ខេត្តសៀមរាប ៖ បុគ្គលិកក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជាប្រមាណជិត ៨០នាក់តំណាងឲ្យបុគ្គលិកសរុប១៦១នាក់ បានធ្វើបាតុម្មកាន់បដាតវ៉ានៅមន្ទីរការងារខេត្តសៀមរាប ឲ្យជួយអន្តរាគមន៍ ក្រោយពីក្រុមហ៊ុនបានកាត់បន្ថយបុគ្គលិកមួយចំនួនកាលពីពេលកន្លងទៅ ។

យ៉ាងណាមិញ ក្រោយការតវ៉ាប្រមាណជាង ៤ ម៉ោង ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសន្យាថានឹងរកដំណោះស្រាយ ជូនបុគ្គលិកក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា VINCI/SCA/CAMS នៅថ្ងៃបន្ទាប់ខាងមុខឲ្យបានសមរម្យ ។

ដំបូងឡើយការតវ៉ា ធ្វើឡើងក្នុងទ្រង់ទ្រាយតូចនិងស្ងាត់ស្ងៀម តែក្រោយមកក៏ផ្ទុះជាការតវ៉ាទ្រង់ទ្រាយធំ ហើយនាំគ្នាលើកបដាឡើង ដោយបងប្អូនក្រុមអ្នកតវ៉ាបានលើកឡើងថា ពួកគាត់ទាំងអស់គ្នា បានបម្រើការងារនៅទីនោះច្រើនឆ្នាំមកហើយ។ តែពេលនេះ ក្រុមហ៊ុន បែរជាបញ្ឈប់បុគ្គលិកតែ១៦១នាក់ទៅវិញ មានន័យថា ក្រុមហ៊ុនប្រកាន់បក្ខពួក។ បើចឹងទេ ពួកគេមិនព្រមឡើយ ចាំបាច់ត្រូវរកដំណោះស្រាយ សមរម្យ ដោយរក្សាពួកគេទាំងអស់ នៅបម្រើការដដែល។

ជាមួយការវិលត្រឡប់ របស់ក្រុមអ្នកតវ៉ាប្រធានមន្ទីរការងារនិង បណ្តុះ បណ្តាលវិជ្ជាជីវៈខេត្តសៀមរាប លោក ចន្ទ័ សុខុមចិត្តា បានប្រាប់តាមទូរស័ព្ទនៅវេលាម៉ោង៥និង១៥នាទីល្ងាចថា ករណីនេះ ខាងបុគ្គលិក បានដាក់លិខិតទៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីសុំអន្តរាគមន៍ហើយ តែក្រសួងសម្រេចអោយខេត្តដោះស្រាយ។

លោកបានបន្តថា ខាងមន្ទីរបានហៅពួកគាត់ចូលមកសម្រួល រកដំណោះស្រាយ តាមផ្លូវច្បាប់ តែពួកគាត់មិនស្តាប់ បែរជាចោទថា ជារឿងវិវាទ ហើយនាំគ្នាលើកបដាតវ៉ាទៅវិញ។ លោកប្រធានមន្ទីរបន្ថែមថា តាមពិតការកាត់ បន្ថយបុគ្គលិក១៦១ របស់ក្រុមហ៊ុនអាកាសយានដ្ឋាននេះ គឺដោយសារវិបត្តិកូវីដ១៩។ បើភ្ញៀវបរទេស មិនហ៊ានមក លេង ហើយបុគ្គលិក គ្មានការងារធ្វើផង តើបានប្រាក់ឯណា ផ្តល់ជូនពួកគាត់ ចឹងហើយទើបក្រុមហ៊ុនសម្រេចកាត់បន្ថយបុគ្គលិកមួយចំនួនបែបហ្នឹង?

លោកប្រធានមន្ទីរបានបញ្ជាក់ថា តាមពិតបុគ្គលិកចំនួន១៣០នាក់ បានយល់ព្រមទទួលយកប្រាក់ដំណោះស្រាយ របស់ក្រុមហ៊ុនរួចហើយ តែពួកគេនៅតែប្រមូលគ្នា មកតវ៉ាបន្ថែម។ ប៉ុន្តែទោះជាបែបនេះ ក៏ខាងមន្ទីរ នៅតែព្យាយាមរកដំណោះស្រាយ ដល់ពួកគាត់ដែរ ប៉ុន្តែតាមគោលការណ៍ច្បាប់។
កោះសន្តិភាពមិនអាចសុំការបំភ្លឺពីក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា VINCI/SCA/CAMS បានទេ នាថ្ងៃទី២៤ ខែមករានេះ ៕


ចែករំលែកព័តមាននេះ