ប្រទេសរុស្ស៊ី ៖ បាតុកម្មធំកើតមានជាច្រើនកន្លែងនៅរុស្ស៊ី កាលពីថ្ងៃទី២៣ ខែមករា ដើម្បីតវ៉ាប្រឆាំងការឃុំខ្លួនមេដឹកនាំប្រឆាំងលោកអាឡិច សីណាវ៉ាល់នី ក្រោយពេលវិលត្រឡប់មកពីអាល្លឺម៉ង់វិញ ។ បរិយាកាសតានតឹងកើតមានកាលពីថ្ងៃទី២៣ មករា ជាមួយការប៉ះទង្គិចគ្នារវាងប៉ូលិស និងពួកបាតុករ ហើយមនុស្សប្រមាណជាង២.៥០០នាក់បានត្រូវចាប់ខ្លួន ក្នុងនោះរួមទាំងភរិយារបស់លោកណាវ៉ាល់នីផងដែរ ។
ភរិយារបស់មេដឹកនាំប្រឆាំងរូបនោះ លោកស្រីអ៊ីអ៊ូលីយ៉ាណាវ៉ាល់នីប្រកាសថា លោកស្រីត្រូវចាប់ខ្លួននាថ្ងៃទី២៣ មករានោះ ដោយប៉ូលិសក្រុងមូស្គូពេលមានបាតុកម្មគាំទ្រស្វាមីលោកស្រីដែលស្ថិតក្នុងការឃុំឃាំង ។ មនុស្សច្រើនសិបនាក់ចាប់ខ្លួនក្នុងរដ្ឋធានីរុស្ស៊ី ខណៈមនុស្សច្រើនពាន់នាក់បានមកប្រមូលផ្ដុំគ្នានៅទីលានពូស្គីន ។
បាតុករច្រើនរយនាក់ត្រូវចាប់ខ្លួនក្នុងកន្លែងដទៃៗទៀតរបស់ប្រទេស ។ នៅក្រុងមូស្គូមានការប៉ះទង្គិចគ្នានាថ្ងៃទី២៣ មករា រវាងប៉ូលិស និងពួកបាតុករ ដោយប៉ូលិសបានប្រើដំបងប្រឆាំងពួកបាតុករដែលគប់ដុំព្រិល ។ បាតុករមួយចំនួនបានលើកគ្នាឆ្ពោះទៅកាន់ទីលាន MANEGE ជិតវិមានក្រឹមឡាំង ៕ ដកស្រង់ចេញពីវេបសាយ ៖ yahoo
ចែករំលែកព័តមាននេះ