ប្រទេសរុស្ស៊ី ៖ យោងតាមរ៉យទ័រថា ប៉ូលិសរុស្ស៊ីកាលពីថ្ងៃទី៣១ មករា បានចាប់ខ្លួនមនុស្សជាង៤.៥០០នាក់ និងបំបែកបាតុកម្មនៅក្រុងមូស្គូ និងនៅកន្លែងផ្សេងៗទៀតរបស់ប្រទេស ដែលមានបាតុកម្មតវ៉ា ប្រឆាំងការចាប់ខ្លួនមេដឹកនាំប្រឆាំងរុស្ស៊ីសំខាន់ លោកអាឡិចសីណាវ៉ាល់នី។

បាតុកម្មទាំងនោះត្រូវបានរៀបចំធ្វើ សម្រាប់ចុងសប្ដាហ៍ទី២ ក៏ទោះបីមានធាតុអាកាសត្រជាក់ខ្លាំងបំផុត និងវត្តមានដ៏ច្រើននៃកងកម្លាំងប៉ូលិសក្ដី ។ បែបនោះជាការគាបសង្កត់ថែមទៀត លើប្រធានាធិបតីរុស្ស៊ីលោកវ្ល៉ាឌីមៀរ ពូទីន ដើម្បីឲ្យលោកដោះលែងលោកអាឡិចសីណាវ៉ាល់នី។

ជាការបង្ហាញកម្លាំង ប៉ូលិសរុស្ស៊ីបានពង្រឹងវិធានការនៅក្នុងរដ្ឋធានី ដោយបិទវិថីនានាមិនឲ្យមានអ្នកដើរនៅជិតវិមានក្រឹមឡាំង និងបិទបណ្ដាស្ថានីយមេត្រូ និងដោយដាក់់ពង្រាយកងកម្លាំងប៉ូលិសច្រើនរយនាក់។ បាតុករមួយផ្នែកបានលើកគ្នាហែក្បួនសំដៅទៅពន្ធនាគារនាភាគខាងជើងក្រុងមូស្គូ ជាកន្លែងឃុំខ្លួនលោកណាវ៉ាល់នី ដោយស្រែកពាក្យថា ដោះលែងលោកណាវ៉ាល់នី។ ពួកបាតុករក៏បានលើកដៃដាក់លើក្បាល នៅមុខកងកម្លាំងប៉ូលិសដោយស្រែកថាពួកយើងមិនមែនជាសត្រូវរបស់ពួកអ្នកឡើយ។

លោកអាឡិចសីណាវ៉ាល់នី ត្រូវចាប់ខ្លួនកាលពីថ្ងៃទី១៧មករា ក្រោយវិលត្រឡប់ពីប្រទេសអាល្លឺម៉ង់ ជាកន្លែងដែលលោកព្យាបាលការបំពុលនៅរុស្ស៊ីកាលពីរដូវក្ដៅកន្លងទៅ។ មេដឹកនាំប្រឆាំងវ័យ៤៤ឆ្នាំរូបនោះ បានចោទប្រកាន់ប្រធានាធិបតីរុស្ស៊ីថា ជាអ្នកបញ្ជាឲ្យបំពុលលោកដែលវិមានក្រឹមឡាំងបានបដិសេធ។

រុស្ស៊ីនិយាយថា លោកណាវ៉ាល់នីមិនគោរពបណ្ដាលក្ខខណ្ឌនៃការផ្ដល់សេរីភាពដល់រូបលោក។ តុលាការនាសប្ដាហ៍នេះនឹងកាត់ទោសលោកដែលលោកអាចមានទោសជាប់គុកដល់៣ឆ្នាំកន្លះ៕ ដកស្រង់ចេញពីវេបសាយ ៖ yahoo
ចែករំលែកព័តមាននេះ