រាជធានីភ្នំពេញ ៖ ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសឲ្យដឹងនៅព្រឹកថ្ងៃទី ១ ខែកុម្ភៈនេះថា រឿងដំណក់ប្រេងដំបូងរបស់កម្ពុជាដែលចាប់ផ្តើមបូមនូវដំណក់ប្រេងដំបូងនាថ្ងៃទី ២៩ ធ្នូ ២០២០ កន្លងទៅគឺពេលនេះអណ្តូងទី ១ ដំណើរបាន៣៣ ថ្ងៃហើយ ខណៈអណ្តូងទី ២ ចាប់ផ្តើមកាលពីថ្ងៃទី ៣០ មករា ឆ្នាំ២០២១ និងអណ្តូងទី ៣ និងទី ៤ នឹងដំណើរការបូមជាបន្តបន្ទាប់ក្នុងឆ្នាំ ដែលនាំឲ្យមានការប៉ាន់ស្មានថា កម្ពុជានឹងទទួលបានប្រេងជាធម្យមពី ៧០០០ ទៅ ៧៥០០បារ៉ែលក្នុងមួយថ្ងៃ និងអាចរកចំណូលបានប្រមាណ ៣០លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងជាសាធារណៈនៅថ្ងៃច័ន្ទនេះនៅឯបើកការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង និងសម្ពោធរោងចក្រប្រព្រឹត្តកម្មទឹកស្អាតចំការមន ដែលប្រព្រឹត្តទៅនៅខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ថា ខណៈពលរដ្ឋកំពុងចង់ដឹងអំពីរឿងដំណក់ប្រេងដំបូងរបស់កម្ពុជាដែលចាប់ផ្តើមបូមនូវដំណក់ប្រេងដំបូងនាថ្ងៃទី ២៩ ធ្នូ ២០២០ កន្លងទៅថា ចំនួនប្រេងដែលបូមបាននឹងមិនមានឥទ្ធិពលលើសេដ្ឋកិច្ចកម្ពុជាទេ ។

សម្តេចបន្តថា ប្រជាជនយើងពិតជាចង់ដឹងរឿងដំណក់ប្រេងរបស់កម្ពុជាថា ដល់ណាហើយចាប់តាំងពីថ្ងៃប្រកាសដំណក់ប្រេងដំបូងថ្ងៃទី២៩ ធ្នូ ២០២០ កន្លងទៅ គាប់ជួនខួបឆ្នាំ២២នៃនយោបាយឈ្នះៗ គឺអណ្តូងទី ១ ដំណើរការបានជាង ៣៣ ថ្ងៃ ឈ្មោះអណ្តូងទី ១ គឺ AO1D
ផលិតបាន ១២៣៦ បារ៉ែលក្នុងមួយថ្ងៃ រយៈពេល ៣៣ ថ្ងៃផលិតបាន ៤ម៉ឺន ៧៤៨បារ៉ែល។

អណ្តូងប្រេងទី២ ចាប់ដំណើរការកាលពីថ្ងៃទី ៣០ មករា ឆ្នាំ២០២១ ឈ្មោះថា AO4D គឺកំពុងតែញែក រវាង ភក់និងប្រេង ព្រោះបូមមកដំបូងបានតែភក់ទេ ទើបចាប់ញែករវាងភក់ និងប្រេងសិន ។ ឥឡូនេះសរុបទៅ យើងទើបនឹងមានប្រេង បានតែ ៤១០៥៦ បារ៉ែល ខណៈនៅអណ្តូងទី ៣ ទី៤ និងទី ៥ នឹងបន្តដំណើកលរបូមបន្តបន្ទាប់ក្នុងឆ្នាំ២០២១ ។
សម្តេចតេជោ នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា «តាមការប៉ាន់ប្រមាណ យើងនឹងទទួលបាន ពី ៧ពាន់ទៅ ៧៥០០ បារ៉ែល តែប៉ុណ្ណោះ គឺជាទំហំតូចណាស់ វាមិនទាន់ជះឥទ្ធិពលផ្នែកសេដ្ឋកិច្ចទេ តែជាការចាប់ផ្តើមដំណើរការល្អនៃឧស្សាហកម្មប្រេង និងឧស្ម័ននៅកម្ពុជា» ។

សម្តេចបានបញ្ជាក់ថា បើសិនជាតម្លៃប្រេងក្នុងមួយបារ៉ែលក្នុងរង្វង់ ៥៥ដុល្លារ ដូច្នេះចំណូលមិនបាន ៣០លានដុល្លារក្នុងមួយឆ្នាំនោះ មិនស្មើនឹងចំណូលសារពើពន្ធទិដ្ឋាការទេសចរបរទេសផង។

សម្តេចតេជោ បន្តថា ខ្លះយល់ថាមានប្រេងតម្លៃប្រេងនឹងចុះថោក តែមិនដូច្នេះទេ ប្រទេសផលិតប្រេង ក៏មានពលរដ្ឋតវ៉ារឿងប្រេងឡើងថ្លៃដែរ ដូចជានៅ ឥណ្ឌូនេស៊ី និងអ៊ឺរ៉ង់ ក៏ជាប្រទេសផលិតប្រេង តែក៏មានប្រជាជនធ្វើបាតុកម្មប្រឆាំងនឹងការឡើងថ្លៃប្រេង ដោយសារតែអ្នកវិនិយោគគេវិនិយោគច្រើនណាស់ក្នុងការផលិតប្រេង ព្រោះយើងយកបានតែប្រេងឆៅ មិនទាន់មានរោងចក្រចម្រាញ់ប្រេងក្នុងប្រទេសទេ ៕

ចែករំលែកព័តមាននេះ