រាជធានីភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានមានប្រសាសន៍ថា រាល់អ្នកដំណើរពីក្រៅប្រទេសទាំងអស់ បើទោះបីជាបានចាក់វ៉ាក់សាំងប្រឆាំងកវីដ១៩ រួចរាល់ហើយ ក៏ដោយ ក៏ត្រូវឲ្យអនុវត្តវិធានការសុខាភិបាល និងការធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវដដែល ។
ឆ្លើយតបនឹងសំណួររបស់សារព័ត៌មានកោះសន្តិភាព ថា តើជនជាតិខ្មែរ និងជនបរទេស ដែលបានចាក់វ៉ាក់សាំងកូវីដ ១៩ បានចំនួន ២ ដងរួចរាល់ហើយ ដោយមានលិខិតបញ្ជាក់ត្រឹមត្រូវថា បានចាក់វ៉ាក់សាំងពិតប្រាកដមែន និងធ្វើដំណើរមកកម្ពុជា ។ តើពួកគាត់នឹងត្រូវតម្រូវឲ្យធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃដដែល ពេលធ្វើដំណើរមកដល់កម្ពុជា ឬយ៉ាងណា ?
លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ប្រាប់ថា «អ្នកដែលបានចាក់វ៉ាក់សាំងរួច ក៏ចាំបាច់ត្រូវបន្តអនុវត្តវិធានការសុខាភិបាលឲ្យបានខ្ជាប់ខ្ជួនដែរ រួមទាំងការធ្វើចត្តាឡីស័កផងដែរ ប្រសិនបើចូលមកកម្ពុជា » ។
សូមបញ្ជាក់ផងថា សម្រាប់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ របស់ក្រុមហ៊ុនស៊ីណូហ្វាម ដែលជាជំនួយរបស់ប្រទេសចិន នឹងមកដល់កម្ពុជានាកំលុងខែកុម្ភៈ ឆ្នាំ២០២១ ចំនួន ៣០ម៉ឺនដូស សម្រាប់ដំណាក់កាលដំបូងនៃជំនួយសរុប១លានដូស ៕
ចែករំលែកព័តមាននេះ