ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជាការ​កងទ័ពជើងគោក​ថា កង​យោធពលខេមរភូមិន្ទ​នៅ​តែ​ចាត់​ទុក​វិស័យ​ហ្វឹកហ្វឺន​សំខាន់​ចាំបាច់

3 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កង​យោធពលខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក​បាន​លើក​ឡើង​ថា កង​យោធពលខេមរភូមិន្ទ នៅ​តែ​ចាត់​ទុក​វិស័យ​ហ្វឹកហ្វឺន គឺជា​ការងារ​ដ៏​មាន​សារសំខាន់​ចាំបាច់…

ខេត្តកំពង់ស្ពឺ ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កង​យោធពលខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក​បាន​លើក​ឡើង​ថា កង​យោធពលខេមរភូមិន្ទ នៅ​តែ​ចាត់​ទុក​វិស័យ​ហ្វឹកហ្វឺន គឺជា​ការងារ​ដ៏​មាន​សារសំខាន់​ចាំបាច់ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​បន្ត​អនុវត្តន៍​ផែនការ​កែទម្រង់​របស់​ខ្លួន ក្នុង​ន័យ​នេះ​ការងារ​ហ្វឹកហ្វឺន គឺជា​កិច្ចការ​អាទិភាព​ដែល​ត្រូវ​ដំណើរការ​ដូច​ភ្លៀងរលឹម ដើម្បី​ចូលរួម​ចំណែក​អនុវត្ត​គោលនយោបាយ និង​យុទ្ធសាស្ត្រ​ការពារ​ជាតិ​របស់​រាជរដ្ឋាភិបាល​ឱ្យ​ទទួល​បាន​ជោគជ័យ ។

ការ​ថ្លែង​បែប​នេះ ក្នុង​ឱកាស​ដែល​លោក​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​បិទ​វគ្គ​ហ្វឹកហ្វឺន​ជំនាញ​អង្គរក្ស​ពិសេស ជំនាន់​ទី​២៥, បើក​វគ្គ​ហ្វឹកហ្វឺន​ជំនាញ​អង្គរក្ស​ពិសេស​ជំនាន់​ទី​២៦ និង​សម្ពោធ​សមិទ្ធផល​នានា​នៅ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​បញ្ជាការដ្ឋាន​អង្គរក្ស (​ភ្នំ​ស្រង់​) ក្នុង​ខេត្តកំពង់ស្ពឺ នា​ព្រឹក​ថ្ងៃ​ទី​២៣ ខែមករា ឆ្នាំ​២០២១​នេះ ។

លោក​ហ៊ុន ម៉ា​ណែ​ត បាន​គូសបញ្ជាក់​ថា កម្លាំង​ដែល​មាន​ស្រាប់ និង​កម្លាំង​បំពេញបន្ថែម​ត្រូវ​ទទួល​បាន​នូវ​ការ​ហ្វឹកហ្វឺន​ពង្រឹងសមត្ថភាព​ឱ្យ​បាន​ជាប់​ជា​ប្រចាំ ហើយ​ចាំបាច់​ទាមទារ​ឱ្យ​ការ​ហ្វឹកហ្វឺន​ទាំងអស់ ត្រូវ​ផ្តោត​លើ​គុណភាព​នៃ​បរិមាណ និង​ការ​ផ្ទេរ​បទ​ពិសោធន៍ ។

ជាក់ស្តែង​វគ្គ​ហ្វឹកហ្វឺន​ទាំងនេះ​បាន​ឆ្លើយ​តប​ចំពោះ​សេចក្តី​ត្រូវការ​ក្នុង​ការ​ពង្រឹង និង​ពង្រីក​សមត្ថភាព​ជំនាញ​របស់​យោធិន ដើម្បី​ធានា​បាន​នូវ​និរន្តរភាព​នៃ​សមត្ថភាព​ក្នុង​ការ​បំពេញភារកិច្ច​ក្នុង​ពេល​ចំពោះ​មុខ និង​រយៈពេល​វែង​របស់​កង​យោធពលខេមរភូមិន្ទ គឺ​ការ​ការពារ​ជាតិ​មាតុភូមិ និង​ប្រជាពលរដ្ឋ និង​ជា​ពិសេស​ការ​បំពេញភារកិច្ច​ស្នូល​របស់​អង្គភាព​ក្នុង​ការ​ការពារ​សន្តិសុខ សុវត្ថិភាព​ជូន​ប្រមុខ​រាជរដ្ឋាភិបាល ព្រមទាំង​ថ្នាក់ដឹកនាំ​ជាតិ​-​អន្តរជាតិ ក្នុង​កិច្ចប្រជុំ និង​ព្រឹត្តិការណ៍​ថ្នាក់​ជាតិ និង​អន្តរជាតិ​នានា ។

លោក​បាន​ធ្វើការ​កោតសរសើរ ចំពោះ​មេបញ្ជាការ ក៏​ដូច​ជា ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់​នៃ​បញ្ជាការដ្ឋាន​អង្គរក្ស​ដែល​បាន​ខិតខំ​ប្រឹងប្រែង​ដោះស្រាយ​ច្នៃប្រឌិត​ជម្នះ​ការ​លំបាក​ក្នុង​ការ​កសាង និង​អភិវឌ្ឍ ប្រែ​មុខមាត់​មជ្ឈមណ្ឌល​បញ្ជាការដ្ឋាន​អង្គរក្ស (​ភ្នំ​ស្រង់​) ពី​ទីតាំង​មួយ​ដែល​សំបូរ​ទៅ​ដោយ​កាក​សំណល់​ជាតិ​ផ្ទុះ បន្សល់​ទុក​ដោយសារ​សង្គ្រាម​ឱ្យ​ក្លាយទៅជា​មូលដ្ឋាន​ហ្វឹកហ្វឺន​មួយ​ដ៏​សំខាន់ ដោយ​មាន​សំណង់​ហេដ្ឋារចនាសម្ព័ន្ធ​ចាំបាច់​នានា​ជា​ច្រើន​ដូច​សព្វ​ថ្ងៃនេះ សម្រាប់​បំរើ​ឱ្យ​ការ​កសាង​ធនធានមនុស្ស​ក្នុង​កិច្ច​ការពារ​ជាតិ ។

ជាមួយ​គ្នា​នោះ លោក​ឧត្តមសេនីយ៍ឯក​ហ៊ុន ម៉ា​ណែ​ត ក៏​បាន​ចូលរួម​អបអរសាទរ​ចំពោះ​សមិទ្ធផល​អគារ​គិលានដ្ឋាន ត្រូវ​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ ដែល​សមិទ្ធផល​នេះ​បាន​ឆ្លុះ​បញ្ចាំង​អំពី​ការ​យកចិត្តទុកដាក់​គិតគូរ​របស់​ថ្នាក់ដឹកនាំ​បញ្ជាការដ្ឋាន​អង្គរក្ស​ចំពោះ​សុខទុក្ខ និង​សុខមាលភាព​របស់​យោធិន​, គ្រួសារ​យោធិន និង​សិក្ខាកាម ដែល​រស់នៅ​បំពេញការងារ និង​ហ្វឹកហ្វឺន​រៀនសូត្រ​នៅ​ក្នុង​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​នេះ ជា​ការ​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ការ​បំពេញភារកិច្ច និង​ការ​ហ្វឹកហ្វឺន​របស់​យោធិន​យើង​ក្នុង​គ្រប់​កាលៈទេសៈ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ