រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៨ មករា ឆ្នាំ២០២១ បានបញ្ជាក់ថា បានព្យាបាលអ្នកឆ្លងជំងឺកូវីដ១៩ ជាសះស្បើយចំនួន៥នាក់ និងបានរកឃើញអ្នកឆ្លងថ្មី១នាក់ ។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាលបានលើកឡើងថា ករណីវិជ្ជមានវីរុសវីដ-១៩ ថ្មីចំនួន០១នាក់ ដែលជាពលករធ្វើដំណើរមកពីប្រទេសថៃ គឺជាស្ត្រីជនជាតិខ្មែរ អាយុ៤២ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានធ្វើដំណើរមកពីប្រទេសថៃមកដល់កម្ពុជា នៅថ្ងៃទី១២ ខែមករា ឆ្នាំ ២០២១ លទ្ធផលធ្វើតេស្តវត្ថុសំណាកលើកទី៤ របស់ស្ត្រីរូបនេះផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ គឺវិជ្ជមានវីរុសកូវីដ-១៩ ហើយបច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបន្ទាយមានជ័យ ។
ក្រសួងបន្តថា មានករណីជាសះស្បើយសរុបចំនួន៥នាក់ ក្នុងនោះករណីជាសះស្បើយចំនួន៤នាក់ ដែលជាពលករធ្វើដំណើរមកពីប្រទេសថៃ គឺ
១ -ស្ត្រីជនជាតិខ្មែរ អាយុ៣២ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ ដំបង បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជា នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ។
២- បុរសជនជាតិខ្មែរ អាយុ២៧ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជា នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ ។
៣- បុរសជនជាតិខ្មែរ អាយុ៣០ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជា នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ ។
៤ -ស្ត្រីជនជាតិខ្មែរ អាយុ៣០ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជា នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ ។
ក្រសួងបានកត់សម្គាល់ថា បុគ្គលទាំង៤រូបខាងលើនេះ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩ ចំនួន០២លើក ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យបង្អែកខេត្តបន្ទាយមានជ័យ ។ និងករណីជាសះស្បើយ ចំនួន១នាក់ ដែលជាអ្នកដំណើរចូលមកកម្ពុជា (មិនមែនជាពលករធ្វើដំណើរមកពីប្រទេសថៃ) គឺជាស្ត្រីជនជាតិខ្មែរ អាយុ៤៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅស្រុកក្រគរ ខេត្តពោធិ៍សាត់ ជាអ្នកដំណើរ មកពីសហរដ្ឋអាមេរិកបន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជា នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២១ ។
ស្ត្រីរូបនេះត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុស កូវីដ-១៥ ចំនួន ០២លើក ត្រូវបានអនុញ្ញាតឲ្យចេញពីមជ្ឈមណ្ឌលជាតិកំចាត់រោគរបេងនិងហង់សិន រាជធានីភ្នំពេញ។
ក្រសួងបានឲ្យដឹងថា គិតមកដល់ថ្ងៃទី២៨ មករា ឆ្នាំ២០២១ បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៤៦១នាក់ បានព្យាបាលជាសះស្បើយចំនួន៤២៨នាក់ និងកំពុងសម្រាកព្យាបាលចំនួន៣៣នាក់ ៕
ចែករំលែកព័តមាននេះ