រាជធានីភ្នំពេញ ៖ ទោះបីមានក្រុមប្រឆាំងរិះគន់រឿងបាត់ទឹកដីយ៉ាងណា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានប្រកាសការពារទឹកដីកម្ពុជា ដែលមានសព្វថ្ងៃនេះ ហើយបើមានអ្នកណាពូកែ ក៏សូមអញ្ជើញចេញមុខទៅទាមទារយកទឹកដីដែលបាត់បងតាំងពីបរមបុរាណមកនោះវិញទៅ ។
ការប្រកាសរបស់សម្ដេចបែបនេះធ្វើឡើង បន្ទាប់ពីមានមជ្ឈដ្ឋាន និងក្រុមប្រឆាំងតែងតែលើកឡើងថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា បច្ចុប្បន្នដែលមានសម្ដេចតេជោ ជាប្រមុខបានធ្វើឲ្យបាត់បង់ទឹកដីជាច្រើន ពិសេសខាងភាគីវៀតណាម ។ ក្នុងពិធីសម្ពោធសមិទ្ធផលថ្មីរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២១នេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា សម្ដេចមានការគោរពណាស់ចំពោះព្របាទអង្គឌួង ។
សម្ដេចថា ប្រទេសជាតិរបស់យើង បើមើលពីដើមត្រឡប់មកវិញ យើងត្រូវថ្វាយការគោរពចំពោះព្រះបាទអង្គឌួង ព្រះនរោត្ដម ព្រះបាទស៊ីសុវត្ថិ ព្រះបាទស៊ីសុវត្ថិមុនីវង្ស រហូតមកដល់ព្រះបាទនរោត្ដមសីហនុ ព្រះបាទសុរាមឫទ្ធិ ហើយក្រោយមកទៀត គឺសម្ដេចព្រះនរោត្ដមសីហនុ ព្រះប្រមុខរដ្ឋ ចាប់ពីឆ្នាំ១៩៦០ ។ សម្ដេចបានបញ្ជាក់ថា «អ្វីដែលយើងគួរមើលត្រឡប់ទៅក្រោយវិញនោះ ប្រទេសខ្មែរស្ទើរតែបាត់ចេញពីផែនទីរបស់ពិភពលោកទៅហើយមានដំណាក់កាលមួយក្នុងរង្វង់ ឆ្នាំ១៨៤០ប្លាយ ប្រជាជនខ្មែរនៅមិនដល់ ១លាននាក់ទេ ពេលនោះព្រះបាទអង្គឌួង ប្រឹងប៉ុណ្ណា ដើម្បីរំដោះ ប្រទេសនេះហើយបានទៅកកើតរាជធានីនៅឧត្ដុងវាំងចាស់ ដែលខ្ញុំតែងតែទៅធ្វើបុណ្យ» ។
សម្ដេចបានលើកឡើងថា ព្រះបាទអង្គឌួង លោកប្រឹងណាស់ទម្រាំបានប្រទេសជាតិត្រឡប់មកវិញ ចឹងបានរដ្ឋធម្មនុញរបស់យើងចែងថា ក្សត្រដែលឡើងគ្រងរាជ្យនៅកម្ពុជា គឺសែលោហិតរបស់ព្រះបាទអង្គឌួង ព្រះបាទនរោត្ដម ព្រះបាទស៊ីសុវត្ថិ និងញាតិរបស់ព្រះបាទអង្គឌួង ។ សម្ដេចតេជោនាយករដ្ឋមន្ត្រី សង្កត់ធ្ងន់ថា «រួចមកបន្ទោសខ្ញុំបាត់ដី បាត់អីណា ទេខ្ញុំសុំទោសចុះ ខ្ញុំសុំការពារតែដីដែលមានសព្វថ្ងៃហ្នឹងបានហើយ អ្នកណាពូកែសូមអញ្ជើញទៅយកខ្លួនឯងចុះ ខ្ញុំនិយាយយ៉ាងដូច្នេះ ខ្ញុំចង់បង្ហាញពីកត្តាប្រវត្តិសាស្ត្រមួយចំនួន ដែលបានកើតឡើង នៅក្នុងប្រទេសរបស់យើង» ។
ជាមួយនោះដែរ សម្ដេចបន្ថែមថា យើងរុងរឿងបានរយៈពេល១៦ឆ្នាំ គឺពីឆ្នាំ៥៣ យើងទទួលបានឯករាជ្យ ប៉ុន្តែការកសាងរបស់ព្រះករុណាបិតា បានត្រឹមពីឆ្នាំ៥៥ រហូតមកទេ ជាមួយនឹងការរំខានពីកម្លាំងប្រឆាំង និងការឈ្លានពានរបស់ពួកបរទេស ។ សម្ដេចថា បើយើងមិននឹកទៅដល់ប្រវត្តិសាស្ត្រទេ ដាក់បញ្ហាឲ្យយើងឆ្លើយតបថា តើមានសង្គ្រាមពីឆ្នាំ៧០ ដល់៧៥ ឬអត់ និងមានរបបប្រល័យពូជសាសន៍ឬអត់ ៕
ចែករំលែកព័តមាននេះ