រាជធានីភ្នំពេញ ៖ លោក កឹម សុខា អ្នកនយោបាយខ្មែរតែកំពុងតែរួមរឹតនឹងបណ្តឹងនៅតុលាការលើសំណុំរឿងសន្ទិដ្ឋភាពជាមួយបរទេសបានបង្ហាញការចូលរួមអបអរសាទរចំពោះប្រធានាធិបតីអាមេរិកថ្មី លោក ចូ បៃដិន (Joe Biden) តែលោកនៅតែអះអាងថារូបលោកនៅមិនមានសិទ្ធិសេរីភាពពេញលេញនោះទេ ។
លោកកឹម សុខា បានចូលរូមសាទរលោក ចូ បៃដិន នៅថ្ងៃព្រហស្បតិ៍ទី២៨ ខែមករា ឆ្នាំ២០២១ ក្នុងជំនួបនៅផ្ទះរបស់លោក ជាមួយលោក Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី ដែលជាតំណាងប្រទេសមហាអំណាចជាមិត្តចាស់របស់កម្ពុជា ហើយដែលទើបតែមានប្រធានាធិបតីថ្មី រដ្ឋាភិបាលថ្មី ចូលកាន់តំណែង។
លោក កឹម សុខា បានអះអាងថា ១ក្នុងឱកាសនៃជំនួបនេះ ខ្ញុំក៏បានសម្តែងនូវការអបអរសាទរនិងជូនពរឯកឧត្តម ប្រធានាធិបតី Joe Biden ឲ្យមានសុខភាពល្អនិងទទួលបានជោគជ័យក្នុងការដឹកនាំ ដើម្បីជាប្រយោជន៍របស់ប្រជាពលរដ្ឋអាមេរិក និងជាពិសេសក្នុងការលើកស្ទួយសិទ្ធិសេរីភាព និងប្រជាធិបតេយ្យក្នុងពិភពលោកដែលជាគុណតម្លៃរបស់សហរដ្ឋអាមេរិកផងដែរ»។
លោកបានបន្តថា «ក្នុងជំនួបនេះ យើងក៏បានស្វែងយល់ និងពិភាក្សាគ្នាអំពីទំនាក់ទំនងរវាងកម្ពុជានិងសហរដ្ឋអាមេរិក កន្លងមក និងទៅអនាគត ជាពិសេសសម្រាប់រដ្ឋបាលថ្មីរបស់អាមេរិក តើនឹងអាចមានអ្វីថ្មី? ហើយខ្ញុំក៏បានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋ និងរដ្ឋាភិបាលអាមេរិក ដែលបានជួយដល់ប្រជាពលរដ្ឋខ្មែរកន្លងមក បច្ចុប្បន្ននិងសង្ឃឹមថាទៅអនាគត លើវិស័យនានា ដូចជាវិស័យអប់រំ សុខាភិបាល សេដ្ឋកិច្ច ពាណិជ្ជកម្ម ជាពិសេស ដោយផ្សាភ្ជាប់ជីវភាពរស់នៅ និង សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋខ្មែរ » ។
បន្ថែមពីលើនេះលោក កឹម សុខា ក៏បានអរគុណដល់សហរដ្ឋអាមេរិក តាមរយៈឯកអគ្គរដ្ឋទូតមុនៗក៏ដូចជាលោក Patrick Murphy ដែលទទួលស្គាល់ នូវគុណតម្លៃរបស់លោក ក្នុងការងារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ព្រមទាំងគោលជំហររបស់ខ្ញុំដែលប្រកាន់ខ្ជាប់នូវគោលការណ៍អហិង្សា ការអត់ធ្មត់ និងតែងតែស្វែងរកដំណោះស្រាយបញ្ហានានាដោយសន្តិវិធី ដើម្បីបម្រើផលប្រយោជន៍របស់ប្រជាពលរដ្ឋខ្មែរ។
យ៉ាងណាមិញ លោក កឹម សុខា ដែលត្រូវបានគេមើលឃើញថាដើរហើរសឹងពេញផ្ទៃប្រទេសបានត្អូញត្អែរ «ជាក់ស្តែងក្នុងពេលថ្មីៗនេះ ទោះបីខ្ញុំមិនមានសិទ្ធិសេរីភាពពេញលេញក៏ដោយ ក៏ខ្ញុំនៅតែខ្វាយខ្វល់ ទៅជួប និងជួយដល់ប្រជាពលរដ្ឋខ្មែរ ដែលរងគ្រោះ តាមលទ្ធភាព និងឱកាសដែលអាចធ្វើបាន ដូចដែលសាធារណៈជន ក៏ដូចជាអ្នកការទូតនានាបានតាមដានឃើញស្រាប់» ៕
ចែករំលែកព័តមាននេះ