ខណៈនេះ កម្មករធ្វើបាតុកម្មបិទផ្លូវវ៉េងស្រេង (វីដេអូ)
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ យោងតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា កម្មកររោងចក្រកាត់ដេរសម្លៀកបំពាក់ ឃែនធើរេន អឹភែរឹល ខេមបូឌា បានធ្វើបាតុកម្មបិទផ្លូវវ៉េងស្រេង ចាប់ពីវេលាម៉ោង៨និង១០នាទីព្រឹកថ្ងៃទី២២ មករា ឆ្នាំ២០២១ នៅចំណុចមុខរោងចក្រ ដែលមានទីតាំងតាមបណ្តោយវ៉េងស្រេង ស្ថិតក្នុងភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ដើម្បីទាមទារលក្ខណៈការងារចំនួន៣ចំណុចរួមមាន ១-ប្រាក់ទៀងទាត់ ២-ប្រាក់បំណាច់អតីតភាព និង៣-ប្រាក់បំណាច់ឆ្នាំ ។
នាព្រឹកថ្ងៃដដែលនេះដែរ គេសង្កេតវត្តមានលោកហែម ដារិទ្ធ អភិបាលខណ្ឌពោធិសែនជ័យ ចុះមកសម្របសម្រួលជាមួយកម្មករហើយ ប៉ុន្តែមិនដឹងលទ្ធផលបែបណានៅឡើយទេ ។
តាមសេចក្តីរាយការណ៍បានបន្តថា ការបិទផ្លូវខាងលើ គឺមិនមែនបិទទាំងអស់នោះទេ គឺបិទតែមួយចំហៀងក្នុងទិសដៅចេញពីរាជធានីភ្នំពេញ បណ្តាលឱ្យកកស្ទះ ចំណែកទិសដៅចូលមករាជធានីពុំមានការកកស្ទះនោះទេ ។
តាមសេចក្តីរាយការណ៍បានបន្តទៀតថា គិតមកត្រឹមវេលាម៉ោង៩ព្រឹកថ្ងៃដដែលនេះដែរ កម្មកររោងចក្រខាងលើបានបើកផ្លូវឱ្យធ្វើចរាចរណ៍ឡើងវិញហើយ បន្ទាប់ពីលោកមៀន ច័ន្ទយ៉ាដា អភិបាលរងរាជធានីភ្នំពេញ រួមជាមួយលោកអភិបាលខណ្ឌ បានចុះទៅកាន់ទីតាំងធ្វើបាតុកម្មដើម្បីសម្របសម្រួលជាមួយកម្មករ ដោយសន្យាជួយដោះស្រាយរយៈពេល២ម៉ោង ប៉ុន្តែប្រសិនបើដោះស្រាយមិនចេញទេ គឺក្រុមកម្មករនឹងបិទផ្លូវឡើងវិញ ។ ព័ត៌មានលម្អិតនឹងមានផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព ៕





















ចែករំលែកព័តមាននេះ