រាជធានីភ្នំពេញ ៖ ក្នុងន័យការពារកេរ្តិ៍ឈ្មោះអង្ករកម្ពុជា និងការពារផលប្រយោជន៍របស់ប្រជាកសិករខ្មែរ ថ្នាក់ដឹកនាំក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ នេះ បានចេញសេចក្តីថ្លែងការណ៍មួយឆ្លើយតបនឹងការចោទប្រកាន់ថា អង្ករកម្ពុជានាំចេញទៅទីផ្សារប្រទេសអូស្ត្រាលី ជាប់ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្សជាការចោទប្រកាន់គ្មានមូលដ្ឋាននោះឡើយ ។
![](https://kohsantepheapdaily.com.kh/wp-content/images/2021/01/28dd2c7955ce926456240b2ff0100bde-17.jpg)
ក្នុងសេចក្តីថ្លែងការណ៍មួយនេះ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ «សូមសម្តែងការខកចិត្ត និងសោកស្ដាយជាទីបំផុតចំពោះទង្វើគ្មានមនសិការរបស់បុគ្គលឈ្មោះ ឯក សុវត្ថី ពលរដ្ឋអូស្ត្រាលីដើមកំណើតខ្មែរ រស់នៅទីក្រុងស៊ីដនី ដែលបានផ្ញើលិខិតជូនរដ្ឋមន្ត្រីពាណិជ្ជកម្មអូស្ត្រាលី ដោយចោទប្រកាន់ទាំងគ្មានមូលដ្ឋានអំពីការនាំអង្ករកម្ពុជាទៅប្រទេសអូស្ដ្រាលីថា មានពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស ក្នុងគោលបំណងទុច្ចរិត ដើម្បីរារាំងការនាំអង្ករពីកម្ពុជាចូលទីផ្សារអូស្ត្រាលី» ។
![](https://kohsantepheapdaily.com.kh/wp-content/images/2021/01/35f4a8d465e6e1edc05f3d8ab658c551-15.jpg)
ប្រភពដដែលបានបន្តថា «ដើម្បីការពារផលប្រយោជន៍របស់ប្រជាកសិករខ្មែរ និងកេរ្តិ៍ឈ្មោះអង្ករកម្ពុជា ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសអូស្ត្រាលី និងនូវែលសេឡង់ បានខិតខំធ្វើការសហការយ៉ាងជិតស្និទ្ធ និងបកស្រាយបំភ្លឺយ៉ាងសកម្ម ជូនក្រសួងស្ថាប័នពាក់ព័ន្ធរបស់អូស្ត្រាលី ជុំវិញការចោទប្រកាន់របស់បុគ្គលអគតិខាងលើ។ ជាលទ្ធផល ភាគីអូស្ត្រាលីបានឆ្លើយបញ្ជាក់ជាឱឡារឹកថា ផ្អែកលើការស្រាវជ្រាវរបស់ស្ថាប័នមានសមត្ថកិច្ចអូស្ត្រាលី បានរកឃើញថា ការលើកឡើងរបស់បុគ្គលឈ្មោះ ឯក សុវត្ថី គឺជាការចោទប្រកាន់ដែលគ្មានភស្តុតាង និងមិនអាចយកជាការបាន»។
![](https://kohsantepheapdaily.com.kh/wp-content/images/2021/01/d1fe173d08e959397adf34b1d77e88d7-16.jpg)
បន្ថែមពីលើនេះ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក៏បានធ្វើការ «ថ្កោលទោសជនអគតិទាំងឡាយដែលប៉ុនប៉ងបំផ្លិចបំផ្លាញផលប្រយោជន៍ប្រជាកសិករខ្មែរតាមរយៈទង្វើទុច្ចរិត និងមួលបង្កាច់បំភ្លៃការពិត ដូចករណីបានលើកឡើងខាងដើម» ។
![](https://kohsantepheapdaily.com.kh/wp-content/images/2021/01/f033ab37c30201f73f142449d037028d-20.jpg)
ថ្នាក់ដឹកនាំក្រសួងការបរទេសក៏បានគូសបញ្ជាក់ជូនសាធារណជនសារជាថ្មីថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជានិច្ចជាកាលបានផ្តោតការយកចិត្តទុកដាក់ខ្ពស់ចំពោះប្រជាកសិករខ្មែរ និងកសិផលកម្ពុជា ជាពិសេសអង្ករ តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍ ក្នុងនោះក៏មានប្រទេសអូស្ត្រាលីផងដែរ ដើម្បីធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធដាំដុះ ការធានាគុណភាពកសិផល ព្រមទាំងពង្រីកទីផ្សារដែលមានស្រាប់ និងស្វែងរកបន្ថែមនូវទីផ្សារថ្មីសម្រាប់ការនាំចេញអង្ករ និងកសិផលនានារបស់កម្ពុជាឱ្យកាន់តែទូលំទូលាយ និងតម្លៃសមរម្យ សំដៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាកសិករខ្មែរឱ្យកាន់តែល្អប្រសើរ៕
ចែករំលែកព័តមាននេះ