ខេត្តកណ្តាល ៖ មានករណីឃាតកម្មមួយនៅចំណុចផ្ទះសំណាក់៣៦២ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល នាវេលាម៉ោង៥និង៣០នាទីទៀបភ្លឺ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១នេះ ។
សមត្ថកិច្ចបង្ហើបប្រាប់អោយដឹងថា ជនរងគ្រោះឈ្មោះ ចាន់ សុឃាង ហៅ វី ភេទប្រុស អាយុ១៥ឆ្នាំ មានទីលំនៅបន្ទប់ជួលភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរកម្មករផ្ទះសំណាក់៣៦២ ។ ជនសង្ស័យ២នាក់ មិនស្គាល់អត្តសញ្ញាណ ដោយបានគេចខ្លួនបាត់ ។
នៅមុនពេលកើតហេតុ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១៨និង១៥នាទី ដោយជនរងគ្រោះបានចូលមកធ្វើការ នៅក្នុងផ្ទះសំណាក់៣៦២ ដូចសព្វដង ។ លុះដល់ម៉ោង១៩និង៣០នាទី ម្ចាស់ផ្ទះសំណាក់បានយកម៉ូតូរបស់ខ្លួនម៉ាកហុងដា មកទុកនៅមុខបន្ទប់ដេករបស់ខ្លួន ដោយចាក់សោ.ក និងយកសោ.ក ជ័រពណ៌ក្រហមមកចាក់ជាប់គ្នា ជាមួយម៉ូតូមួយគ្រឿងទៀតម៉ាកYAMAHA ពណ៌លឿង ពាក់ស្លាកលេខភ្នំពេញ 1HS5192 ។ លុះដល់ម៉ោងប្រហែល១៩និង៤០នាទី មានភ្ញៀវ២នាក់មិនស្គាល់អត្តសញ្ញាណបានចុះបញ្ជីក្នុងសៀវភៅចូលសម្រាកបន្ទប់លេខ៧ ធម្មតា ។ លុះដល់ម៉ោង២១និង៣០នាទី ម្ចាស់ផ្ទះសំណាក់ក៏នាំគ្នាចូលដេកអស់ទុកអោយជនរងគ្រោះមើលការខុសត្រូវ ។ លុះដល់ម៉ោងប្រហែល៣និង១៥នាទី នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ ភ្ញៀវដែលស្នាក់នៅក្នុងបន្ទប់លេខ៧ បានឲ្យបុគ្គលិកយកស្រាបៀរ ចំនួន៤កំប៉ុង ចូលទៅក្នុងបន្ទប់របស់ខ្លួនស្នាក់នៅ ។
បន្ទាប់មក ជនសង្ស័យក៏បានធ្វើសកម្មភាពរឹត.ក ជនរងគ្រោះបណ្តាលឲ្យស្លាប់ក្នុងបន្ទប់ តាមការពិនិត្យទៅលើកាមេរ៉ាសុវត្ថិភាព ។ ដល់ម៉ោង៥និង៣០នាទីម្ចាស់ផ្ទះសំណាក់ក៏ភ្ញាក់ពីដេកបើកទ្វារចេញមកខាងក្រៅមើលមកម៉ូតូរបស់ខ្លួនក៏ស្រាប់តែបាត់មិនឃើញរួចរកមើលជនរងគ្រោះ ក៏ស្រាប់តែបាត់មិនឃើញនៅតែស្បែកជើង និងកង្ហាបើកទុកចោល បន្ទាប់មកម្ចាស់ផ្ទះសំណាក់ក៏ដើររកជនរងគ្រោះមិនឃើញក៏ទៅឆែកកាមេរ៉ា មើលឃើញជនសង្ស័យ០១នាក់ នៅបន្ទប់លេខ៧ ជាអ្នកលួចម៉ូតូ ។
ក្រោយមកម្ចាស់ផ្ទះសំណាក់ក៏ដើរចូលទៅបើកទ្វារបន្ទប់លេខ៧ក៏ជាប់សោបើកមិនរួចហើយម្ចាស់ផ្ទះយកសោបន្ទប់ទៅចាក់ទ្វារបន្ទប់ មើលឃើញមានមនុស្សម្នាក់ដេកនៅលើគ្រែតែម្នាក់ឯង គ្របកន្សែងពោះគោ និងយកខ្នើយដាក់ពីលើមុខ ឃើញដូចនោះម្ចាស់ផ្ទះសំណាក់ក៏ទៅបើកមើលឃើញជនរងគ្រោះត្រូវបានគេសម្លាប់បាត់ទៅហើយ ។ ក្រោយមកក៏រាយការណ៍ទៅសមត្ថកិច្ចតែម្តង ៕
ចែករំលែកព័តមាននេះ