ឆ្នាំ២០២០ កន្លងទៅរដ្ឋាភិបាលជប៉ុនផ្តល់ឥណទានសម្បទានជាទឹកប្រាក់២៥ ប៊ីលានយ៉េនជប៉ុន
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ក្នុងឆ្នាំ ២០២០ កន្លងមកនេះ រដ្ឋាភិបាលជប៉ុន បានផ្តល់ឥណទានសម្បទាន មានទឹកប្រាក់ចំនួន ២៥ ប៊ីលានយ៉េនជប៉ុន…
រាជធានីភ្នំពេញ ៖ ក្នុងឆ្នាំ ២០២០ កន្លងមកនេះ រដ្ឋាភិបាលជប៉ុន បានផ្តល់ឥណទានសម្បទាន មានទឹកប្រាក់ចំនួន ២៥ ប៊ីលានយ៉េនជប៉ុន…
រាជធានីភ្នំពេញ ៖ ក្នុងឆ្នាំ ២០២០ កន្លងមកនេះ រដ្ឋាភិបាលជប៉ុន បានផ្តល់ឥណទានសម្បទាន មានទឹកប្រាក់ចំនួន ២៥ ប៊ីលានយ៉េនជប៉ុន (ត្រូវជាប្រមាណ ២៣៨ លានដុល្លារអាមេរិក) ក្នុងការចូលរួមចំណែក លើគ្រប់វិស័យក្នុងប្រទេសកម្ពុជា ។
នៅថ្ងៃទី ២៥ ខែ មករា ឆ្នាំ ២០២១ នេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវសេចក្តីសោមនស្សរីករាយ អបអរសាទរ ចំពោះលោកស្រី KAMEI Haruko ប្រធានតំណាងថ្មី របស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ប្រចាំព្រះរាជាណាចក្រកម្ពុជា និងបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលជប៉ុន និងប្រជាជនជប៉ុន ដែលតែងតែជួយគាំទ្រក្នុងការស្តារ និងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមដល់កម្ពុជា ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ពិសេស ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលបានដើរតួនាទីយ៉ាងសកម្ម ក្នុងការផ្តល់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ផ្លូវការ (ODA) ឆ្លើយតបចំទិសដៅអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលកម្ពុជា និងសង្ឃឹមថា JICA នឹងបន្តជួយពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ចសង្គមរវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសជប៉ុន ឱ្យកាន់តែទូលំទូលាយ និងស្អិតរមួតថែមទៀត។
សូមជម្រាបផងដែរថា ប្រទេសជប៉ុន គឺជាដៃគូយុទ្ធសាស្ត្រ និងជាដៃគូសហប្រតិបត្តិការទ្វេភាគីធំជាងគេមួយ ដែលបានផ្តល់ហិរញ្ញប្បទានដល់ប្រទេសកម្ពុជា។ ការផ្តល់ហិរញ្ញប្បទានរបស់រដ្ឋាភិបាលជប៉ុន គឺចំគោលដៅ លើគ្រប់វិស័យ រួមមាន ៖ សុខាភិបាល អប់រំ កសិកម្ម ហេដ្ឋារចនាសម្ព័ន្ធផ្លូវជាតិ ស្ពាន កំពង់ផែស្វយ័តអន្តរជាតិ ប្រព័ន្ធធារាសាស្ត្រ បណ្តាញថាមពលអគ្គិសនី និងការផ្គត់ផ្គង់ទឹកស្អាត ជាដើម។ល។ និងបានចូលរួមចំណែកជាមួយដៃគូអភិវឌ្ឍន៍នានាជួយគាំទ្រសកម្មភាពនៃការ អនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការឆ្លើយតបទៅនឹងផលប៉ះពាល់ដោយសារជំងឺកូវីដ ១៩ លើបញ្ហាសុខភាព សង្គម និងសេដ្ឋកិច្ចកម្ពុជា សំដៅរក្សាលំនឹងសេដ្ឋកិច្ច-សង្គម ក៏ដូចជា ជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ ។
លោកស្រី KAMEI Haruko ក៏បានសម្តែងនូវសេចក្តីសោមនស្សរីករាយ ដែលបានមកបំពេញភារកិច្ចនៅព្រះរាជាណាចក្រកម្ពុជា និងបានសម្តែងនូវការកោតសរសើរចំពោះ កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលសម្រេចបាននូវសមិទ្ធផលផ្លែផ្កាជាច្រើន ជាពិសេស ក្នុងការចាត់វិធានការយ៉ាងម៉ឺងម៉ាត់ និងម៉ត់ចត់ បង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ នាពេលបច្ចុប្បន្ននេះ។
ក្នុងអាណិត្តបំពេញភារកិច្ចនៅកម្ពុជា លោកស្រីសន្យានឹងបន្តខិតខំពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងបន្តការគាំទ្រ នូវការផ្តល់ហិរញ្ញប្បទានបន្ថែមទៀត ក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ផ្លូវការ (ODA) ទាំងក្នុងក្របខ័ណ្ឌហរិញ្ញប្បទានឥតសំណង ឥណទានសម្បទាន និងជំនួយបច្ចេកទេសជាដើម៕
ចែករំលែកព័តមាននេះ