រាជធានីភ្នំពេញ ៖ បើមិនមានការប្រែប្រួលណាមួយនោះទេ ផែនការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋអាចនឹងចាប់ផ្តើមនៅខែកុម្ភៈ ឬខែមីនាខាងមុខនេះ ខណៈដែលវ៉ាក់សាំងដែលកម្ពុជាអាចនឹងទទួលបានបែបជាអំណោយមានចំនួនដល់១១លានដូសនៃចំនួនវ៉ាក់សាំងសរុប ដែលកម្ពុជាត្រៀម២០លានដូស ។
ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាលេខាធិកាប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុមានប្រសាសន៍ក្នុងវេទិការសាធារណៈស្តីពីគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ចនិងច្បាប់ថវិកាឆ្នាំ២០២១ នៅថ្ងៃទី២៧ មករា ឆ្នាំ២០២១នេះ ក្នុងចំណោមផែនការវ៉ាក់សាំង២០លានដូសប្រហែលយើងអាចមានសំណាងបានជាអំណោយដល់ជាង១១លានដូស ។
ឯកឧត្តមគូសបញ្ជាក់ថា តាមកូវ៉ាក់ដែលជាប្រព័ន្ធអន្តរជាតិយើងរំពឹងថា នឹងបានជំនួយប្រមាណ៧លានដូស ហើយសម្តេចមានប្រសាសន៍ហើយ នៅខែ២ ខែ៣ខាងមុខនេះ យើងសង្ឃឹមថា បានមកពីចិន អាចដល់១លានដូសថែមទៀត អីចឹងយើងនឹងចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋនៅក្នុងខែមីនា ឬមុនពេលនេះទៀត ។ វ៉ាក់សាំងការពារជំងឺកូវីដ១៩ កូវ៉ាក់អាចបញ្ជូនមកដល់បណ្តើរៗនៅក្នុងខែ២ ឬខែ៣ខាងមុខនេះដែរ ហើយនៅចំនួន៣លានដូសផ្សេងទៀតថ្មីៗនេះ ប្រទេសអូស្ត្រាលី និងផ្ទេរជាអំណោយ ហើយការទិញនេះគាត់អាចទិញតាមយន្តការកូវ៉ាក់ ,WHO ឬតាមយន្តការផ្សេងទៀតផ្នែកទៅតាមការពិភាក្សាចុងក្រោយ ។ តែអ្វីដែលគាត់សន្យា២៨លានដុល្លារអាមេរិកសម្រាប់ទិញវ៉ាក់សាំងចំនួន៣លានដូស ។
ឯកឧត្តម សង្កត់ធ្ងន់ថា«មកដល់ឥលូវនេះយើងមានទិន្នន័យវ៉ាក់សាំងការពារជំងឺកូវីដ១៩ដែលជាអំណោយចំនួន១១លានដូសហើយ ។ ក្រៅពីអំណោយ យើងអាចទិញដោយផ្ទាល់ដោយប្រើថវិកាជាតិ ឬលុយទទួលបានពីសប្បុរសជនក្នុងស្រុកដែលមាននៅក្នុងដៃ៧លានដុល្លារអាមេរិក ។ ដូច្នេះសម្រាប់វត្តមានវ៉ាក់សាំងនៅក្នុងស្រុកខ្មែរលែងចោទជាបញ្ហាទៀតហើយ សំខាន់យើងត្រូវរៀបចំឃ្លាំងកន្លែងដឹកជញ្ជូន ហើយចាក់វ៉ាក់សាំងទៅតាមនីតិវិធី រួមនិងការគ្រប់គ្រងកាកសំណល់អាចជារឿងពិបាក ។
ឯកឧត្តម លើកឡើងថា« បើអ្វីៗដំណើរការទៅតាមការគ្រោងទុករបស់យើងនេះ ហើយវ៉ាក់សាំងបានមកដល់ទៅតាមាការចង់បាន ។ ជាទស្សនៈវិស័យកម្ពុជាជាប្រទេសមួយក្រីក្រប៉ុន្តែមានល្បឿនលឿនដូចទៅ និងប្រទេសអ្នកមានដែរ ក្នុងការទិញ និងការចាក់វ៉ាក់សាំង។នេះជាសញ្ញាមួយល្អបំផុតសម្រាប់ការងើបឡើងវិញ នៅកំណើនសេដ្ឋកិច្ចជាតិ និងការទាក់ទាញការវិនិយោគដែលឱកាសផ្តល់នៅក្នុងតំបន់យើងនេះ» ៕
ចែករំលែកព័តមាននេះ