ស្វាយកែវ​រមៀតមាន​សក្តានុពលទៅ​កាន់​ទីផ្សារ​អន្តរជាតិបណ្តើរៗហើយ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ស្វាយកែវ​រមៀតមាន​សក្តានុពលទៅ​កាន់​ទីផ្សារ​អន្តរជាតិបណ្តើរៗហើយ

2 ខែ មុន
  • Phnom Penh

រាជធានី​ភ្នំពេញ ៖ ដំណាំ​ស្វាយកែវ​រមៀត​គឺជា​ដំណាំ​ក​សិ​-​ឧស្សាហកម្ម មួយ​ក្នុង​ចំណោម​ដំណាំ​ក​សិ​-​ឧស្សាហកម្ម​ផ្សេង​ទៀត​ដែល​មាន​សក្តានុពល​សម្រាប់​ធ្វើការ​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ ជា​ពិសេស​ប្រទេស​ចិន និង​កូរ៉េ​ ជា​លក្ខណ​ស្រស់ និង​ក្រៀម​ ។ យោង​តាម​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​កសិកម្ម​…

រាជធានី​ភ្នំពេញ ៖ ដំណាំ​ស្វាយកែវ​រមៀត​គឺជា​ដំណាំ​ក​សិ​-​ឧស្សាហកម្ម មួយ​ក្នុង​ចំណោម​ដំណាំ​ក​សិ​-​ឧស្សាហកម្ម​ផ្សេង​ទៀត​ដែល​មាន​សក្តានុពល​សម្រាប់​ធ្វើការ​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ ជា​ពិសេស​ប្រទេស​ចិន និង​កូរ៉េ​ ជា​លក្ខណ​ស្រស់ និង​ក្រៀម​ ។

យោង​តាម​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​កសិកម្ម​ កាលពី​ថ្ងៃ​ទី​១៦ ខែធ្នូ បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នៅ​ទូ​ទាំង​ប្រទេស​មាន​ផ្ទៃដី​ដាំ​ដុះ​ស្វាយ​សរុប​ចំនួន ១២៤ ៣១៩​ហ​.​ត ផ្ទៃដី​ប្រមូល​ផល​មាន​ចំនួន ៩១ ៣៩៨​ហ​.​ត ទទួល​បាន​ទិន្នផល​ជា​មធ្យម ចំនួន ១៦​តោន​/​ហ​.​ត​/​រដូវ ដែល​មាន​បរិមាណ​ផល​សរុប​ចំនួន ១ ៤៤៨ ៦៧៧​តោន​។

Picture

អនុវត្ត​តាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល ក្នុង​ការ​ជំរុញ​ផលិតកម្ម​កសិកម្ម ​ដើម្បី​ធានា​សន្តិ សុខ​ស្បៀង និង​ធ្វើការ​នាំ​ចេញ​ដើម្បី​ទ្រទ្រង់​ខឿនសេដ្ឋកិច្ច​ជាតិ ក្នុង​បរិបទ​នៃ​ការ​រីក​រាលដាល​ជា សកល​នៃ​ជំងឺឆ្លង​កូ​វី​ដ​-១៩ ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ដែល​មាន​អគ្គនាយកដ្ឋាន​កសិកម្ម​ជា​សេនាធិការ​បាន​ខិតខំ ពុះពារ យក​អស់​ស្មារតី​ទទួលខុសត្រូវ​ធ្វើការ​ចរចា​យ៉ាង​ស្វិត ស្វា​ញ បញ្ចុះបញ្ចូល និង​ដោះស្រាយ​នូវ​រាល់​បញ្ហា​ដែល​ជា​របាំង​បច្ចេកទេស​ក្នុង​ដំណើរការ​នាំ ចេញ​ផ្លែស្វាយ​កែវ​រមៀត​ស្រស់​ទៅ​កាន់​សាធារណរដ្ឋ​កូរ៉េ​។ ជា​លទ្ធផល អស់​រយ​:​ពេល ០៤​ឆ្នាំ ផលិតផល​ផ្លែស្វាយ​កែវ​រមៀត​ស្រស់​របស់​កម្ពុជា​ត្រូវ​បាន​នាំ​ចេញ​ទៅ​កាន់​សាធារណរដ្ឋ​កូរ៉េ ជា លើក​ដំបូង​នៅ​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០២០ នេះ​បើ​តាម​ការ​អះអាង​របស់​អគ្គនាយកដ្ឋាន​កសិកម្ម (​ថ្ងៃ​ទី​០១ ខែកុម្ភ​:) ហើយ​គិត​ត្រឹម​ថ្ងៃ​ទី​១៥ ខែមករា ដល់​ថ្ងៃ​ទី​២៤ ខែមេសា ឆ្នាំ​២០២០) ផ្លែ ស្វាយ​ស្រស់​មានគុណ​ភាពល្អ​ចំនួន ៧៧​តោន ត្រូវ​បាន​ដាក់​លក់​នៅ​លើ​ទីផ្សារ​កូរ៉េ​។

Picture

យោង​តាម​ការ​ថ្លែង​របស់​លោក វេ​ង សា​ខុន រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ បានឱ្យ​ដឹង​ថា ៖ «​នៅ​ដើមឆ្នាំ​២០២១ ក្រុមហ៊ុន Hyundai Agro (Cambodia) មាន​ផែនការ​នាំ​ចេញ​ផ្លែស្វាយ​កែវ​រមៀត​ស្រស់​ឲ្យ​បាន​ចំនួន ១ ០០០ តោន​ទៅ​កាន់​ទីផ្សារ​កូរ៉េ​។ យោង​លើ​ខ្លឹមសារ​ដែល​មាន​ចែង​ក្នុង​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​រវាង​អគ្គនាយកដ្ឋាន​កសិកម្ម និង​ទីភ្នាក់ងារ​អនាម័យ និង​ភូតគាម​អនាម័យ​កូរ៉េ​ស្តី​ពី “​លក្ខខណ្ឌ​តម្រូវ​អនាម័យ និង​ភូតគាម​អនាម័យ​សម្រាប់​ការ​នាំ​ចេញ​ផ្លែស្វាយ​ស្រស់​” គឺ​តម្រូវ​ឲ្យ​មានការ​ចុះ​ត្រួតពិនិត្យ និង​វាយតម្លៃ​លើ​ការ​អនុវត្ត​បច្ចេកទេស​ក្នុង ចម្ការ​ស្វាយ​ជា​រៀង​រាល់​ឆ្នាំ​មុន​រដូវ​ប្រមូល​ផល​»​។

Picture

លោក​រដ្ឋមន្ត្រី​បាន​បន្ត​ថា ហេតុនេះ នាយកដ្ឋាន​ការពារ​ដំណាំ​អនាម័យ និង​ភូតគាម​អនាម័យ បាន​ចាត់​មន្ត្រី​ជំនាញ​ឲ្យ​ចុះ​ទៅ​វាយតម្លៃ​លក្ខខណ្ឌ​បច្ចេកទេស​ពាក់ព័ន្ធ​នឹង​ចម្ការ​ស្វាយ និង​ម៉ាស៊ីន​ប្រព្រឹត្តិកម្ម​សម្លាប់​សមាសភាព​ចង្រៃ​ដោយ​ប្រើ​ចំហាយ​ទឹក​ក្តៅ (Vapor Heat Treatment -VHT) នៅ​តាម​ក្រុមហ៊ុន​នីមួយ​ៗ​ដែល​បាន​ដាក់​ពាក្យ​ស្នើ​សុំ​។ ទទួល​បាន​លទ្ធផល​នៃ​ការ​ចុះ​វាយតម្លៃ អគ្គនាយកដ្ឋាន​កសិកម្ម​បាន​ផ្ញើ​របាយការណ៍​ជូន​ទៅ​ទីភ្នាក់ងារ​អនាម័យ និង​ភូតគាម​អនាម័យ​នៃ​ប្រទេស​កូរ៉េ​ដើម្បី​ពិនិត្យ និង​សម្រេច​។

Picture

លោក​រដ្ឋមន្ត្រី បាន​បន្ថែម​ដូចនេះ​ថា បន្ទាប់​ពី​ទទួល​បានការ​យល់ព្រម​ពី​ភាគី​កូរ៉េ កាលពី​ថ្ងៃ​ទី​១៣ ខែមករា ក្រុមហ៊ុន Hyundai Agro (Cambodia) បាន​ដាក់​ពាក្យ​ស្នើ​សុំ​ឲ្យ​នាយកដ្ឋាន​ការពារ​ដំណាំ អនាម័យ និង​ភូតគាម​អនាម័យ​ចាត់​មន្ត្រី​ជំនាញ​ចុះ​ទៅ​ធ្វើការ​ត្រួតពិនិត្យ និង​វាយតម្លៃ​លើ​លក្ខខណ្ឌ​បច្ចេកទេស​ក្នុង​ចម្ការ​ស្វាយ​ដើម្បី​ឲ្យ​ស្រប​តាម​លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ​របស់​ភាគី​កូរ៉េ​។ ជា​លទ្ធផល ឆ្លើយ​តប​តាម​លក្ខខណ្ឌ កាលពី​ថ្ងៃ​ទី​២០ ខែមករា ក្រុមហ៊ុន​បាន​នាំ​ស្វាយកែវ​រមៀត​ស្រស់​ចេញ​ទៅ​កាន់​ប្រទេស​កូរ៉េ​លើក​ទី​១ ចំនួន ០១​តោន ហើយ​សង្ឃឹមថា​បរិមាណ​នេះ​នឹង​មានការ​កើន​ឡើងជា​បន្តបន្ទាប់​នៅ​រដូវ​ប្រមូល​ផល​ស្វាយ​ខាង​មុខ​នេះ ៕

Picture