ល្បិច​ឆបោក​ថ្មី​របស់​ជន​ទុច្ចរិត​ដែល​អ្នក​រត់​ម៉ូតូឌុប​​គួរតែ​​ប្រុង​ប្រយ័ត្ន – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្បិច​ឆបោក​ថ្មី​របស់​ជន​ទុច្ចរិត​ដែល​អ្នក​រត់​ម៉ូតូឌុប​​គួរតែ​​ប្រុង​ប្រយ័ត្ន

4 ខែ មុន
  • Banteay Meanchey

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​បក្ខពួក​៣​នាក់ បាន​ត្រូវ​នគរបាល​ការិយា​ល័យ​​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្តសហការ​ជាមួយ​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​ស្រុក​ថ្មគោល ខេត្តបាត់់ដំបង ស្ទាក់​ចាប់​បាន​នៅ​មុខ​សាលា​បឋម​សិក្សា​ពពាលខែ ផ្លូវជាតិ​លេខ​៥ ក្នុងស្រុក​ថ្មគោល ។ វរសេនីយ៍ទោ…

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​បក្ខពួក​៣​នាក់ បាន​ត្រូវ​នគរបាល​ការិយា​ល័យ​​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្តសហការ​ជាមួយ​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​ស្រុក​ថ្មគោល ខេត្តបាត់់ដំបង ស្ទាក់​ចាប់​បាន​នៅ​មុខ​សាលា​បឋម​សិក្សា​ពពាលខែ ផ្លូវជាតិ​លេខ​៥ ក្នុងស្រុក​ថ្មគោល ។

វរសេនីយ៍ទោ ព្រហ្ម ប៊ុ​ន​ធឿ​ន នាយ​កា​រិយា​ល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ បាន​ឲ្យ​ដឹង​ថា ជន​សង្ស័យ​ដែល​ចាប់​ឃាត់ខ្លួន​បាន​នេះ​ឈ្មោះ ប៊ុ​ន ភូ ហៅ ស៊យ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ។ ជាមួយនឹង​ការ​ចាប់​ឃាត់ខ្លួន​នេះ ក៏​ដកហូត​បាន​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ សេ​៊​រី​ឆ្នាំ​២០២០ ពាក់​ផ្លា​ក​លេខ ប​.​មាន​ជ័យ ១W-​៩៤០០ ជា​របស់​ជន​រង​គ្រោះឈ្មោះ សាំង ប៊ុ​ន​សឿ​ន ភេទ​ប្រុស អាយុ​៤៨ឆ្នាំ នៅ​ភូមិ​ចក សង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោ​ភ័​ណ ជា​អ្នក​រត់​ម៉ូតូឌុប ។

លោកនាយ​ការិយាល័យ ថ្លែង​ទៀត​ថា តាម​ការ​រៀបរាប់​របស់​ម្ចាស់​ម៉ូតូ គឺ​កាលពី​វេលា​ម៉ោង​ប្រមាណ​៦​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៥ ខែមករា ឆ្នាំ​២០២១ គាត់​បាន​ជិះ​ម៉ូតូ​ចេញ​ទៅ​រត់​ឌុ​ប​ដូច​​រាល់ដង ។ ពេល​ទៅ​ដល់​ផ្លូវ​លេខ​៣ ក្នុងភូមិ​កំពង់ស្វាយ សង្កាត់​កំពង់ស្វាយ បាន​ជួប​មនុស្ស​ប្រុស​ម្នាក់​ឲ្យ​ឌុ​ប​ទៅ​ផ្សារ​សិរី​សោភ័ណ​ដោយ​ប្រាប់​ថា​យក​ប្លង់​ដី​ឲ្យ​គេ ។

លុះ​ទៅ​ដល់​ផ្សារ​សិរី​សោភ័ណ ជន​នោះ​បាន​ឲ្យ​គាត់​ឈប់​ចាំ​នៅ​មុខ​ផ្សារ ហើយ​រូបគេ​ដើរ​ចូល​ផ្សារ​មួយ​ភ្លែត​ក៏​ចេញ​មក​វិញ ឲ្យ​ឌុ​ប​ទៅ​បុរី​ណា​វី​នៅ​ភូមិ​ចក សង្កាត់​ព្រះ​ពន្លា ជួប​មនុស្ស​ម្នាក់
ទៀត​ដែល​ជា​បក្សពួក​គេ អង្គុយ​នៅ​មុខ​ផ្ទះ​មួយ​ចាក់សោ​គ្មាន​មនុស្ស​នៅ ។ បន្ទាប់​មក ជន​ម្នាក់
ដែល​អង្គុយ​មុខ​ផ្ទះ​នោះ ឲ្យ​គ្នា​គេ​ដែល​គាត់​ឌុ​ប​នោះ​ទៅ​ផឹក​កាហ្វេ ចំណែក​រូប​គាត់ ត្រូវ​បាន​មនុស្ស​ម្នាក់​ដែល​អង្គុយ​មុខ​ផ្ទះ​នោះ​ឲ្យ​ទៅ​ឌុ​ប​ម្តាយ​គេ​នៅ​ហួស​រង្វង់​មូល​បុរី​ដើម្បី​យក​សោ​ចូល​ផ្ទះ ។

ពេល​គាត់​ជិះ​ម៉ូតូ​ទៅ​រក​មិនឃើញ ក៏​មក​ប្រាប់​ម្នាក់​នោះ​វិញ​ថា​រក​មិនឃើញ ហើយ​ម្នាក់​នោះ​បាន​តប​វិញ​ថា បើ​មិនឃើញ​គេ​សុំ​ខ្ចី​ម៉ូតូ​ជិះ​មួយ​ភ្លែត ដើម្បី​ទៅ​រក​ម្តាយ​គេ​យក​សោ​ចូល​ផ្ទះ កុំ​បារម្ភ​អី​ផ្ទះ​គេ​នៅ​ហ្នឹង​ទេ ។ ឯ​គាត់​ក៏​ព្រម​ឲ្យ​ដោយ​សំអាង​ថា​ជា​ផ្ទះ​របស់​ជន​នោះ លុះ​បាន​ម៉ូតូ​ហើយ ទាំង​ម្នាក់​ដែល​គាត់​ឌុ​ប​និង​ម្នាក់​ដែល​ខ្ចី​ម៉ូតូ​បាត់​ស្រមោល​ទាំង​២​នាក់​តែ​ម្តង ចំណែក​ផ្ទះ​ដែល​ជន​ម្នាក់​អង្គុយ​ចាំ​នោះ​ក៏​មិនមែន​ផ្ទះ​របស់​ម្នាក់​នោះ​ដែរ ។

លោកនាយ​ការិយាល័យ ព្រហ្ម ប៊ុ​ន​ធឿ​ន​ថ្លែង​ថា ក្រោយ​ពី​ទទួល​បណ្តឹង​របស់​ជន​រង​គ្រោះ ​ឧត្តម​សេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្ត បាន​ដាក់​បទបញ្ជា​ដល់​កម្លាំង​ជំនាញ​ឲ្យ​ធ្វើការ​ស្រាវជ្រាវ និង​ដោយ​មានការសម្របសម្រួល​ពី​ឯកឧត្តម មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ផង កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​ស្រុក​ថ្មគោល ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ប៊ុ​ន ភូ ហៅស៊យ នៅ​មុខ​សាលា​បឋម​សិក្សា​ពពាលខែ ក្នុង​ភូមិសាស្ត្រ​ស្រុក​ថ្មគោល ដែ​ជា​បក្ខពួក​ជន​២​នាក់​នោះ​កំពុង​ជិះ​ម៉ូតូ​ទៅ​ខេត្តបាត់ដំបង ហើយ​បាន​នាំ​ខ្លួន​មក​សាកសួរ ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជន​ឈ្មោះ ប៊ុ​ន ភូ ហៅ​ស៊យ សារភាព​ថា រូបគេ​ត្រូវ​បាន​ឈ្មោះម៉​ង ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ជា​អ្នក​រស់នៅ​ខេត្តបាត់ដំបង ទូរស័ព្ទ​ហៅ​ពី​ក្រុង​ប៉ោយ​ប៉ែ​ត ឲ្យ​ជិះ​ម៉ូតូ​ទៅ​​ខេត្ត​បាត់ដំបង ដោយ​ឲ្យ​ថ្លៃ​ឈ្នួល​ជិះ​៣០​ដុល្លារ លុះ​ទៅ​ដល់​មុខ​សាលា​បឋម​សិក្សា​ពពាលខែ ក្នុងភូមិ​សាស្ត្រ​ស្រុក​ថ្មគោល ក៏​ត្រូវ​នគរបាល​ឃាត់ខ្លួន​តែ​ម្តង ។

លោកនាយ​ការិយាល័យ​បញ្ជាក់​ថា ផ្អែក​តាម​បណ្តឹង​របស់​ជន​រង​គ្រោះ និង​ចម្លើយ​សារភាព​របស់​ជនសង្ស័យ និង​មាន​វត្ថុ​តាង​ជាក់ស្តែង​ជនសង្ស័យ​ឈ្មោះ ប៊ុ​ន ភូ ហៅ​ស៊យ ត្រូវ​បាន​រៀបចំ​សំណុំ​រឿង​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្ត ចំណែក​ម៉ូតូ​ប្រគល់​ជូន​ម្ចាស់​ដើម​វិញ ៕​