ខេត្តកំពង់ឆ្នាំង ៖ ក្រៅពីបង្កើតមេផ្សិត និងបណ្តុះផ្សិតអំបោះលក់ទទួលបានជោគជ័យក្នុងមុខរបរមានជំនាញដែលរៀនពីមន្ទីរកសិកម្ម លោក សយ ចាន់ណាត ជាកសិករ រស់ភូមិទំនប់ថ្មី ឃុំជៀប ស្រុកទឹកផុស នៅបានចិញ្ចឹមត្រីអណ្តែង កង្កែប និងខ្យង សម្រាប់លក់ជូនអតិថិជនផងដែរ ។

លោក សយ ចាន់ណាត បានបញ្ជាក់ថា លោកបានចាប់ផ្ដើមចិញ្ចឹមត្រីអណ្ដែង រយៈពេលមួយឆ្នាំមកហើយ គឺចាប់រាជរដ្ឋាភិបាលបានលើកទឹកចិត្ត និងជំរុញដល់បងប្អូនប្រជាពលរដ្ឋឱ្យខិតខំដាំដំណាំ ចិញ្ចឹមសត្វ ក្នុងសម័យកូវីត១៩ មកម្លេះ ដោយចាប់ផ្តើមសាកមុនដំបូងលោកបានទិញកូនត្រីអណ្តែងទម្ងន់សរុប២០គីឡូក្រាម ស្មើនឹងប្រមាណជា៥ពាន់ក្បាល ។

ក្រោយការដាក់ចិញ្ចឹមត្រីអណ្តែងក៏ទទួលបានជោគជ័យ ដោយចាប់លក់ក្នុង១ឆ្នាំបាន៣ដង ឃើញថាបានចំណូលគ្រាន់បើដែរ អាចជួយទ្រទ្រង់ជីវភាពគ្រួសារបាន ។ កសិកររូបនោះ បានបន្ថែមថា ក្រៅចិញ្ចឹមត្រីអណ្តែង លោកនៅមានចិញ្ចឹមកង្កែប ចិញ្ចឹមខ្យងស្រែផងដែរ ដើម្បីឱ្យការងារក្នុងការចិញ្ចឹមនេះមានដំណើរការព្រមគ្នា គួបផ្សំ និងការដាំបន្លែបណ្តុះផ្សិតផងធ្វើឱ្យគ្រួសារគាត់មានទំនិញជាម្ហូបអាហារ លក់ជូនប្រជាកសិករ ក្នុងភូមិងាយស្រួលទិញ យកទៅទទួលទាន ព្រោះលោកលក់ធូថ្លៃជាងទីផ្សារ ។

ជាក់ស្តែងត្រីអណ្តែងគាត់លក់១គីឡូក្រាមថ្លៃ៨ពាន់រៀល កង្កែបលក់១គីឡូក្រាម ថ្លៃ១ម៉ឺនរៀល និងខ្យងស្រែ គាត់លក់ក្នុង១គីឡូក្រាម ថ្លៃ៦ពាន់រៀលជាដើម ។

សូមបញ្ជាក់ដែរថា៖ រាល់ការចិញ្ចឹមត្រីអណ្តែង ចិញ្ចឹមកង្កែប និងខ្យង លោក សយ ចាន់ណាត បានប្រើវិធី ចិញ្ចឹម ក្នុងតង់កៅស៊ូទាំងអស់ មិនបានជីកស្រះសម្រាប់ចិញ្ចឹមនោះទេ ហើយមុខជំនាញនៃការចិញ្ចឹម ក្នុងតង់កៅស៊ូនេះ លោកបានរៀនបច្ចេកទេសពីមន្ទីរកសិកម្ម ទាំងអស់ ដែលងាយស្រួលចិញ្ចឹម និងងាយថែទាំ ព្រមទាំងការដាក់ទឹក និងឱ្យចំណី ក្រៅពីនោះការចិញ្ជឹមក្នុងតង់ កៅស៊ូ គឺបានប្រើរយៈពេលខ្លីត្រឹម តែជាង៣ខែ អាចចាប់លក់បានហើយ ទាំងត្រីអណ្តែង កង្កែប និងខ្យង ៕

ចែករំលែកព័តមាននេះ