ខេត្តកំពង់ចាម ៖ ភ្ញៀវខាងកូនកំលោះ និងខាងកូនក្រមុំ បានបង្កហិង្សាវាយគ្នាទៅវិញទៅមកដូចរឿងហុងកុង បណ្ដាលឱ្យបែកក្បាលហូរឈាមរបួសទាំងសង្ខាងនៅក្នុងពិធីមង្គលការមួយ ដែលបានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី០១ ខែកុម្ភ: ឆ្នាំ២០២១ ស្ថិតនៅភូមិទួលខ្វាវ ឃុំបឹងណាយ ស្រុកព្រៃឈរ ក្នុងនោះកូនកំលោះក៏ត្រូវបានកម្លាំងសមត្ថកិច្ចចុះអន្តរាគមន៍ និងឃាត់ខ្លួនទាំងយប់ផងដែរ។
លោកវរសេនីយ៍ឯក កែវ ស៊ាងហ៊ន់ អធិការនគរបាលស្រុកព្រៃឈរ ប្រាប់ឲ្យដឹងថា ពិធីមង្គលការខាងលើនេះ គឺបានប្រព្រឹត្តទៅតាមគន្លងប្រពៃណីរបស់ខ្មែរ ដោយមានមេបាចាស់ទុំទាំងសងខាងចូលរួមដឹងឮ។ ជាមួយនោះ ពិធីនេះក៏បានប្រព្រឹត្តទៅដោយមានភ្ញៀវកូនកំលោះ និងភ្ញៀវកូនក្រមុំចូលរួមពិសាអាហារពេលល្ងាច នាថ្ងៃទី០១ ខែកុម្ភៈនេះ ជាច្រើន ដោយមានចាក់ភ្លេងកំដរភ្ញៀវទៀតផង។
អធិការនគរបាលស្រុកព្រៃឈរ ប្រាប់បន្តថា រហូតដល់ពេលយប់ ក៏បាននាំគ្នារាំកម្សាន្ត លេងយ៉ាងសប្បាយ ក្នុងគ្រានោះភ្ញៀវទាំងសង្ខាងបាននាំគ្នាផឹកស៊ី រហូតដល់ស្រវឹងធ្លាក់ភ្នែកផងដែរ ហើយក៏បានពាក្យសម្ដីគ្នា ជាហេតុធ្វើឱ្យអំពើហិង្សាបានផ្ទុះឡើងផ្អើលពេញរោងការតែម្តង គឺបានវាយគ្នាទៅវិញទៅមកដោយប្រើកៅអីជ័រ និងកែវស្រា ធ្វើឲ្យបែកបាក់ ។
អធិការនគរបាលស្រុកបានប្រាប់បន្តថា ហេតុការណ៍ខាងលើកើតឡើងរវាងក្រុមភ្ញៀវខាងកូនកំលោះ៤នាក់ ៖ ១.ឈ្មោះ យឿន ចាន់ថុល ភេទប្រុស អាយុ១៩ឆ្នាំ មុខរបកសិករ ២.ឈ្មោះឃឿង ណាំឈៀវ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបកសិករ ៣.ឈ្មោះរឿង វណ្ណៈ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបកសិករ និង៤.ឈ្មោះវ័រ សុភាក់ ភេទប្រុស អាយុ២០ឆ្នាំ (កូនកំលោះ) មុខរបកសិករ ។
អធិការនគរបាលស្រុកប្រាប់បន្តទៀតថា អ្នកទាំង៤នាក់នេះរស់នៅភូមិអូវាយ ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម បានប្រដាប់ដោយកែវស្រា និងកៅអីជ័រ កាន់គប់គ្នាទៅវិញទៅមកជាមួយក្រុមភ្ញៀវខាងកូនក្រមុំចំនួន៣នាក់ គឺ១.ឈ្មោះគង់ ទី ភេទប្រុស អាយុ២២ឆ្នាំ មុខរបកសិករ ២.ឈ្មោះផល ផាន់ណាក់ ភេទប្រុស អាយុ២២ឆ្នាំ មុខរបកសិករ និង៣.ឈ្មោះខន ខួច ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបកសិករ ទាំង៣នាក់ រស់នៅភូមិទួលខ្វាវ ឃុំបឹងណាយ ស្រុកព្រៃឈរ បណ្ដាលឲ្យក្រុមភ្ញៀវខាងកូនក្រមុំរងរបួសបែកក្បាលទាំង៣នាក់ និងភ្ញៀវកូនក្រមុំម្នាក់ទៀតឈ្មោះ គង់ ទូច ភេទប្រុស អាយុ៤៥ឆ្នាំ ក៏របួសបែកក្បាលផងដែរ។ ចំពោះមូលហេតុ គឺបណ្តាលមកផឹកស៊ីស្រវឹង រួចរាំឌឺដងកាច់កុងដាក់គ្នា។
ក្រោយពេលកើតហេតុ កម្លាំងនគរបាលបានធ្វើការនាំខ្លួនភ្ញៀវខាងកូនកំលោះ៣នាក់ រួមទាំងកូនកំលោះម្នាក់ផងដែរ សរុបទាំងអស់៤នាក់នាំយកមកសាកសួរនាំ និងបានឆ្លើយសារភាពថា ពិតជាបានធ្វើសកម្មភាពប្រើអំពើហិង្សាមកលើភាគីភ្ញៀវនៅម្ខាងទៀតមែន។
អធិការនគរបាលស្រុកព្រៃឈរ បញ្ជាក់ថា ការឃាត់ខ្លួនខាងលើនេះ ត្រូវបានធ្វើឡើងតាមការណែនាំរបស់លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ។ លុះរហូតមកដល់ព្រឹកថ្ងៃទី០២ ខែកុម្ភៈនេះ ក្រុមជនបង្កដែលត្រូវបានឃាត់ខ្លួន បានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តដើម្បីចាត់ការបន្តហើយ៕
ចែករំលែកព័តមាននេះ