ខេត្តស្វាយរៀង ៖ ភ្លើងអគ្គីភ័យលេបត្របាក់ចំការអំពៅជាង៥ហិកតា នៅវេលាម៉ោង៧និង២០នាទីយប់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ ស្ថិតនៅភូមិត្រពាំង ផ្លាំង ឃុំព្រៃតាអី ស្រុកស្វាយទាបខេត្តស្វាយរៀង សមត្ថកិច្ចដាក់ការសង្ស័យថា មានជនមិនស្គាល់មុខលួចដុត ។

លោកអនុសេនីយ៍ឯក ស៊ឹម សុខា នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំព្រៃតាអី បានឲ្យដឹងថា ក្រោយពីក្រុមហ៊ុនរាយការណ៍មកនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំព្រៃតាអី និងនគរបាលការពារព្រំដែនប៉ុស្តិ៍ច្រកទ្វាតំបន់ព្រំដែនព្រៃតាអី ភ្លាមកម្លាំងសមត្ថកិច្ចបានចុះអន្តរាគមន៍ជួយពន្លត់ភ្លើងដែលឆេះចំការអំពៅនោះហើយភ្លើងបានរលត់នៅវេលាម៉ោង៨និង៤០នាទីយប់ដោយកម្មករបានយកត្រាក់ទ័រដឹកទឹកបាញ់ពន្លត់ និងបាញ់ទឹកដាក់អំពៅនៅខាងមុខភ្លើងរហូតគ្រប់គ្រងបានមិនឆេះរាលដាលបន្តទៅចំការក្បែនោះទៀត ។

សមត្ថកិច្ចដាក់ការសង្ស័យថា មូលហេតុជនមិនស្គាល់មុខលួចដុត ។ បច្ចុប្បន្នកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃតាអី សហការជាមួយប៉ុស្តិ៍នគរបាលច្រកទ្វាតំបន់ព្រំដែនព្រៃតាអីចុះស្រាវជ្រាវរកមុខសញ្ញា ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា នៅរដូវប្រមូលទិនផលអំពៅស្ករតែងតែមានភ្លើងឆេះចំការអំពៅជាញឹកញាប់ ក៏ប៉ុន្តែមិនដែលរកឃើញមូលហេតុនៃការឆេះអំពៅនេះ បានច្បាស់លាស់នោះទេ ហើយក៏មិនដែលចាប់បានជនសង្ស័យណាម្នាក់នោះដែរ ដោយចំការអំពៅរបស់ក្រុមហ៊ុនរាប់ពាន់ហិកតា ដាំនៅតាមបន្ទាត់ព្រំដែនឆ្ងាយពីផ្ទះអ្នកស្រុក ដូច្នេះពិបាក និងគ្រប់គ្រង ហើយពេលមានភ្លើងឆាបឆេះ គឺដាក់ការសង្ស័យថា មានមនុស្សលួចដុត ចេតនាឈ្នានិះ ៕

ចែករំលែកព័តមាននេះ