផ្សេង​ៗ​ទៀត ដែល​ធ្លាប់​សិក្សា​ជាមួយ​គ្នា និង​អ្នក​ដែល​មាន​ជំនាញ​សិល្បៈ​នេះ​ស្រាប់ ទើប​យើង​សម្រេច​សហការ​ធ្វើ​វា​ឡើង​តែ​ម្តង ហើយ​ក៏​មានការ​ជួយ​ជ្រោមជ្រែង​ជា​ថវិកា​ពី​សប្បុរសជន​ណា​ម្នាក់​ឡើយ​។

លោក វិ​ន វិចិត្រ បាន​ឲ្យ​ដឹង​ទៀត​ថា ការ​បង្កើត​ក្រុម​កេរ​នេះ គឺជា​ការ​ស្ម័គ្រចិត្ត​ពី​សមាជិក​ក្រុម​ទាំងអស់ ដោយពេល​ខ្លះ​ពួក​លោក​ត្រូវ​បាន​ចំណាយ​នូវ​ថវិកា​ផ្ទាល់ខ្លួន​ផង​ដែរ ប៉ុន្តែ​យ៉ាងណា លោក និង​សមាជិក​ក្រុម​ទាំងអស់​ពេញចិត្ត​នឹង​ធ្វើ ដោយសារ​ពួក​លោក​ស្រឡាញ់ និង​ចូល​ចិត្ត​សិល្បៈ​យីកេ​។ លោក​បន្ថែម​ថា ការ​ស្រឡាញ់​នេះ គឺជា​កម្លាំង​នៃ​ការ​ជម្រុញ​ឲ្យ​ក្រុម​របស់​លោក​បាន​បង្កើត​នូវ​ស្នាដៃ​ថ្មី​លើ​ផ្នែក​យីកេរ​នេះ ដើម្បី​ចែករំលែក​ចំណេះដឹង​ដល់​ក្មេង​ៗ​ជំនាន់​ក្រោយ និង​ចង់​រំលឹក​ឡើង​វិញ​នូវ​ជំនាញ​ដែល​ខ្លួន​បាន​រៀន​ចេះ​នេះ​កុំ​ភ្លេច​ផង​ដែរ​។

បើ​តាម​លោក វិ​ន វិចិត្រ ថា បច្ចុប្បន្ន​ក្រុម​កេរ​របស់​លោក​មាន​សមាជិក​ប្រមាណ​ជា​១០​នាក់ ហើយ​ភាគច្រើន​គឺជា​ជន​ពិកា​ភ្នែក ខណៈ​ពេល​ដែល​ក្រុម​របស់​លោក​ធ្លាប់​បាន​សិក្សា​លើ​ផ្នែក​សិល្បៈ​យីកេរ​នេះ​ពី​អង្គការ​គ្រួសារ​ថ្មី ដែល​ក្រុម​របស់​លោក​ធ្លាប់​បាន​ស្នាក់​នៅ​រៀនសូត្រ​នៅ​ទីនោះ​។

លោក​បញ្ជាក់​ថា សម្រាប់​ការ​គាំទ្រ​នោះ គឺ​វា​មិន​មាន​ច្រើន​លើសលុប​នោះ​ឡើយ ប៉ុន្តែ​វា​ក៏​មិន​អត់​ដែរ ដោយសារ​តែ​នៅ​ពេល​ក្រុម​លោក​បាន​ប្រគំ​បទ​យីកេរ ហើយ​ផ្សាយ​ផ្ទាល់​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នោះ គឺ​មាន​អ្នក​ចូល​ទស្សនា​ប្រមាណ​ពី​១០០​ទៅ​២០០​នាក់​ផង​ដែរ ហើយ​ចំនួន​នេះ​ក៏​មានការ​កើនឡើង​នៅ​ពេល​ដែល​យើង​បាន​ថត​ទុក​សម្រាប់​ផ្សាយ​តាម​ហ្វេ​ស​ប៊ុ​ក​នេះ​។

យ៉ាងណា​លោក វិ​ន វិចិត្រ បាន​អះអាង​ថា ប្រសិនបើ​មានការ​ហៅ​ទៅ​លេង​កម្មវិធី​ណាមួយ​នោះ គឺ​ក្រុម​របស់​លោក​នឹង​អាច​ចេញ​ទៅ​លេង​បាន ប៉ុន្តែ​សម្រាប់​ការ​សម្តែង គឺ​ក្រុម​លោក​មិន​អាច​ធ្វើ​បាន​នោះ​ឡើយ ដោយសារ​តែ​ក្រុម​របស់​លោក គឺ​សុទ្ធ​ជា​ជន​ពិការ​។ ក្រុម​លោក​ត្រឹម​អាច​សម្តែង​ជា​ការ​ប្រគំ​បទ​មហោរី និង​បទ​យីកេរ​សម្រាប់​កម្ម​ពិធី​ផ្សេង​ៗ​ប៉ុណ្ណោះ​។

គួរ​បញ្ជាក់​ថា ក្រុម​កេរ បាន​បង្កើត​ជា​ផេ​ក​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ដែល​បាន​ដាក់​ឈ្មោះ​ថា «​កេរ​» ហើយ​ក្រុម​នេះ តែងតែ​ផ្សាយ​ផ្ទាល់​ជា​បន្តបន្ទាប់​ក្នុង​ពេល​ដែល​ក្រុម​នេះ​បាន​ប្រមូលផ្តុំ​គ្នា​ប្រគំ​បទ​យីកេរ ដើម្បី​ចែក​ជូន​ដល់​មហាជន​ដែល​កំពុង​ប្រើប្រាស់​បណ្តាញ​អ៊ី​ន​ធើ​រ​ណេ​ត​។ ប្រិ​យ​មិត្ត​ដែល​ចូល​ចិត្ត និង​គាំទ្រ​ដល់​សិល្បៈ​បុរាណ​យីកេរ អាច​ចូល​ទៅ Like Page ក្រុម​កេរ​នេះ​បាន ដើម្បី​លើកទឹកចិត្ត​ជន​ពិការ​ភ្នែក​ទាំង​អស់នោះ​ឲ្យ​បន្ត​ការ​ផ្សព្វផ្សាយ និង​ចូលរួម​ថែរក្សា​នូវ​សិល្បៈ​វប្ប​ធម៌​ខ្មែរ​យើង​ឲ្យ​បាន​គង់វង្ស ទូលំទូលាយ សម្រាប់​ក្មេង​ៗ​ជំនាន់​ក្រោយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ