ខេត្តសៀមរាប ៖ ផ្ទះអ្នកលក់កង់ត្រូវបានអគ្គិភ័យឆាបឆេះទ្រព្យសម្បត្តិអស់ទាំងស្រុង និងបានរាលឆ្លងទៅឆេះផ្ទះអ្នកជិតខាង១ខ្នង និងសាលារៀន១ខ្នងផងដែរ ។
អធិការនគរបាលស្រុកសូទ្រនិគម គឺលោកវរសេនីយ៍ឯក ទេព ចាន់ណា បានឲ្យដឹងថា ករណីអគ្គិភ័យឆាបឆេះផ្ទះនៅវេលាម៉ោង ១២,៣០នាទីថ្ងៃត្រង់ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ នៅចំណុចភូមិព្រះត្រពាំង ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប តាមបណ្តោយផ្លុវជាតិលេខ៦ ។
លោកបន្តថា ករណីនេះ បណ្ដាលឲ្យអន្តរាយផ្ទះ ១ខ្នង ទំហំ ៩x២៥ម៉ែត្រ ថ្មក្រោម ឈើលើសំយាបដែក និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះទាំងស្រុង (ផ្ទះផ្ទុកកង់ និងគ្រឿងកង់សម្រាប់លក់ច្រើនរយគ្រឿង) ខូចខាតទាំងស្រុង, ខូចខាតផ្ទះនៅក្បែរ១ខ្នង (ខូច២០%) និងខូចខាតអគារសាលារៀនបឋមសិក្សា ៧មករា ១ខ្នង (១៥%) និងមិនមានមនុស្សរងរបួសទេ ។
លោកបន្តថា ម្ចាស់ផ្ទះឈ្មោះ សរ ចំរើន ភេទប្រុស អាយុ៦៩ឆ្នាំ មានទីលំនៅភូមិដំដែកផ្សារ ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ។ លោកបញ្ជាក់ថា តាមការសន្និដ្ឋានជាបឋម គឺបណ្ដាលមកពីឆ្លងចរន្តអគ្គិសនីព្រោះម្ចាស់មិននៅទាំងអស់គ្នាទៅលក់កង់នៅផ្សារបាត់ផ្ទះបិតទ្វារចោល ។ លោកបញ្ជាក់ទៀតថា លទ្ធផលកិច្ចប្រតិបត្តិការរបស់កម្លាំងសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យនគរបាល ៣គ្រឿង គឺស្រុកសូទ្រនិគម ១គ្រឿង,ស្រុកប្រាសាទបាគង១គ្រឿង ,ស្រុកជីក្រែង ១គ្រឿង និងរថយន្តដឹកទឹកឯកជន២គ្រឿង កម្លាំងនគរបាល អាវុធហត្ថ និងប្រជាការពារសរុបប្រមាណ ៥៥នាក់ ប្រើប្រាស់ទឹកអស់៧ឡាន រហូតដល់ម៉ោង១៤និង៤៥នាទី រលត់ទាំងស្រុង ។
ពលរដ្ឋលើកឡើងថា ករណីឆេះនេះពិតជាលឿនមែន សូម្បីរថយន្តពន្លត់អអ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកសូទ្រនិគម ដែលមានចម្ងាយតែ៣០០ម៉ែត្រ ពីទីតាំងកើតហេតុក៏មិនអាចជួយពន្លត់បានដែរ ។ ចឹងទេ សូមបងប្អូនមេត្តាប្រុងប្រយ័ត្នផង ចំពោះរឿងអគ្គិភ័យនេះ ៕
ចែករំលែកព័តមាននេះ