រាជធានីភ្នំពេញ ៖ កុមារា មល្លីឋានន្តរ៍ បានក្លាយជាតារាបង្ហាញម៉ូតវ័យក្មេងដំបូងគេបង្អស់ដែលនឹងត្រូវបានចូលរួមក្នុងកម្មវិធីប្រកួត Global Kids Pageant 2021 ដែលគ្រោងនឹងរៀបចំនៅក្នុងប្រទេសចិន នាអំឡុងខែសីហា ខាងមុខនេះ ក្នុងករណីដែលការរីករាលដាលនៃជំងឺកូវីដ១៩ មានភាពធូរស្រាល។
កុមារា មល្លីឋានន្តរ៍ ជាតារាបង្ហាញម៉ូតក្មេងដំបូងគេបង្អស់តំណាងកម្ពុជា ក្នុងកម្មវិធីប្រកួត Global Kids Pageant ២០២១ មានអាយុ១០ឆ្នាំ មានសញ្ជាតិខ្មែរ-បារាំង ដែលបច្ចុប្បន្នកុមាររូបនេះកំពុងសិក្សានៅឆ្នាំទី៤ នៃសាលាបារាំង Lycée Francais René Descartes ក្រុងភ្នំពេញ។
លោក ម៉ែន និមលរតន៍ ប្រធានក្លឹបបង្ហាញម៉ូតកម្ពុជាអន្តរជាតិ (CIM) បានឲ្យដឹងថា កុមារា មល្លីឋានន្តរ៍ ត្រូវបានជ្រើសរើសឲ្យចូលរួមប្រកួតកម្មវិធីថ្នាក់អន្តរជាតិខាងលើ ដោយសារគាត់មានសមត្ថភាព ដោយសារគាត់អាចនិយាយភាសាខ្មែរ អង់គ្លេស និងបារាំង ហើយគាត់ចូលចិត្តធ្វើជាតារាបង្ហាញម៉ូតតាំងពីគាត់នៅក្មេង កាលពីគាត់មានអាយុ២ឆ្នាំម្ល៉េះ។
លោកថា ឥឡូវនេះ គាត់ក៏កំពុងបណ្តុះបណ្តាលជំនាញដើរម៉ូត ដើម្បីរៀបចំខ្លួនគាត់សម្រាប់ការប្រកួតនៅប្រទេសចិននាពេលខាងមុខនេះ។
លោកបញ្ជាក់ថា មកទល់នាពេលនេះ កុមារា មល្លីឋានន្តរ៍ កំពុងតែហ្វឹកហាត់ពីការដើរម៉ូតក្នុងរយៈពេលប្រមាណជាង១ខែ ហើយ នៅពេលដែលការហ្វឹកហាត់នេះចប់ គាត់នឹងត្រូវបានបន្តរៀនជំនាញផ្សេងទៀតដែលគាត់អាចនឹងចាប់យកមានដូចជា ការច្រៀង រាំ និងការលេងតន្ត្រីជាដើម។ល។
យ៉ាងណា បើតាមលោក ម៉ែន និមលរតន៍ កន្លងមក អ្នករៀបចំកម្មវិធីប្រកួត Global Kids Pageant បានទាក់ទងមកជាច្រើនដង ប៉ុន្តែយើងមិនមានបេក្ខភាពសម្រាប់ចូលរួម ដោយពេលខ្លះលោកមានកុមារដែលអាចចូលរួមប្រកួតដែរ ប៉ុន្តែខាងអាណាព្យាបាលខ្លះគាត់មិនព្រមឲ្យកូនរបស់គាត់ទៅចូលរួម។ យ៉ាងណានៅឆ្នាំនេះ យើងមានកុមារដែលតំណាងកម្ពុជាជាលើកដំបូងដែលអាចចេញទៅប្រកួតជាលក្ខណៈអន្តរជាតិនាពេលនេះ ដែលនោះចាត់ទុកជាមោនភាពមួយផងដែរ សម្រាប់ប្រទេសរបស់យើងដែលមានកុមារដែលមានអាយុតិច ហើយមានសមត្ថភាពប្រកួតប្រជែងលើឆាកអន្តរជាតិដែលមានអ្នកចូលរួមច្រើនប្រទេស។
លោកបន្ថែមថា តាមការគ្រោងទុកកម្មវិធីប្រកួត Global Kids Pageant ២០២១ នឹងធ្វើឡើងក្នុងរយៈពេល១សប្តាហ៍នាអំឡុងខែសីហា ឆ្នាំ២០២១ខាងមុខនេះ ហើយប្រសិនបើការរីករាលនៃជំងឺកូវីដ១៩ អាចនឹងមានការថមថយនោះ កម្មវិធីទាំងមូលនឹងប្រប្រឹត្តទៅតាមកាលវិភាគដែលបានកំណត់។
លោក ម៉ែន និមលរតន៍ រយៈពេល១សប្តាហ៍នៃការប្រកួតនេះ គឺគេសំដៅជ្រើសរើសយកបេក្ខជនតែទៅការដើរម៉ូត និងការបញ្ចេញសមត្ថភាពដែលមានប៉ុណ្ណោះ ហើយនៅតាមប្រទេសនីមួយៗ គឺគេជ្រើសរើសបេក្ខជនពីម្នាក់ទៅ៤នាក់ប៉ុណ្ណោះ អាស្រ័យលើប្រទេសនោះមានលទ្ធភាពដើម្បីបញ្ជូនបេក្ខជនឲ្យចូលរួម។
លោកបញ្ជាក់ថា រហូតមកទល់នាពេលនេះ Global Kids Pageant បានទទួលបេក្ខជនដែលបានដាក់ពាក្យចូលរួមប្រកួតនៅជុំវិញពិភពលោកមានចំនួនប្រមាណជា៥០រូបរួចហើយ។ កម្មវិធីបង្ហាញម៉ូតកុមារលំដាប់ពិភពលោកខាងលើនេះ នឹងត្រូវរៀបចំឡើងនៅពាក់កណ្តាលខែសីហា ឆ្នាំ២០២១ នៅទីក្រុងសាយ៉ា ប្រទេសចិន។ កម្មវិធីប្រកួតប្រជែងនេះ នឹងត្រូវចែកចេញពីពីរក្រុម គឺក្រុម A មានកុមារអាយុ៦ដល់៨ឆ្នាំ និងក្រុមB មានកុមារចាប់ពីអាយុ៩ដល់១២ឆ្នាំ ខណៈពេលដែលកម្ពុជាស្ថិតនៅក្នុងក្រុមB ៕
ចែករំលែកព័តមាននេះ