រាជធានីភ្នំពេញ ៖ តារាសម្តែងជំនាន់ថ្មីកញ្ញា ជា ស្រីរ័ត្ន បានសម្រេចផ្អឹបរឿងរៀបការមួយរយៈ ដើម្បីក្តោបក្តាប់ទីផ្សារការងារសិល្បៈឲ្យបានពេញដៃ ក្នុងពេលដែលតារាសម្តែងរូបនេះបាននិងកំពុងបង្ហាញវត្តមានសម្តែងជាបន្តបន្ទាប់នៅក្នុងខ្សែភាពយន្តក្នុងរយៈពេលចុងក្រោយនេះ។
តារាសម្តែងដែលបានផ្តើមចេញពីការប្រឡងកម្មវិធី Freshie រដូវកាលទី១១ ជាប់ក្នុងចំណោម១០នាក់រូបនេះ ត្រូវបានគេមើលឃើញថា នាងកំពុងតែមានទីផ្សារខ្ពស់ម្នាក់ផងដែរ នៅក្នុងអាជីពសិល្បៈ ខណៈពេលដែលវត្តមានរបស់នាងសម្តែងនៅក្នុងរឿងភាគទូរទស្សន៍ជាបន្តបន្ទាប់។
ដោយសារការងារសិល្បៈធ្លាក់មកជាបន្តបន្ទាប់ និងបញ្ហាមួយចំនួនទៀតនោះ ទើប ជា ស្រី រ័ត្ន បានសម្រេចផ្អាកគិតពីការរៀបចំមង្គលការមួយរយៈ បន្ទាប់ពីតារារូបនេះបានភ្ជាប់ទំនាក់ទំនងស្នេហ៍ក្រៅឆាកជាមួយតារាប្រុសមួយរូប និងបានភ្ជាប់ពាក្យជាមួយគ្នាកាលពីអំឡុងឆ្នាំ២០២០ ។
ជា ស្រីរ័ត្ន បានអះអាងប្រាប់កោះសន្តិភាពថា មួយរយៈនេះ នាងមានការមមាញឹកខ្លាំងទៅលើការងារសិល្បៈ ហេតុនេះរឿងកំណត់ថ្ងៃមង្គលការនោះ គឺនាងមិនទាន់បានគិតនៅឡើយទេ ណាមួយបច្ចុប្បន្នកម្ពុជាក៏ដូចជាបណ្តាប្រទេសនៅលើសកលលោកដែលកំពុងញាំញីដោយសារជំងឺកូវីដ១៩។
នាងបញ្ជាក់ថា នាងបានសម្រេចភ្ជាប់ពាក្យជាមួយតារាសម្តែងប្រុសមួយរូប ក្រោយពីបានស្គាល់គ្នាអស់រយៈពេលប្រមាណជា៥ឆ្នាំមកនេះ ហើយរឿងរ៉ាវស្នេហាក្រៅឆាករបស់នាងនាពេលនេះ ក៏មានការលាក់លៀមដែរ ពោលគឺមានការដឹងលឺច្រើននៅក្នុងសង្គមសិល្បៈ និងមានការចុះផ្សាយតាមបណ្តាញសារព័ត៌មានជាបន្តបន្ទាប់ផងដែរ។
ទោះជាយ៉ាងណា បើតាម ជា ស្រីរ័ត្ន ថា មង្គលការនាងកើតឡើងនាពេលណានោះ នាងនៅមិនទាន់អាចកំណត់បាននៅឡើយទេ ដោយសារក្នុងរយៈពេលនេះនាងគិតរឿងការងារសិល្បៈជាមុនសិន ក្នុងពេលដែលនាងក៏ចង់សម្រេចគោលបំណងនៅក្នុងការបើកមុខរបររកស៊ីផ្ទាល់ខ្លួនមួយផងដែរ។
ជា ស្រីរ័ត្ន បានឲ្យដឹងទៀតថា នាងបានចូលប្រឡូកសិល្បៈតាំងពីឆ្នាំ២០១៦ ក្រោយពេលដែលនាងបានចូលប្រឡងកម្មវិធី Freshie រដូវកាលទី១១ ដោយពេលនោះនាងមិនបានជាប់ជ័យលាភីឡើយ ប៉ុន្តែនាងបានជាប់ជាបេក្ខនារី១០រូបចុងក្រោយនៃកម្មវិធីមួយនេះ។
នាងបញ្ជាក់ថា តាំងពីចូលសិល្បៈដំបូង មកទល់ពេលនេះ គឺនាងថតបានប្រហែលជិត១០រឿងរួចហើយ មានរឿង «ចៅប្រសារក្លែងក្លាយ» រឿង »ចៅធុងចៅសាញ់~ រឿង «អាទិត្យវង្សា ស៊ីសូរិយាវង្ស» រឿង «ទាយាទអសុរ:» និងរឿង «បុប្ផាស្រុកស្រែ»។ល។ ខណៈពេលរឿងខ្នាតធំដែលនាងចូលរួមសម្តែងនោះក៏ត្រៀមចាក់បញ្ចាំងតាមរោងផងដែរ។
ដោយឡែកពាក់ព័ន្ធទៅនឹងការសម្តែងនេះដែរ ជា ស្រីរ័ត្ន បានលើកឡើងថា ត្បិតនាងចូលសម្តែងបានច្រើនរឿងក៏ដោយ ប៉ុន្តែសម្រាប់ឈុតឆាកអោបថើបដែលមានការស៊ីជម្រៅខ្លាំងនោះ គឺនាងមិនដែលទទួលសម្តែងឡើយ ដោយភាគច្រើននាងសម្តែងតែតួរអង្គឯកស្លូត និងតួរអង្គឯកចរិកប្រុសប៉ុណ្ណោះ។
គួរបញ្ជាក់ថា តារាសម្តែងដែលមានវ័យ២៦ឆ្នាំនាង ជា ស្រីរ័ត្ន ត្រូវបានគេដឹងថា នាងបានកសាងទំនាក់ទំនងក្រៅឆាកអស់ជាច្រើនឆ្នាំជាមួយតារាសម្តែងលោកស្រេន វុធថា ហើយនាក់ទាំងមូលបានសម្រេចភ្ជាប់ពាក្យជាមួយគ្នាយ៉ាងមហោឡាឱកកាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២០ កន្លងទៅ៕
ចែករំលែកព័តមាននេះ