ខេត្តបាត់ដំបង៖ ស្នូរផ្ទុះចំនួន២លើកផ្ទួនៗដែលគេមិនទាន់ដឹងច្បាស់ថា តើជាស្នូរបាញ់កាំភ្លើង ឬស្នូរផ្ទុះផាវ.? ដែលសាក្សីបានអះអាងអំពីសមាសភាពជនបង្កជិះរថយន្ត និងជិះម៉ូតូប្រដេញគ្នាយ៉ាងប៉ផាប់ប៉ភីង តែសមត្ថកិច្ចហាក់មិនសូវចាប់អារម្មណ៍ទេ ខណ:ប្រជាពលរដ្ឋភ្ញាក់ផ្អើលទាំងកណ្ដាលយប់។

យោងតាមព័ត៌មានដែលកោះសន្តិភាពទទួលបានពីប្រភពនានានៅកន្លែងកើតហេតុបានឱ្យដឹងថា ហេតុការណ៍នេះ បានកើតឡើងនៅម៉ោងជិត១១យប់ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ នៅលើផ្លូវលេខ៣ ត្រង់ចំណុចខាងមុខអតីតសណ្ឋាគារ «តេអូ» ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។
សាក្សីបាននិយាយថា គេបានឮស្នូរផ្ទុះដូចបាញ់កាំភ្លើង ខណៈគេឃើញរថយន្ត និងអ្នកជិះម៉ូតូកំពុងប្រដេញគ្នាយ៉ាងប៉ផាប់ប៉ភីងតាមដងផ្លូវ ក្នុងទិសដៅពីត្បូងទៅជើង។

សាក្សីដដែលបានបញ្ជាក់ថា ដំបូងស្នូរផ្ទុះនោះបានកើតឡើងនៅខាងមុខអតីតសណ្ឋាគារ «តេអូ» ប៉ុន្តែនៅពេលមនុស្សម្នាផ្អើលឈូឆរចេញមកមើល ស្រាប់តែស្នូរផ្ទុះជាលើកទី២ នៅម្ដុំក្លិបខារ៉ាអូខេមួយកន្លែង ក្បែរផ្លូវរថភ្លើង ស្ថិតនៅខាងលិចចំណុចផ្ទុះលើកទី១ ប្រហែលជាង២០០ម៉ែត្រ ដែលគេសង្ស័យថា ជាក្រុមដដែល ដែលគេឃើញជិះប្រដេញគ្នាឆ្ពោះទៅតាមផ្លូវនោះ។
សន្តិសុខឯកជនម្នាក់បាននិយាយថា គេពិតជាបានឮសម្លេងផ្ទុះមែន ស្របពេលមានរថយន្ត និងម៉ូតូជិះប្រដេញគ្នា។
ប្រភពបានបញ្ជាក់ដែរថា ក្រោយកើតហេតុបន្តិចនាយប់នោះ គេឃើញមានកម្លាំងកងរាជអាវុធហត្ថ និងមន្ត្រីនគរបាលស្នងការខេត្តប៉ុន្មាននាក់ បានចុះទៅកាន់កន្លែងកើតហេតុ ដើម្បីសួរនាំ តែគេមិនដឹងថា ទទូលបានលទ្ធផលបែបណានោះទេ លុះប៉ុន្មាននាទីក្រោយក៏ស្ងាត់អស់ទៅ។

ប៉ុន្តែនៅព្រឹកថ្ងៃបន្ទាប់ គេមិនឃើញមានសមត្ថកិច្ចចុះទៅពិនិត្យកន្លែងកើតហេតុ ឬសួរនាំបន្តទេ។ សមត្ថកិច្ចហាក់មិនសូវចាប់អារម្មណ៍ ឬស្វះស្វែងស្រាវជ្រាវរកប្រភពនៃស្នូរផ្ទុះផ្ទួនៗទាំងកណ្ដាលរាត្រីនោះទេ បើទោះជាមានមន្ត្រីមួយចំនួនបានចុះទៅដល់កន្លែងកើតហេតុទាំងយប់ក្ដី តែបានទទួលស្គាល់ពិតជាមានសម្លេងផ្ទុះមែន។ ប៉ុន្តែគ្មានភស្ដុតាង គ្មានសាក្សីចង្អុលបង្ហាញឱ្យច្បាស់លាស់ ប៉ុន្តែមន្ត្រីខ្លះបានដាក់ការសង្ស័យថា អាចជាសម្លេងផ្ទុះ «ផាវ» ដែលជនទំនើងដុតបំផ្ទុះ បង្កឱ្យមានការភ្ញាក់ផ្អើលកណ្ដាលយប់។
លោក ឆាង វណ្ណឆៃ អធិការក្រុងបាត់ដំបង បានប្រាប់តាមទូរស័ព្ទថា លោកមិនបានដឹងរឿងពីដំបូងទេ តែបានដឹងនៅព្រឹកថ្ងៃបន្ទាប់។ លោកអធិការបានប្រាប់ថា ពេលនេះ មន្ត្រីរបស់លោកកំពុងចុះស្រាវជ្រាវហើយ តែមិនទាន់ដឹងថា តើសម្លេងផ្ទុះជាការបាញ់កាំភ្លើង ឬ សម្លេងផ្ទុះផាវនោះទេ។ ព្រោះពេលនេះ មន្ត្រីជំនាញកំពុងចុះសួរនាំនៅឡើយ៕
ចែករំលែកព័តមាននេះ