ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្អែក​នេះ​! រថយន្ត​ប៉ុន្មាន​ប្រភេទ​នេះ​មិន​ឱ្យ​​បើក​ឆ្លងកាត់​មហាវិថី​ឈ្នះ​ឈ្នះ​១​ព្រឹក

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​គ្មាន​អ្វី​ប្រែប្រួល​ទេ​នោះ នៅ​ព្រឹកស្អែក​ចំ​ថ្ងៃ​ច័ន្ទ ទី ០១ ខែកុម្ភៈ ឆ្នាំ​២០២១ ​រថយន្ត​ដឹក​ទំនិញ រថយន្ត​ធុន​ធំ…

រាជធានី​ភ្នំពេញ ៖ បើ​គ្មាន​អ្វី​ប្រែប្រួល​ទេ​នោះ នៅ​ព្រឹកស្អែក​ចំ​ថ្ងៃ​ច័ន្ទ ទី ០១ ខែកុម្ភៈ ឆ្នាំ​២០២១ ​រថយន្ត​ដឹក​ទំនិញ រថយន្ត​ធុន​ធំ និង​រថយន្ត​ដឹក​ដី​គ្រប់​ប្រភេទ នឹង​មិន​ត្រូវ​បាន​អនុញ្ញាតឲ្យ​បើក​ឆ្លងកាត់​លើ​កំណាត់​មហាវិថី​ឈ្នះ​ឈ្នះ ចាប់ពី​ផ្លូវជាតិ​លេខ​៦ រ​ហូ​ត​ដល់​ស្ពាន​ព្រែក​ព្នៅ រយៈពេល​មួយ​ព្រឹក​ពេញ ។ នេះ​បើ​យោង​តាម​សេចក្តីជូនដំណឹង​របស់​សាលា​រាជធានី​ភ្នំពេញ ។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា ការ​បញ្ចៀស​ចរាចរ​រថយន្ត​ដឹក​ទំនិញ រថយន្ត​ធុន​ធំ និង​រថយន្ត​ដឹក​ដី​ជា​បណ្តោះអាសន្ន​នេះ គឺ​ធ្វើ​ឡើង​តែ​មួយ​ព្រឹក​ថ្ងៃ​ទី ១ ខែកុម្ភៈ ក្នុងអំឡុងពេល​បើក​ការដ្ឋាន​សាងសង់​រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹក​ស្អាត​បាក់​ខែង និង​ពិធី​សម្ភោ​ធ​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹក​ស្អាត​ចំការមន ។

សូម​បញ្ជាក់​ថា ​តាម​កម្មវិធី​ដែល​បាន​គ្រោងទុក នៅ​ព្រឹក​ថ្ងៃ​ទី​១ ខែកុម្ភៈ ឆ្នាំ​២០២១ សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​នឹង​អញ្ជើញ​ជា​អធិបតីភាព​ដី​ខ្ពង់ខ្ពស់ ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹក​ស្អាត បាក់​ខែង និង​ប្រកាស​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹក​ស្អាត ចំការមន ស្ថិត​នៅ​ភូមិ​បាក់​ខែង​លើ សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។ ដែល​គម្រោង​សាងសង់​រោងចក្រ​ផលិត​ទឹក​ស្អាត​ថ្មី​មួយទៀត ស្ថិត​នៅ​សង្កាត់​បាក់​ខែង ចំណាយ​ទឹកប្រាក់​ប្រមាណ​ជាង ២២០​លាន​ដុល្លារ​អា​មេ​រិ​ក​។

សូម​បញ្ជាក់​ផង​ដែរ​ថា សេចក្តី​ប្រកាស​របស់​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ បង្ហាញ​ថា គម្រោង​សាងសង់​រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹក​ស្អាត បាក់​ខែង មាន​សមត្ថភាព​ផលិត ១៩៥.០០០ ម៉ែត្រគូប ក្នុង​មួយ​ថ្ងៃ ស្ថិត​ក្នុង​សង្កាត់​បាក់​ខែង ចាប់ផ្តើម​សាងសង់ នៅ​ខែមេសា ឆ្នាំ​២០១៩​។ រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹក​ស្អាត បាក់​ខែង ត្រូវ​បាន​សាងសង់​ឡើង បន្ទាប់​ពី​ការ​សាងសង់​រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹក​ស្អាត និរោធ ជំហាន​ទី​២ បាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​កាលពីដើម​ខែមេសា ឆ្នាំ​២០១៧​។

រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹក​ស្អាត បាក់​ខែង នឹង​ក្លាយជា​ទីតាំង​ផលិត​ទឹក​ស្អាត​ធំ​ជាងគេ នៅ​ក្នុង​រាជធានី​ភ្នំពេញ ហើយ​នៅ​ពេល​ការ​សាងសង់ ត្រូវ​បាន​បញ្ចប់ យើង​នឹង​អាច​ផ្គត់ផ្គង់​ទឹក​ស្អាត​បាន​ប្រមាណ​ជា ១ លាន​ម៉ែត្រគូប ក្នុង​មួយ​ថ្ងៃ ។

សម្តេច​តេ​ជោ ហ៊ុន សែន នៅ​រសៀល​ថ្ងៃ​សៅរ៍ ទី ៣០ ខែមករា​នេះ ​បាន​ឲ្យ​ដឹងផង​ដែរ​អំពី​ដំណើរ​នៃ​ការ​អភិវឌ្ឍ​ទឹក​ស្អាត​នៅ​កម្ពុជា ។ សម្តេច​បាន​បញ្ជាក់​ថា ទឹក​គឺជា​តម្រូវការ​ដ៏​ចាំបាច់​មួយ​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​មនុស្ស សត្វ រុក្ខជាតិ​នានា ព្រមទាំង​សម្រាប់​កិច្ចការ​អភិវឌ្ឍ សេដ្ឋកិច្ចជាតិ​ផង​ដែរ ។ ហេតុនេះ​ហើយ ការងារ​ផ្គត់ផ្គង់​ទឹក​ស្អាត គឺជា​កិច្ចការ​ចម្បង​មួយ សំដៅ​បំពេញតម្រូវការ​ក្នុង​សង្គម អោយ​ស្រប​ទៅ​នឹង​ការ​រីក​ចម្រើន នៃ​សេដ្ឋកិច្ចជាតិ និង​ស្ថិត​នៅ​ក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។

សម្តេច​តេ​ជោ បាន​បន្ត​ថា ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​ដ៏​ចាំបាច់ ក្នុង​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ របស់​ប្រជាពលរដ្ឋ​ទាំង​ទីក្រុង និង​ជនបទ​នោះ រាជរដ្ឋាភិបាល​កម្ពុជា បាន​មាន​ផែនការ​ច្បាស់លាស់​មួយ​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​ទឹក​នេះ និង​ដើម្បី​សម្រេច​បាន​នូវ «​គោលនយោបាយ​ទឹក​ស្អាត​របស់​សម្តេច​តេ​ជោ​» ដែល​កំណត់​ថា នៅ​ឆ្នាំ​២០២៥ ប្រជាពលរដ្ឋ​រស់នៅ​តាម​ទីក្រុង ទីប្រជុំជន នៅ​ទូ​ទាំង​ប្រទេស​នឹង​ទទួល​បាន​នូវ​ការ​ផ្គត់ផ្គង់​ទឹក​ស្អាត​១០០% ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ