រាធានីភ្នំពេញ ៖ ជាថ្មីម្តងទៀត ក្រសួងសុខាភិបាល បានណែនាំទៅដល់អភិបាលរាជធានី-ខេត្ត ទាំងអស់ត្រូវយកចិត្តទុកដាក់ខ្ពស់ជាបន្ដទៀត ដើម្បីជំរុញ និងពង្រឹងការអនុវត្តវិធានការ ការពារការចម្លងជំងឺកូវីដ១៩ នៅតាមពិធីបុណ្យផ្សេងៗ និងពិធីរៀបអាពាហ៍ពិពាហ៍ ជាដើមនៅតាមមូលដ្ឋានរបស់ខ្លួន ។
តាមរយៈលិខិតរបស់ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃទី២៦ មករា ឆ្នាំ២០២១ ទៅកាន់អភិបាលរាជធានី-ខេត្ត ទាំងអស់បានឲ្យដឹងថា ដើម្បីពង្រឹងការអនុវត្តវិធានការសុខាភិបាលឲ្យមានប្រសិទ្ធភាព សម្តេចតេជោនាយករដ្ឋមន្ត្រី បានឯកភាព ប្រគល់ជូនអាជ្ញាធរថ្នាក់ក្រោមជាតិ ឲ្យទទួលខុសត្រូវតាមដាន និងគ្រប់គ្រងការអនុវត្តវិធានការសុខាភិបាលនៅតាមមូលដ្ឋានក្រោមដែនសមត្ថកិច្ចរបស់ខ្លួន ដូច្នេះមុននឹងអនុញ្ញាតឲ្យមានការរៀបចំពិធីបុណ្យ ឬកម្មវិធីផ្សេង ៗ អាជ្ញាធរថ្នាក់ក្រោមជាតិ ត្រូវធ្វើការណែនាំម្ចាស់ពិធីបុណ្យ ឬកម្មវិធី អំពីវិធានការសុខាភិបាល ដូចខាងក្រោម ៖
ទី១-ណែនាំឲ្យម្ចាស់កម្មវិធី និងភ្ញៀវចូលរួមការអនុវត្តវិធានការសុខាភិបាលដូចជា បំពាក់ម៉ាស៊ីនវាស់កំដៅស្វ័យប្រវត្តិ ឬទែម៉ូម៉ែត្រវាស់កំដៅដោយដៃ ដាក់អាល់កុល ឬជែលលាងដៃ នៅគ្រប់ច្រកចូល និងដាក់អាល់កុល ឬជែលលាងដៃ នៅក្នុងទីតាំងប្រតិបត្តិការរបស់ខ្លួន និងតម្រូវឲ្យលាងដៃជាញឹកញាប់ ជាពិសេសបន្ទាប់ពីបានប៉ះពាល់វត្ថុផ្សេងៗ ក្រោយពេលចូលបន្ទប់ទឹក និងមុនពេលបរិភោគអាហារជាដើម ។
ទី២-រៀបចំទីតាំងឈរ ឬអង្គុយសម្រាប់ភ្ញៀវ និងអ្នកបំរើសេវាកម្មក្នុងពិធី ដោយរក្សាគម្លាតសុវត្ថិភាពបុគ្គលឲ្យបានយ៉ាងតិច១.៥ម៉ែត្រឡើងទៅពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ ។ រៀបតុអាហារដោយកំណត់ចំនួនភ្ញៀវអង្គុយត្រឹម ប្រាំនាក់ ក្នុងមួយតុ ដែលទំលាប់ពីមុនអង្គុយ១០នាក់ ។
ទី៣-ធ្វើបដិសណ្ឋារកិច្ច ត្រូវធ្វើតាមទំនៀមទំលាប់ប្រពៃណីខ្មែរ ដោយលើកដៃសំពះ ចៀសវាងការចាប់ដៃ ឱបគ្នាជាដើ ម។
ទី៤-ដាក់បង្ហាញនូវស្លាកសញ្ញាណែនាំការពាក់ម៉ាស់ និងរក្សាអនាម័យដៃស្អាត និងណែនាំអនាម័យពេលក្អក-កណ្តាស់ នៅគ្រប់ច្រកចូល និងទីតាំងដែលអាចមើលឃើញទាំងអស់គ្នា។
និងទី៥-អាជ្ញាធរថ្នាក់ក្រោមជាតិ ត្រូវចាត់កម្លាំងសមត្ថកិច្ចធ្វើការតាមដាន និងណែនាំដល់ម្ចាស់កម្មវិធីបុណ្យផ្សេងៗ កម្មវិធី អាពាហ៍ពិពាហ៍ និងភ្ញៀវចូលរួមបន្ថែមទៀតក្នុងពេលពិធី ដើម្បីធានាការអនុវត្តវិធានការសុខាភិបាលក្នុងពេល រៀបចំកម្ម វិធីសង្គមនានា ឲ្យបានម៉ឺងម៉ាត់ជាទីបំផុត ។
បន្ថែមពីនេះ រដ្ឋមន្ដ្រីសុខាភិបាល ក៏មានក្ដីសង្ឃឹមថា អភិបាលរាជធានី-ខេត្ត ទាំងអស់អនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់នូវវិ ធានការសុខាភិបាល ក្នុងពេលរៀបចំក្នុងវិធីសង្គមនានា៕
ចែករំលែកព័តមាននេះ