ដឹងមូលហេតុឆេះរោងចក្រតម្បាញនៅប៉ោយប៉ែតហើយ
- បន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ ៖ អគ្គីភ័យបានឆាបឆេះអតីតរោងចក្រតម្បាញមួយកន្លែងដោយសារទុស្សេឆ្នាំងសាកទូរស័ព្ទ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាទៀបភ្លឺឈានចូលព្រឹកថ្ងៃទី២ កុម្ភៈ ឆ្នាំ២០២១ នៅចំណុចរោងចក្រតម្បាញជាប់ដងផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ហេតុការណ៍អគ្គិភ័យខាងលើនេះបង្កឲ្យខូចខាតរួមមាន ម៉ាស៊ីនដេរប្រហែល៤០គ្រឿង, ម៉ាស៊ីនផុងប្រហែលជាង៣០០គ្រឿង, កង្ហាបញ្ឈរធំប្រហែល៤០គ្រឿង, ក្រណាត់ប្រហែល២០០ការ៉ុង, ដែកថ្ពក់ខោអាវប្រហែល៦០កេស, ឧបករណ៍ប្រើប្រាស់និងឯកសាផ្សេងៗមួយចំនួនទៀត ប៉ុន្តែពុំមានមនុស្សណាម្នាក់រងគ្រោះថ្នាក់ទេ ។
បើតាមឈ្មោះពៅ ធូ ភេទប្រុស ជាអ្នកស្នាក់នៅកន្លែងកើតហេតុបានប្រាប់សមត្ថកិច្ចថា ករណីអគ្គិភ័យឆាបឆេះនេះគឺកើតឡើងដោយសារទុស្សេឆ្នាំងសាកទូរស័ព្ទ បណ្តាលឱ្យរាលដាលឆាបឆេះរោងចក្រតែម្តង ។
នៅពេលហេតុការណ៍អគ្គិភ័យខាងលើកើតឡើង អាជ្ញាធរនិងសមត្ថកិច្ចជំនាញពាក់ព័ន្ធក្រុងប៉ោយប៉ែតបានចុះមកជួយអន្តរាគមន៍ ដោយហៅរថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿងជារបស់ក្រុមហ៊ុនកាស៊ីណូ, ក្រុមហ៊ុនឯកជន និងរថយន្តពន្លត់អគ្គីភ័យរបស់អង្គភាពអធិការនគរបាលក្រុងប៉ោយប៉ែតផងដែរ។
ក្រៅពីនេះ លោកឧត្តមសេនីយ៍ទោសិទ្ធ ឡោះ ស្នងការនគរបាលខេត្តក៍បានបញ្ជារថយន្តពន្លត់អគ្គីភ័យរបស់អធិការស្រុកមង្គលបូរី, ស្រុកអូរជ្រៅ និងស្រុកម៉ាឡៃដើម្បីជួយបាញ់ពន្លត់ផងដែរ ។ អគ្គីភ័យខាងលើបានរលត់ទាំងស្រុងនៅម៉ោងប្រហែល៥ទៀបភ្លឺព្រឹកថ្ងៃដដែល ប៉ុន្តែមិនទាន់ដឹងពីទំហំនៃការខូចខាតនៅឡើយទេ ។
សូមបញ្ជាក់ថា រោងចក្រតម្បាញខាងលើបានផ្អាកដំណើរការតាំងពីឆ្នាំ២០០៦មកម៉្លេះ ៕






















ចែករំលែកព័តមាននេះ