រាជធានីភ្នំពេញ ៖ បុរសជាអ្នកបើកម៉ូតូម្នាក់រួមទាំងម៉ូតូមួយគ្រឿងរបស់គាត់ត្រូវបានរថយន្តយីឌុបបែនដឹកដី១គ្រឿងបើកបុកពីក្រោយ រួចកិនអូសទាំងមនុស្សទាំងម៉ូតូចម្ងាយប្រមាណជាង១០ម៉ែត្រទើបរបូត បណ្ដាលឲ្យបុរសជាអ្នកបើកបរម៉ូតូបាត់បង់ជីវិតស្ថិតក្នុងស្ថានភាពបែកជាបំណែកៗមើលលែងស្គាល់ទៅហើយ។ បន្ទាប់មករថយន្តបង្កហេតុនោះបានបើកគេចបានចម្ងាយប្រមាណជាង១គីឡូម៉ែត្រទើបឈប់ ហើយអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ដោយសុវត្ថិភាព។
ហេតុគ្រោះថ្នាក់ចរាចរណ៍ខាងលើនោះបានកើតឡើងកាលពីវេលាម៉ោង១២និង៣៥នាទីថ្ងៃត្រង់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ នៅលើកំណាត់ផ្លូវជាតិលេខ៣ ស្ថិតនៅក្នុងភូមិតាំងរនាម សង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ។
បុរសរងគ្រោះដែលបាត់បង់ជីវិតខាងលើនោះមិនទាន់ត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយទេ ជាអ្នកបើកបរម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម ធុនសេ១២៥ ស៊េរីឆ្នាំ២០១២ ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BR-2500 ។ ចំណែករថយន្តប្រភេទបែនយីឌុបដឹកដី ពណ៍ក្រហម អត់ស្លាកលេខ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួនបាត់ ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ បុរសរងគ្រោះបានជិះម៉ូតូមួយគ្រឿងធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង ចំណែកឯរថយន្តបង្កក៏បានបើកបរធ្វើដំណើរក្នុងទិសដៅស្របគ្នាដែរ និងក្នុងល្បឿនលឿន ដោយមិនដឹងថាប្រញាប់ទៅណានោះទេ ។លុះពេលមកដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែបុកនិងកិនបុរសរងគ្រោះពីក្រោយទាំងកម្រោលព្រមទាំងអូសជា១០ម៉ែត្រ បណ្ដាលឲ្យខ្ទេចសាកសពនិងម៉ូតូរួញរមូរនិងដាច់ជាបំណែកៗមើលលែងស្គាល់។
តាមប្រភពដដែលបានបន្តទៀតថា ក្រោយពេលកើតហេតុ រថយន្តបង្កបានបើកគេចចេញពីកន្លែងកើតហេតុចម្ងាយប្រមាណ១គីឡូម៉ែត្រទើបឈប់ រួចអ្នកបើកបរបានចុះរត់គេចខ្លួនទៅបាត់ស្រមោល ។
បន្ទាប់មកនគរបាលប៉ុស្តិ៍ប្រទះឡាងនិងនគរបាលចរាចរណ៍ខណ្ឌកំបូលបានចុះទៅកាន់កន្លែងកើតហេតុធ្វើការស្រាវជ្រាវរកសាច់ញាតិជនរងគ្រោះដើម្បីទៅទទួលយកសាកសពទៅធ្វើបុណ្យតាមប្រពៃណី។ ក្រោយមកបានរាយការណ៍ជូននគរបាលការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះទៅធ្វើការវាស់វែងនិងនាំយករថយន្តព្រទាំងម៉ូតូទៅរក្សាទុករង់ចាំការដោះស្រាយគ្នានៅពេលក្រោយ៕






ចែករំលែកព័តមាននេះ