សហរដ្ឋអាមេរិក ៖ រដ្ឋាភិបាលអាមេរិកបានចេញកាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ ជាលើកដំបូង ការប្រកាសអាសន្នភេរវកម្ម ដោយសារការគំរាមកំហែងពីសំណាក់ពួកជ្រុលនិយម ដែលប្រឆាំងនឹងប្រធានាធិបតីលោកចូបៃដិន។

ក្នុងពេលជាមួយគ្នានោះដែរអាជ្ញាធរតុលាការអាមេរិក ប្រកាសពីការចោទប្រកាន់អ្នកគាំទ្រលោកដូណាល់ ត្រាំម្នាក់ ក្រោយពីរកឃើញក្នុងសហគ្រាសរបស់គេ នូវគ្រាប់បែកច្នៃ៥គ្រាប់ដែលតាមបទចោទប្រកាន់ថា គេប្រុងប្រើប្រឆាំងពួកអ្នកប្រជាធិបតេយ្យ។

ក្រសួងសន្តិសុខផ្ទៃក្នុងអាមេរិកអះអាងថា ការប្រកាសអាសន្នរបស់ខ្លួន មិនមែនត្រឹមដោយសារព័ត៌មាននានាស្ដីពីការរួមគំនិតដែលគួរឲ្យជឿជាក់ឡើយ តែមកពីបរិយាកាសនៃការគំរាមកំហែងដែលមានក្នុងសហរដ្ឋអាមេរិក ហើយអាចមានក្នុងរយៈពេលច្រើនសប្ដាហ៍។ ព្រឹត្តិប័ត្រប្រកាសអាសន្នរបស់រដ្ឋាភីបាលនិយាយថា បណ្ដាព័ត៌មានលើកឡើងថា ពួកជ្រុលនិយមហិង្សា នឹងអាចបន្តប្រមូលផ្ដុំគ្នានិងអុជអាលឲ្យប្រព្រឹត្តអំពើហិង្សានានា។

ក្រសួងសន្តិសុខផ្ទៃក្នុងអាមេរិកតែងចេញផ្សាយដោយទៀងទាត់ ការប្រកាសអាសន្នប្រភេទនោះ តែតាមធម្មតាទាក់ទិននឹងការគំរាមកំហែងនានាមកពីបរទេស ពិសេសពីពួកជីហាដ។ ជាលើកដំបូងដែលមានការប្រកាសអាសន្នប្រឆាំងភេរវកម្ម ស្ដីពីការគំរាមកំហែងខាងក្នុងប្រទេស។ របត់នោះបង្ហាញឲ្យឃើញ ក្នុងសុន្ទរកថា របស់លោកចូបៃដិនពេលធ្វើសច្ចាប្រណិធានចូលកាន់តំណែងកាលពីថ្ងៃទី២០មករា ដែលលោកថា នឹងយកឈ្នះលើពួកឧត្ដមភាពនិយមស្បែកសនិងភេរវកម្មក្នុងស្រុក។

អតីតប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំ តែងទទួលការចោទប្រកាន់ថា លេងសើចជាមួយក្រុមស្ដាំនិយមជ្រុល ដែលសមាជិកមួយចំនួនរបស់ក្រុមនោះត្រូវបានគេឃើញនៅជួរមុខ ពេលលុកលុយចូលក្នុងវិមានកាពីតូលកាលពីថ្ងៃទី៦មករា៕ ដកស្រង់ចេញពីវេបសាយ ៖ yahoo
ចែករំលែកព័តមាននេះ