ខេត្តប៉ៃលិន ៖ រថយន្តដឹកទំនិញមួយគ្រឿងបានឆាបឆេះនៅលើដងផ្លូវស្ទើរគ្មានសល់ ខណៈម្ចាស់បើកបរសុខៗស្រាប់តែធ្លាយធុងហ្គាសម៉ាស៊ីនត្រជាក់ បង្កជាអណ្តាតភ្លើងឆេះសន្ធោរសន្ធៅធ្វើឱ្យម្ចាស់បើកទ្វាររថយន្តចេញស្ទើរតែមិនទាន់ ។
![](https://kohsantepheapdaily.com.kh/wp-content/images/2021/01/87c1c668a9b461ae01011c6cd3baa53d-1024x768.jpg)
លុះទម្រាំតែរថយន្តពន្លត់អគ្គីភ័យមកជួយពន្លត់ទាន់ពេលវេលា បណ្តាលឱ្យឆេះអស់ស្ទើទាំងស្រុងតែម្តង ដែលហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១និង៤០នាទីរសៀល ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ ស្ថិតនៅលើបណ្តោយផ្លូវជាតិលេខ៥៧ ក្នុងភូមិដីក្រហម សង្កាត់អូតាវ៉ៅ ក្រុងប៉ៃលិ ខេត្តប៉ៃលិន ។
![](https://kohsantepheapdaily.com.kh/wp-content/images/2021/01/105bd8712d54325a7094ac0791086f63-1024x574.jpg)
ប្រភពព័ត៍មានបានឱ្យដឹងថា ៖ មុនពេលកើតហេតុ គេឃើញអ្នកបើកបររថយន្តដឹកទំនិញម្នាក់ ភេទប្រុស មិនស្គាល់អត្តសញ្ញាណជាន់ហ្វ្រាំងយ៉ាងប្រញាប់ឈប់នៅលើដងផ្លូវ ហើយស្រែកឱ្យអ្នកភូមិជួយ ខណៈរថយន្តរបស់ខ្លួនមានការធ្លាយហ្គាសម៉ាស៊ីនត្រជាក់ បង្កហេតុជាអណ្តាតភ្លើងឆាបឆេះ ។
![](https://kohsantepheapdaily.com.kh/wp-content/images/2021/01/9df8a2d14cf095c6110e8c0bd87f79c4-1024x556.jpg)
ប្រភពបន្តទៀតថា ក្រោយមកក៏បានទាក់ទងទៅខាងកម្លាំងការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ដើម្បីដឹកនាំកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ៃលិន ចេញប្រតិបត្តិការពន្លត់ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន០៤គ្រឿង ។
![](https://kohsantepheapdaily.com.kh/wp-content/images/2021/01/71c07967581c7c156c1bc31240a31cf9-1024x768.jpg)
ទោះបីជាយ៉ាងណាករណីខាងលើបានបណ្តាលឲ្យខូចខាតរថយន្ត០១គ្រឿង (ម៉ាក COMC SHEN ZHEN ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3F-1059) ។ តែមិនបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់អ្នកបើកបររថយន្ត និងប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវឡើយ ។ ពេលនេះទំនិញមួយចំនួននៅក្នុងរថយន្ត និងរថយន្តខាងលើឆេះខ្ទេច ៕
![](https://kohsantepheapdaily.com.kh/wp-content/images/2021/01/e9afee2ead2b68c276eafaaf06a2d2c7-1024x577.jpg)
ចែករំលែកព័តមាននេះ