ខេត្តសៀមរាប៖ ផ្ទះមួយល្វែងដែលម្ចាស់ផ្ទះចាក់សោទុកចោលនៅក្នុងបុរីមួយ ត្រូវបានអគ្គិភ័យឆាបឆេះអស់ប្រហែលជាង១ម៉ឺនដុល្លារ តែសំណាងល្អ ពលរដ្ឋនិងសមត្ថកិច្ចជួយអន្តរាគមន៍ទាន់ពេល ដោយមិនរាលដល់ផ្ទះល្វែងដ៏ទៃទៀតនោះទេ។ ហេតុការណ៍នេះឆេះផ្ទះល្វែង បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង១១និង៤៥នាទីថ្ងៃត្រង់ថ្ងៃទី២៨ មករាស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងភូមិគោកត្នោត ឃុំកណ្ដែក ស្រុកប្រាសាទ បាគង ខេត្តសៀមរាប ហើយបានរលត់ទៅវិញនៅម៉ោង១២ និង៣៩នាទីរសៀលថ្ងៃដដែល។
លោកបញ្ជាក់ថា ករណីភ្លើងឆេះបុរីទេសចរណ៍(អចលនទ្រព្យអង្គរ) ផ្ទះលេខ ៦០ ដែលមានម្ចាស់ឈ្មោះ នូវ សុផល អាយុ ៣៥ រស់នៅចំណុច ភូមិគោកត្នោត ឃុំ កណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប នៅតាមបណ្តោយផ្លូវជាតិលេខ៦ ចម្ងាយពីអធិការ ១១ គីឡូម៉េត្រ។
លោកបន្តថា ការខូចខាត រួមមាន៖ផ្ទះខ្នង ទំហំ៤ × ២១ម៉ែត្រ កំពស់៥ម៉ែត្រ ប្រក់ស័ង្កសី ជញ្ជាំងថ្ម ឆេះអស់សម្ភារនៅក្នុងផ្ទះទាំងស្រុងសរុបជាទឹកប្រាក់ប្រហែល ជា១.២០០០ ដុល្លារ។ លោកបន្តថា ករណីឆេះនេះមិនបណ្ដាលឱ្យឆ្លងទៅអាគារដែលសង់ជាប់គ្នាទៀតទេ ប្រជាពលរដ្ឋនិងក្រុមពន្លត់អគ្គិភ័យយើងបានគ្រប់គ្រងទាន់ពេល។
ក្នុងពេលកំពុងកើតហេតុរថយន្តពន្លត់អគ្គិភ័យស្រុកប្រាសាទបាគង រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការនគរបាលខេត្ត និងរថយន្តរបស់អាជ្ញាធរអប្សរា បានចេញជួយអន្តរាគន៍ទាន់ ពេល។ក្នុងនោះមាន កម្លាំង ប៉ុស្ដិ៍និងប្រជាការពារ និង ប្រជាពលរដ្ឋ ជួយអន្តរាគន៍ជាច្រើននាក់ផងដែល។ លោកបញ្ជាក់ទៀតថា ករណីនេះមូលហេតុបណ្តាលមកពីទុស្សេខ្សែភ្លើងទូរទស្សន៍ចាប់និងជញ្ជាំងបណ្ដាលឱ្យឆេះតែម្ដង ហើយម្ចាស់ផ្ទះបានចាក់សោរទុកចោលចេញទៅក្រៅ។
សមត្ថកិច្ចជំនាញបានស្នើឱ្យ បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវចេះប្រុងប្រយ័ត្នចំពោះករណីគ្រោះអគ្គិភ័យ ផងព្រោះរដូវធ្លាក់ខ្យល់និងរដូវក្តៅបានមកដល់ ចឹងហើយវាងាយនឹងឆាបឆេះផ្ទះណាស់ ជាពិសេស ភ្លើងទៀន ធូប ចង្កៀងប្រេង និង ចង្ក្រានហ្គាស ផងដែរ មិននឹងចេញពីផ្ទះត្រូវ ដើរមើលគ្រប់ជ្រុងជ្រោយ និង បិទកុងតាក់ភ្លើងផង៕
ចែករំលែកព័តមាននេះ