រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា អគ្គិភ័យបានឆាបឆេះបន្ទប់មួយកន្លែង កាលពីវេលាម៉ោង៩និង១៥នាទីព្រឹកថ្ងៃទី២៩ មករា ឆ្នាំ២០២១ តាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។
ម្ចាស់បន្ទប់កើតហេតុខាងលើ ប្រពន្ធឈ្មោះគល់ ចាន់នី អាយុ២៨ឆ្នាំមុខរបរកម្មការិនីរោងចក្រ មានស្រុកកំណើតនៅឃុំធ្លក ស្រុកទ្រាំង ខេត្តតាកែវ និងប្ដីឈ្មោះសន ចាន់នីអាយុ២៩ឆ្នាំកម្មកររោងចក្រផលិតអំពូល មានស្រុកកំណើតនៅស្រុកគីរីវង់ ខេត្តតាកែវ។
ពាក់ព័ន្ធនឹងករណីខាងលើនេះដែរ គេមិនទាន់ដឹងពីមូលហេតុនៅឡើយទេ ប៉ុន្តែបើតាមប្រភពពីប្រជាពលរដ្ឋបានដាក់ការសង្ស័យករណី២យ៉ាងគឺ ទី១-អាចមកពីឆ្លងចរន្តអគ្គិសនី និងទី២-សង្ស័យម្ចាស់បន្ទប់ជួលដាំបាយហើយមិនបានដកឌុយចេញ ទើបបណ្តាលឱ្យឆ្លងចរន្តបង្កជាអគ្គិភ័យឆាបឆេះតែម្តង ។
នៅក្នុងហេតុការណ៍ខាងលើនេះ គេឃើញរថយន្តពន្លត់អគ្គិភ័យចំនួន៣គ្រឿងបានចុះមកជួយអន្តរាគមន៍ដែរ ប៉ុន្តែមិនបានពន្លត់ទេ ដោយសារតែប្រជាពលរដ្ឋនាំគ្នាជួយពន្លត់បានមុន ។ ទោះជាបែបនេះក្តី ដោយសារបារម្ភក្រែងភ្លើងមិនទាន់រលត់ជាស្ថាពរ ទើបរថយន្តពន្លត់អគ្គិភ័យបានបាញ់ទឹកពន្លត់អស់១រថយន្តផងដែរ ។
ទោះបីជាបែបណា អគ្គិភ័យបានឆាបឆេះតែបន្ទប់ជួល១បន្ទប់តែប៉ុណ្ណោះ និងរងការខូចខាតដូចជា លុយកាក់ និងគ្រឿងអលង្ការ ព្រមទាំងសម្ភារៈប្រើប្រាស់ផងសរុបប្រមាណ១ពាន់ដុល្លារ ត្រូវភ្លើងឆេះអស់ទាំងស្រុង ។ ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕
ចែករំលែកព័តមាននេះ