រាជធានីភ្នំពេញ ៖ ត្រឹមតែរយៈពេលប៉ុន្មានម៉ោង ក្រោយបានស្បថចូលកាន់តំណែងប្រធានាធិបតីអាមេរិកផ្លូវការនៅម៉ោងជិត១២ថ្ងៃត្រង់ ថ្ងៃទី២០ ខែមករា ឆ្នាំ ២០២១ (ម៉ោងនៅអាមេរិក) ឬពាក់កណ្តាលអធ្រាត្រម៉ោងនៅកម្ពុជានោះ លោក ចូ បៃឌិន (Joe Biden) បានចុះហត្ថលេខាលុបចោលគោលនយោបាយចម្រូងចម្រាសជាច្រើនរបស់បន្សល់ទុកដោយអតីតប្រធានាធិបតីលោក ដូណាល់ ត្រាំ ដូចជាការឆ្លើយតបជំងឺរាតត្បាតកូវីដ-១៩ និងរឿងអន្តោប្រវេសន៍។
ក្នុងនោះផងដែរ លោក ចូ បៃឌិន ក៏បានសន្យាថា នឹងផ្តល់សញ្ជាតិដល់ប្រជាជន (អ្នកមានក្តីសុបិន្ត) ដែលបានរស់នៅសហរដ្ឋអាមេរិក ដោយគ្មានការអនុញ្ញាតជាផ្លូវការ បន្ទាប់ពីចូលប្រទេសនេះក្នុងវ័យកុមារភាពជាមួយឪពុកម្តាយដែលបានចូលអាមេរិកដោយខុសច្បាប់នោះ ។
បន្ថែមពីលើនេះ បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន NHK ចុះថ្ងៃទី ២១ ខែមករា ឆ្នាំ២០២១ នេះក៏បានរាយការណ៍ថា ប្រធានាធិបតីអាមេរិកថ្មី រូបនេះក៏បានចុះហត្ថលេខាលើសកម្មភាពប្រតិបត្តិសំខាន់មួយ សម្រេចលុបចោលបំរាមការធ្វើដំណើរពីប្រទេសដែលមានជនជាតិមូស្លីមមួយចំនួន។
សូមរម្លឹកថា កំឡុងពេលលោកដូណាល់ ត្រាំ កាន់តំណែងជាប្រធានាធិបតី លោកបានរឹតត្បិតការធ្វើដំណើរចូលពីបណ្តាប្រទេសមូស្លីមភាគច្រើន ដោយលើកឡើងពីវិធានការណ៍ប្រឆាំងភេរវកម្មរបស់លោក ។
តែលោក ចូ បៃឌិន ដែលបានឡើងកាន់តំណែងភ្លាមៗ លោកបានសន្យាបញ្ឈប់ការសាងសង់ជញ្ជាំងដ៏រឹងមាំនៅតាមព្រំដែនជាមួយប្រទេសម៉ិកស៊ិក ដែលលោកត្រាំ បានបញ្ជាឲ្យសាងសង់អស់លុយជាច្រើនដើម្បីមិនអោយជនអន្តោប្រវេសន៍ខុសច្បាប់ចេញចូលទឹកដីសហរដ្ឋអាមេរិកនោះ ។
លោក ចូ បៃឌិន បានចុះហត្ថលេខាលើសកម្មភាពប្រតិបត្តិចំនួន ១៥ ភ្លាមៗ បន្ទាប់ពីបានស្បថចូលកាន់តំណែងកាលពីថ្ងៃពុធ ដោយមិនឲ្យធ្វើគោលនយោបាយទាំងនោះឡើងវិញដែលជាគោលនបាយបានដាក់ចេញដោយអ្នកកាន់តំណែងមុន គឺលោកដូណាល់ ត្រាំ និងបានធ្វើការផ្លាស់ប្តូរដំបូងរបស់ខ្លួន គឺលោកបៃឌិន ផ្តោតលើជំងឺរាតត្បាតកូវីដ ១៩ និងការប្រែប្រួលអាកាសធាតុ។
លោកប្រធានាធិបតីអាមេរិកថ្មីបាននិយាយថា «សកម្មភាពប្រតិបត្តិមួយចំនួនដែលខ្ញុំនឹងចុះហត្ថលេខានៅថ្ងៃនេះនឹងជួយផ្លាស់ប្តូរដំណើរនៃវិបត្តិកូវីដ ១៩ ហើយយើងនឹងប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុតាមរបៀបដែលយើងមិនទាន់បានធ្វើ និងជម្រុញសមភាពជាតិ និងគាំទ្រដល់សហគមន៍ដែលមិនមានសិទ្ធិទទួលបានដទៃទៀត ។ ទាំងនេះគ្រាន់តែជាចំណុចចាប់ផ្តើមប៉ុណ្ណោះ៕ ដកស្រង់ចេញពីវេបសាយ ៖ nhk
ចែករំលែកព័តមាននេះ