ខេត្តបន្ទាយមានជ័យ ៖ ក្នុងដំណើរចុះត្រួតពិនិត្យការងារ និងសួរសុខទុក្ខកងកម្លាំងឈរជើងតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកបានអញ្ជើញចុះត្រួតពិនិត្យការដ្ឋានស្ថាបនាផ្លូវរបស់កងវិស្វកម្មកងទ័ពជើងគោក ដែលបានកំពុងស្ថាបនាផ្លូវ ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ ដែលផ្លូវនេះបានខូចខាតបំផ្លាញដោយគ្រោះទឹកជំនន់ កាលពីចុងឆ្នាំ២០២០ កន្លងមកហើយស្ថាបនាឡើងវិញ ដើម្បីអោយប្រជាពលរដ្ឋបានធ្វើដំណើរដោយងាយស្រួល ។

ក្នុងឱកាសចុះត្រួតពិនិត្យការដ្ឋានស្ថាបនាផ្លូវទាំងពីរទីតាំងខាងលើ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានកោតសរសើរ និងវាយតំលៃខ្ពស់ចំពោះថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហានក្នុងបញ្ជាការបញ្ជាការដ្ឋានវិស្វកម្មកងទ័ពជើងគោក ដែលបានខិតខំស្ថាបនាផ្លូវ ដែលរងការខូចខាតដោយទឹកជំនន់ឡើងវិញ ជូនប្រជាពលរដ្ឋធ្វើដំណើរឱ្យបានងាយស្រួល ។

លោកហ៊ុន ម៉ាណែត បានបញ្ជាក់ថា ក្នុងពេលដែលប្រទេសជាតិមានសុខសន្តិភាពពេញលេញ កងយោធពលខេមរភូមិន្ទ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋ និងការចូលរួមអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចំរើន ។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានជំរុញដល់កំលាំងវិស្វកម្មកងទ័ពជើងគោក ឱ្យបន្តខិតខំស្ថាបនាផ្លូវឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ដោយធានាបានទាំងបរិមាណ គុណភាព និង សោភ័ណភាពផងដែរ ។

តាមរបាយការណ៍របស់ ឧត្តមសេនយ៍ឯក អ៊ុច វ៉ាន់ថា មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការ បញ្ជាការដ្ឋានវិស្វកម្មបានបញ្ជាក់ឱ្យដឹងថា ការស្ថាបវានាផ្លូវក្រាលគ្រោះក្រហមប្រវែង ៩៣០០ ម៉ែត្រ ស្ថិតនៅឃុំគុត្តសត ស្រុកអូជ្រៅនេះ ត្រូវវបានកម្លាំងវិស្វកម្មកងទ័ពជើងគោកដឹកនាំកម្លាំង និងគ្រឿងចក្រចុះបំពេញភារកិច្ចកាលពី ថ្ងៃទី២២-ខែធ្នូ ឆ្នាំ២០២០ នឹងគ្រោងបញ្ចប់នៅថ្ងៃទី១៥-ខែមិនា ឆ្នាំ២០២១ ខាងមុខនេះ ។ កងវិស្វកម្មកងទ័ពជើងគោក បានប្រើប្រាស់រថយន្ត គ្រឿងចក្រសរុប១៧គ្រឿង ។

ជាលទ្ធផលការងារមកដល់ថ្ងៃនេះ បានធ្វើការឈូសឆាយ និងដឹកគ្រួសចាក់ផ្លូវបានប្រវែង សរុប ៣៦០១.ម៉ែត្រ លើចំងាយផ្លូវសរុបប្រវែង ៩៣០០.ម៉ែត្រ ។ ក្រៅពីនេះកម្លាំងវិស្វកម្មបានកៀរ-កិនគ្រួសក្រហមបានប្រវែង សរុប ១៨០០.ម ។ បន្ទាប់ពីបានចុះត្រួតពិនិត្យការដ្ឋានស្ថាបនាស្ថិតនៅឃុំគុត្តសត ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ រួចមក នៅល្ងាចថ្ងៃដដែលនោះ ឧត្តមសេនីយ៏ឯក ហ៊ុន ម៉ាណែត ព្រមទាំងប្រតិភូអមដំណើរបានបន្តដំណើរអញ្ជើញចុះពិនិត្យការដ្ឋានស្ថាបនាផ្លូវដែលរងការខូចខាតដោយ គ្រោះទឹកជំនន់ ស្ថិតនៅឃុំស្លរក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយជ័យបន្តទៀត ។

ជាលទ្ធផល កងវិស្វកម្មកងទ័ពជើងគោកសំរេចបាន ក្នុងការស្ថាបនាផ្លូវ ស្ថិតនៅក្នុងឃុំស្លរក្រាម ស្រុកស្វាយចេក វាយតម្លៃជារួមសំរេចលទ្ធផលបានចំនួន៦០%ហើយ ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី ២៩ ខែមករា ឆ្នាំ២០២១ កន្លងទៅនេះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក អមដំណើរដោយ លោកជាមេបញ្ជាការរងកងទ័ពជើងគោក និងនាយទាហានជាន់ខ្ពស់កងទ័ពជើងគោកជាច្រើនរូបទៀតអញ្ជើញចុះត្រួតពិនិត្យការដ្ឋានស្ថាបនាផ្លូវរបស់កងវិស្វកម្មកងទ័ពជើងគោក ដែលបានកំពង់ស្ថាបនាផ្លូវក្រាលគ្រោះក្រហមប្រវែង ៩៣០០ ម៉ែត្រ ស្ថិតនៅឃុំគុត្តសត ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ ៕
ចែករំលែកព័តមាននេះ