ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនិច្ចា​​ហួស​ថ្លែង​! ប្រពន្ធ​ស្រែកយំ​លើក​ដៃ​​សំពះ​អង្វរ ក៏​គូប​ដិ​បក្ខមិន​មេត្តា​ផ្តាច់​ជីវិត​​ប្តី

3 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តកណ្ដាល ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​ឲ្យ​ដឹង​ថា អំពើ​ហិង្សា​មួយ​បាន​ក្លាយទៅជា​សោក​នា​ដ​កម្ម​បង្ក​ដោយ​ជនល្មើស​៤​នាក់​ប្រើ​កាំបិត​ផ្គាក់​កាប់​ផ្តាច់ជីវិត​គូបដិបក្ខ ទោះជា​ប្រពន្ធ​ជន​រង​គ្រោះ​ស្រែកយំ​លើកដៃ​សំពះ​អង្វរ​យ៉ាងណា​ក្តី ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​៣១ ខែមករា ឆ្នាំ​២០២១ នៅ​ចំណុច​មុខ​ផ្ទះ​ជន​រង​គ្រោះ (​ទំនប់​៣៨)…

ខេត្តកណ្ដាល ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​ឲ្យ​ដឹង​ថា អំពើ​ហិង្សា​មួយ​បាន​ក្លាយទៅជា​សោក​នា​ដ​កម្ម​បង្ក​ដោយ​ជនល្មើស​៤​នាក់​ប្រើ​កាំបិត​ផ្គាក់​កាប់​ផ្តាច់ជីវិត​គូបដិបក្ខ ទោះជា​ប្រពន្ធ​ជន​រង​គ្រោះ​ស្រែកយំ​លើកដៃ​សំពះ​អង្វរ​យ៉ាងណា​ក្តី ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​៣១ ខែមករា ឆ្នាំ​២០២១ នៅ​ចំណុច​មុខ​ផ្ទះ​ជន​រង​គ្រោះ (​ទំនប់​៣៨) ស្ថិត​ក្នុងភូមិ​ព្រែក​តា​រ័​ត្ន ឃុំ​ពោធិ៍​បាន ស្រុក​កោះធំ ខេត្តកណ្តាល ។

សេចក្តីរាយការណ៍​បន្ត​ថា ជន​រង​គ្រោះ​ដល់​ជីវិត​ខាងលើ​ឈ្មោះ វ៉ា​ន់ វុន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​នេសាទ​ត្រី មាន​ទីលំនៅ​ក្នុងភូមិ​ព្រែក​តា​រ័​ត្ន ឃុំ​ពោធិ៍​បាន ស្រុក​កោះធំ ខេត្តកណ្តាល ។

សេចក្តីរាយការណ៍​ឲ្យ​ដឹង​បន្ត​ថា យោង​តាម​ការ​បំភ្លឺ​របស់​ឈ្មោះ អ៊ី​ម សុខ​ងី​ម ភេទ​ស្រី ត្រូវជា​ប្រពន្ធ​របស់​ជន​រង​គ្រោះ​បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ថា នៅ​មុន​ពេល​កើតហេតុ វេលា​ម៉ោង​ប្រមាណ​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃខែ​ខាងលើ​នេះ ប្ដី​របស់​គាត់​ដែល​ជា​ជន​រង​គ្រោះ​បាន​ត្រឡប់​មក​ពី​លេង​ផ្ទះ​បងប្អូន​នៅ​ឯ​ឃុំ​ក្អម​សំណរ ស្រុក​លើក​ដែក ខេតកណ្តាល​វិញ ដោយ​ស្ថិត​ក្នុង​ស្ថានភាព​ស្រវឹងស្រា​រួច​ទៅ​ហើយ ហើយ​ក៏​បាន​ចូល​ដេក​នៅ​លើ​អង្រឹង​ក្នុង​រោង​បាយ​ខាងក្រោយ​ផ្ទះ ។

ប្រពន្ធ​ជន​រង​គ្រោះ​បន្ត​ថា លុះដល់​វេលា​ម៉ោង​៦​និង​៥០​នាទី​ល្ងាច ស្រាប់តែ​ឈ្មោះ ស៊ា​ង ឌៀប ភេទ​ប្រុស ជនជាតិ​វៀតណាម ដែល​មានផ្ទះ​នៅ​ខាងកើត​ផ្ទះ​របស់​គាត់ បាន​ជិះ​ម៉ូតូ​មក​ហៅ​ជន​រង​គ្រោះ (​ប្តី​គាត់​) ឲ្យ​ទៅ​ផឹកស្រា​ជាមួយ​ពួក​គេ តែ​ប្តី​គាត់​មិន​ព្រមទៅ ដោយសារ​តែ​ឈ្មោះ ស៊ា​ង ឌៀប និង​បក្ខពួក​មួយ​ក្រុម​នោះ​ធ្លាប់​មាន​ទំនាស់​ទាស់​ពាក្យ​សំដី​និយាយ​ជេរ​ឌឺដង​ដាក់​គ្នា​កន្លង​មក ។

ប្រពន្ធ​ជន​រង​គ្រោះ​បន្ត​ទៀត​ថា នៅ​ពេល​ប្តី​របស់​គាត់​ប្រកែក​មិន​ព្រមទៅ ក៏​ស្រាប់តែ​កើត​មាន​ទំនាស់​ពាក្យ​សំដី​តូច​ធំ​ដាក់​គ្នា​ម្តងទៀត​កាន់តែ​ខ្លាំង​ឡើង​ៗ រហូត​បាន​ធ្វើ​ឲ្យ​ពួក​គាត់​ទាំង​២​នាក់​ដេញ​វាយ​គ្នា​ទៅ​វិញ​ទៅ​មក និង​ដេញ​វ៉ៃ​គ្នា​ទៅ​ដល់​ជិត​មុខ​រោង​អ្នកតា​ភូមិ ដែល​នៅ​ខាងលិច​ផ្ទះ​។ ដោយ​ឃើញ​ដូច្នោះ ខាង​ភាគី​ជន​បង្ក​មាន​៣​នាក់​បងប្អូន ដោយ​១- ឈ្មោះ លន សុខ​វឿ​ន (​កាន់​កាំបិត​ផ្គាក់​) ២-​ឈ្មោះ លន សុខ​វី (​កាន់​កាំបិត​ផ្គាក់​) និង​៣-​ឈ្មោះ លន សុខ​វន (​កាន់ដំបង​ឈើ​) បាន​រត់​មក​ព្រួត​គ្នា​វាយ និង​កាប់​ទៅ​លើ​ជន​រង​គ្រោះ ធ្វើ​ឲ្យ​ជន​រង​គ្រោះ​រត់គេច​ខ្លួន​ទៅ​ពូន​ក្បែរ​ពាងទឹក​ខាង​មុខ​ផ្ទះ ។

ប្រភព​ដដែល​បន្ត​ថា ប៉ុន្តែ​គ្រានោះ​ជនសង្ស័យ​ជា​គូទំនាស់​អត់​ក្តី​មេត្តា ដោយ​ទាំង​៤​នាក់​បាន​តាម​ទាន់​នឹង​ប្ដូរ​គ្នា​កាប់​ម្ដងម្នាក់​ៗ​ទៅ​លើ​ជន​រង​គ្រោះ បណ្តាល​ឲ្យ​ដេក​ដួល​ទៅ​នឹង​ដី​រហូត​បាត់​បង់​ជីវិត​នៅ​ក្នុង​ថ្លុកឈាម​មួយ​រំពេច ខណៈនោះ​ទោះជា​រូប​គាត់​ជា​ប្រពន្ធ​ស្រែកយំ​ផង លើកដៃ​សំពះ​អង្វរ​.​ក​ពួក​គេ​យ៉ាងណា​ក៏​ដោយ ក៏​ពួក​គេ​មិន​លើកលែង​ដែរ ។

ភរិយា​ជន​រង​គ្រោះ​បន្ត​ថា ក្រោយ​កើត​មាន​អំពើ​កាប់​ប្រហារ​នោះ​មក ជនសង្ស័យ​ទាំង​៤​នាក់ បង​ប្អូន​ខាងលើ ក៏​បាន​នាំ​គ្នា​គេចខ្លួន​បាត់​អស់ ដោយ​កាន់​កាំបិត​នៅ​ដៃ​ទៅ​ជាមួយ​ផង ។ បន្ទាប់​ពី​ជន​ដៃដល់​បាន​នាំ​គ្នា​គេចខ្លួន​បាត់​អស់​ទៅ និង​នៅ​ពេល​ឃើញ​ប្ដី​គាត់​ដេក​បាត់បង់​ជីវិត​នៅ​ក្នុង​ថ្លុក​ឈាម ដោយ​ស្នាម​របួស​ជា​ច្រើន​កាំបិត រូប​គាត់​ក៏​បាន​ជិះ​ម៉ូតូ​ទៅ​ប្រាប់​បងប្អូន​ឲ្យ​មក​ជួយ​មើល និង​ទៅ​រាយការណ៍​ជូន​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន ដើម្បី​ដឹង​ពី​ហេតុការណ៍​នេះ​តែ​ម្តង​។

ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ខាងលើ​នេះ​ភ្លាម កម្លាំង​សមត្ថកិច្ច​នគរបាល​ជំនាញ ខេត្ត ស្រុក និង​មូលដ្ឋាន បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ និង​បាន​ពិនិត្យ​កន្លែង​កើតហេតុ ព្រមទាំង​សាកសព​ជន​រង​គ្រោះ ។ បន្ទាប់​មក​បាន​ធ្វើការ​ស​ន្និ​ដាន​ថា ករណី​កាប់​ផ្តាច់ជីវិត​យ៉ាង​ឃោរឃៅ​រហូត​ដល់​មរណភាព​ជន​រង​គ្រោះ​នេះ គឺ​ចាត់ទុកជា​អំពើ ឃា​.​ត​.​ក​.​ម្ម ។

ដូច្នោះ​សមត្ថកិច្ច​មាន​ភារកិច្ច​ដុតដៃដុតជើង ស្រាវជ្រាវ និង​ស្វែងរក​ចាប់ខ្លួន​ជន​បង្ក​ដែល​សុទ្ធតែ​បាន​ស្គាល់​អត្តសញ្ញាណ​ទាំង​អស់នោះ យក​មក​ផ្តន្ទាទោស​តាម​ច្បាប់​។ ចំណែក​សព​ជន​រង​គ្រោះ ត្រូវ​បាន​ភរិយា និង​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ