ល្បិចបោកថ្មី! តាំងខ្លួនជាទាហានយកម៉ាស៊ីនភ្លើងក្លែងក្លាយទៅលក់ដល់ផ្ទះពលរដ្ឋ(វីដេអូ)
- ប៉ៃលិន
ខេត្តប៉ៃលិន៖ ថ្មីៗនេះមានការភ្ញាក់ផ្អើលយ៉ាងផុសផុលនៅខេត្តប៉ៃលិន រហូតមានការចែករំលែកនូវព័ត៌មានពេញបណ្តាញសង្គម បន្ទាប់ពីមានពលរដ្ឋមួយរូបបានចាញ់បោកក្រុមជនទុច្ចរិតមួយក្រុមមានជំនាញខ្ពស់តាំងខ្លួនជានាយទាហានព្រំដែន មានគ្នា៤នាក់ និងប្រើប្រាស់រថយន្តទំនើបដើរលក់ម៉ាស៊ីនភ្លើងក្នុងតម្លៃថោកៗដល់ប្រជាពលរដ្ឋដល់ផ្ទះ តែការពិតជាក់ស្តែងនោះគឺជាម៉ាស៊ីនភ្លើងក្លែងក្លាយសោះ ។
បុរសរងគ្រោះមួយរូបនៅខេត្តប៉ៃលិន បានបង្ហោះព័ត៌មានលើបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ Tanghun Heng ចែករំលែកនូវការឆបោកក្នុងរូបភាពថ្មី កាលពីវេលាម៉ោង៥ និង៣០នាទីល្ងាចថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១នេះថា ខ្លួនបានចាញ់បោកក្រុមជនទុច្ចរិត អស់លុយមួយចំនួនដែលក្រុមនោះបានដើរបោកប្រាស់អ្នកភូមិ ។ ព័ត៌មាននៃការចែកចាយនូវរូបភាពបោកប្រាស់ខាងលើនេះ ត្រូវបានអ្នកលេងបណ្តាញសង្គមចែកចាយដូចទឹកបាក់ទំនប់ ។

ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Tanghun Heng បានបង្ហោះសារអំពីរូបភាពនៃការបោកប្រាស់ដែលមានខ្លឹមសារថា «ជាលើកទី១ ក្នុងជីវិត ដែលត្រូវបានគេបោក ។ សូមបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់បំផុត ព្រោះថ្ងៃនេះ ខ្ញុំបានជួបក្រុមបោកយ៉ាងមានជំនាញខ្ពស់ តាំងខ្លួនជានាយទាហានព្រំដែន មានគ្នា៤នាក់ ជិះឡាន ហាយឡែនឌ័រ ពណ៌ត្រេអ៊ី ដើរតួ មានអ្នកបើកឡាន មានកូនចៅ និងមានអ្នកធំ ថា មានម៉ាស៊ីនភ្លើងថ្មី ដែលឧកញ៉ាឧបត្ថម្ភឱ្យកងពល ២គ្រឿង ។ ពេលនេះ ចង់លក់១ចេញ ក្នុងតម្លៃថោក ហើយថា តម្លៃថ្មី១០០០ដុល្លារជាង ។ តែពួកគេចង់លក់ចែកយើងប្រើថោកៗ គឺ៥០០ដុល្លារប៉ុណ្ណោះ គ្រាន់បានលុយចាក់សាំងឡាន ។ ការពិតគឺតម្លៃថ្លៃជាងទីផ្សារ២ដង សំខាន់ម៉ាស៊ីន មិនមែនរបស់ក្រុមហ៊ុនទេ គឺ COPY (ថតចម្លង) »។
ប្រភពដដែលបានបន្តទៀតថា «ខ្ញុំគ្រាន់តែមិនចង់ឱ្យបងប្អូន ចាញ់បោកគេដូចខ្ញុំ លេខឡានក្រុមឆបោក ភ្នំពេញ 2AG-4751 និងរូបថតពួកគាត់ ។ សូមជួយស៊ែរ បន្តផងបាទ »។

ប្រាកដណាស់ ក្រោយពីបង្ហោះសារនៃការរូបភាពបោកប្រាស់ស្ទាយថ្មីនេះត្រឹមតែប៉ុន្មានម៉ោង ក៏មានអ្នកស៊ែរ និងបញ្ចេញមតិយោបល់យ៉ាងច្រើន ដោយខ្លះបានលើកឡើងថា « ខ្ញុំធ្លាប់ជួបដែរបង នៅផ្លូវហានណូន តែខ្ញុំមិនបានទិញទេ ។ អ្នកខ្លះទៀតលើកឡើងថា ជួបម្តង ដែរ តែខ្ញុំ១៥០ដុល្លារ, ខ្ញុំក៏ធ្លាប់ម្តងដែរ អស់៨០ម៉ឺនរៀល និងស្រាបៀរ៥កេស បាកាសមួយកេសទៀត ។ ខ្ញុំក៏ត្រូវគេបោកអស់៣៥០ដុល្លារ , ជួបម្តងដែរ តែខ្ញុំអត់យក, បងម៉ាស៊ីនហ្នឹងខ្ញុំប្រើហើយ តម្លៃវា ត្រឹមខ្ទង់២០០ដុល្លារជាង តែឥឡូវខ្ទង់១០០ដុល្លារជាងទេ, ថ្មីអាចត្រឹម៤០០ទៅ៥០០ដុល្លារ » ។
ចំណែកអ្នកខ្លះទៀត បានបញ្ចេញយោបល់ថា ខ្ញុំអស់៣៥០ដុល្លារម្តងកាលពីឆ្នាំ២០១៧ ពួកគាត់ជា ទាហាន, អ្នកខ្លះថា ស្តាយហ្នឹងគេដឹងតាំងពី៥០០ឆ្នាំមុនម៉្លេះ នៅតែមានអ្នកចាញ់បោក អត់យល់, ខ្ញុំធ្លាប់ជួបម្តងដែរអស់១លានរៀល។ ខ្ញុំក៏ធ្លាប់ជួបហើយដែរ វាពូកែលួងលោមណាស់ វាហៅម៉ា និងកុងញ៉ុមសុទ្ធតែពុកម៉ែ តែកាលហ្នឹងវាលក់តែ៤០០ដុល្លារទេ វាស្លៀកពាក់ឈុតទាហាន ។ ខ្ញុំក៏ធ្លាប់គេបោកដែរ វាលក់១០០០ដុល្លារ បញ្ចុះនៅសល់ត្រឹម៣៥០ដុល្លារហាហា ។
លើសពីនេះ ក៏មានអ្នកខមិនបន្តបន្ទាប់ទៀតដែរ ដោយធ្លាប់ចាញ់បោក តាមរបៀប លក់ម៉ាស៊ីន លក់ចង្ក្រានហ្គាស កៅស៊ូតង់ជាដើម ដោយអស់លុយចាប់ពី២០០ដុល្លារ រហូតដល់ ៥០០ដុល្លារថែមទៀត ៕













ចែករំលែកព័តមាននេះ