ខេត្តបាត់ដំបង៖ ក្រុមក្មេងទំនើងវង្វេងផ្ទះពេលយប់ចំនួន៣ក្រុមមានប្រុស មានស្រីសរុបចំនួន១៤នាក់ ដែលប្រដាប់ដោយកាំបិត ដាវ និង ពូថៅ ផង ត្រូវសមត្ថកិច្ចដែលចេញល្បាតពេលយប់ ប្រមូលពីតាមសួនច្បារនានា នៅក្នុងក្រុងបាត់ដំបង កាលពីវេលារំលងអាធ្រាត្រឈានចូលថ្ងៃទី៣០ មករា ឆ្នាំ២០២១ ដើម្បីនាំយកទៅសួរនាំ និងធ្វើការអប់រំ ក្រោយពីធ្វើកិច្ចសន្យា និងអញ្ជើញអាណាព្យាបាលពួកគេឲ្យមានធានាមុនពេលឲ្យត្រឡប់ទៅផ្ទះវិញ។
អធិការក្រុងបាត់ដំបង លោក ឆាង វ៉ណ្ណឆៃ បាននិយាយថា ក្រុមក្មេងទំនើងទាំងនោះ មានប្រុស មានស្រីចំនួន០៣ក្រុមផ្សេងៗគ្នា ដែលកម្លាំងរបស់លោកចេញល្បាតពេលយប់ ឃាត់ពួកគេកំពុងប្រមូលផ្ដុំគ្នា នៅតាមសួនច្បារនានា នៅក្នុងក្រុងបាត់ដំបង។ លោកអធិការបានបញ្ជាក់ថា ក្រុមក្មេងទំនើងទាំងនោះ មានខ្លះកាន់ដាវ កាន់កាំបិត និង ពូថៅ នៅក្នងដៃផង ដែលពួកគេត្រៀមប្រយុទ្ធ ជាមួយគួរសត្រូវរបស់ពួកគេ។
កិច្ចប្រតិបត្តិការខាងលើនេះ បានធ្វើឡើងចាប់តាំងពីវេលាម៉ោង១រហូតដល់ម៉ោង៣រំលងអាធ្រាត្រ ទើបប្រមូលពួកគេអស់ពីតាមសួនច្បារ។ ជាមួយនឹងការឃាត់ខ្លួនយកទៅសួរនាំ ក្រុមជនទំនើងវង្វែងផ្ទះពេលយប់ទាំងនេះ បាននិយាយប្រាប់សមត្ថកិច្ចថា មូលហេតុដែលពួកខ្លួនមានកាន់កាំបិត ដាវ ឬពូថៅ តាមខ្លួនពេលយប់ ក៏ព្រោះតែខ្លាចមានគេមករករឿងពួកគេ។ ដូច្នេះពួកខ្លួនគ្រាន់តែកាន់កាំបិត ពូថៅ ឬ ដាវ ដើម្បីការពារខ្លួនតែប៉ុណ្ណោះ។
បើតាមរបាយការណ៍សមត្ថកិច្ចបានឱ្យដឹងថា ក្រុមក្មេងទំនើងវង្វេងផ្ទះពេលយប់ទាំង១៤នាក់នោះរួមមាន ១-ឈ្មោះ យិន លីដា ភេទស្រី អាយុ១៦ឆ្នាំ ២-ឈ្មោះម៉ា វិត្រា ភេទប្រុស អាយុ១៨ឆ្នាំ ៣-ឈ្មោះរិទ្ធី ណារុង ភេទប្រុស អាយុ១៦ឆ្នាំ ៤-ឈ្មោះ វន វាន់ស្សា ភេទប្រុស អាយុ២២ឆ្នាំ ៥-ឈ្មោះអ៊ឹង ឌីម៉ង់ អាយុ១៧ឆ្នាំ ៦-ឈ្មោះ នេត រ៉ូហ្សាត ភេទប្រុស អាយុ១៧ឆ្នាំ ៧-ឈ្មោះតក់ សុខណា ភេទប្រុស អាយុ១៧ឆ្នាំ ៨-ឈ្មោះណាក់ ចំណាន ភេទប្រុស អាយុ១៨ឆ្នាំ ៩-ឈ្មោះតុល រីហ្វី ភេទប្រុស អាយុ២២ឆ្នាំ ១០-ឈ្មោះថោង ចរិយា ភេទប្រុស ១១-ឈ្មោះកែវ សុជាតិ ភេទប្រុស អាយុ១៧ឆ្នាំ ១២-ឈ្មោះ ផល្លា សម្បត្តិ ភេទប្រុស អាយុ៣៥ឆ្នាំ ១៣-ឈ្មោះ ឈឹម មួយលីន ភេទប្រុស អាយុ១៧ឆ្នាំ និង១៤-ឈ្មោះ កែវ សុខថា ភេទប្រុស អាយុ១៦ឆ្នាំ។
លោកឆាង វណ្ណឆៃ បានបញ្ជាក់ថា បើតាមគោលការណ៍របស់លោកស្នងការខេត្ត គឺគ្រាន់តែឲ្យមន្ត្រីជំនាញធ្វើការសាកសួរពួកគេ ដកហូតវត្ថុតាងទុក ហើយធ្វើការអប់រំពួកគេ រួចឲ្យពួកគេធ្វើកិច្ចសន្យាបញ្ឍប់រាល់សកម្មភាពអាវ៉ាសែពេលយប់។ ប៉ុន្តែមុនពេលអនុញាតឲ្យពួកគេត្រឡប់ទៅផ្ទះវិញ លោកស្នងការខេត្ត បានឲ្យអញ្ជើញអាណាព្យាណាព្យាបាលពួកគេមកមើលកូនៗរបស់ខ្លួន ដើម្បីបានដឹងអំពីសកម្មភាពរបស់កូនៗដែលដើរវង្វែងផ្ទះពេលយប់ មុនពេលឲ្យពួកគាត់ធានាកូនៗរបស់ពួកគាត់ត្រឡប់ទៅផ្ទះវិញ៕
ចែករំលែកព័តមាននេះ