រាជធានីភ្នំពេញ ៖ ប្រទេសមីយ៉ាន់ម៉ា នឹងដំណើរការនូវកម្មវិធីចាក់វ៉ាក់សាំងប្រឆាំងវីរុសកូវីដ ១៩ តាមការគ្រោងទុក បើទោះបីជាថ្មីៗនេះមានបញ្ហាតានតឹងផ្នែកនយោយបាយដែលឈានដល់ការចាប់ឃុំខ្លួន លោកស្រីអ៊ុងសាន ស៊ូជី និងអ្នកនយោបាយដទៃទៀតនៃគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យរបស់លោកស្រីស៊ូជី នៅព្រឹកព្រលឹមថ្ងៃច័ន្ទ ទី ១ ខែមកុម្ភៈ ឆ្នាំ ២០២១ ក៏ដោយ ។
អ្នកនាំពាក្យក្រសួងសុខាភិបាលមីយ៉ាន់ម៉ា លោក U Than Naing Soe ត្រូវបានសារព័ត៌មានមីយ៉ាន់ម៉ា Myanmar Times ស្រង់សម្តីនៅព្រឹកថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ២០២១នេះថា «ដំណើរការនៃការចាក់វ៉ាក់សាំងកំពុងត្រូវបានអនុវត្តតាមផែនការគ្រោងទុក ។ យើងមិនបានទទួលនូវបទបញ្ជាពីស្ថាប័នណាមួយឲ្យមានការផ្អាកនូវកម្មវិធីចាក់វ៉ាក់សាំងកូវីដ ១៩ ឡើយ ។ យើងកំពុងតែអនុវត្តនូវកម្មវិធីនៃការចាក់វ៉ាក់សាំងតាមផែនការ» ។
ការិយាល័យអគ្គមេបញ្ជាការនៃក្រសួងការពារជាតិមីយ៉ាន់ម៉ា បានចេញសេចក្តីថ្លែងការណ៍មួយនៅថ្ងៃទី ១ ខែកុម្ភះ ដោយបញ្ជាក់ថាប្រទេសនេះនឹងបន្តដំណើរការគម្រោងការពារនិងកម្មវិធីការពារកូវីដ- ១៩ របស់ខ្លួនជាធម្មតា។
សេចក្តីថ្លែងការណ៍បានបន្ថែមទៀតថាផែនការដើម្បីជួយដល់អាជីវកម្មដែលរងផលប៉ះពាល់ដោយជំងឺកូវីដ ១៩ នឹងត្រូវបានអនុវត្តយ៉ាងឆាប់រហ័សដោយប្រើគ្រប់មធ្យោបាយដែលអាចធ្វើទៅបាន។
បុគ្គលិកសុខាភិបាលនិងអ្នកស្ម័គ្រចិត្តសរុបចំនួន ១០០.១០៨ នាក់ក៏ដូចជាសមាជិកសភាត្រូវបានទទួលថ្នាំវ៉ាក់សាំងកូវីដ ១៩ ចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ៣១ ខែមករា ដែលក្នុងនោះក៏សមាជិកសភាមកពីក្រុមយោធាចំនួន ៣១៤នាក់ផងដែរ ។
ក្រសួងសុខាភិបាលនិងកីឡាបាននិយាយនៅថ្ងៃទី ២៦ ខែមករាថាពួកគេនឹងចាប់ផ្តើមចាក់វ៉ាក់សាំងការពារសាធារណៈនៅថ្ងៃទី ៥ ខែកុម្ភៈ ៕
ចែករំលែកព័តមាននេះ