ទីក្រុងឡុងដ៍ ៖ ចក្រភពអង់គ្លេសបានក្លាយជាប្រទេសដំបូងគេនៅលើពិភពលោក ដែលបានអនុម័តចាក់វ៉ាក់សាំងការពារមេរោគកូវីដ-១៩ របស់ក្រុមហ៊ុនអាមេរិកនិងអាល្លឺម៉ង់ Pfizer / BioNTech សម្រាប់ប្រជាជនខ្លួន ហើយប្រសិនបើមិនមានអ្វីប្រែប្រួលទេ វ៉ាក់សាំងនេះនឹងចាប់ផ្ដើមចាក់ជាទ្រង់ទ្រាយធំ ចាប់ពីសប្តាហ៍ក្រោយ ។
ទីភ្នាក់ងារត្រួតពិនិត្យផលិតផលឱសថ និងផ្នែកវេជ្ជសាស្ត្រ របស់ចក្រភពអង់គ្លេស MHRA និយាយនៅថ្ងៃពុធ ទី០២ ខែធ្នូ ឆ្នាំ២០២០នេះថា ប្រសិទ្ធិភាពដែលផ្តល់ការការពាររហូតដល់៩៥% ប្រឆាំងនឹងជំងឺកូវីដ-១៩នោះ គឺមានសុវត្ថិភាពហើយ ។
ក្រុមហ៊ុន Pfizer បាននិយាយថា ដូសដំបូង(ចំនួន៨០០.០០០ដូស) គឺកំពុងធ្វើដំណើរទៅចក្រភពអង់គ្លេសហើយនឹងដល់ នៅប៉ុន្មានថ្ងៃខាងមុខនេះ ។
រដ្ឋមន្ត្រីក្រសួងសុខាភិបាលចក្រភពអង់គ្លេសលោក Matt Hancock បាននិយាយថា ក្រសួងនឹងទាក់ទងនិងពិនិត្យផ្ទាល់ អំពីការចាក់ថ្នាំបង្ការ(វ៉ាក់សាំង) ទៅអោយប្រជាពលរដ្ឋដែលមានអាទិភាព ។
ក្នុងបញ្ជីអាទិភាព មនុស្សចាស់ជរានៅក្នុងការថែទាំ និងបុគ្គលិកពេទ្យ ត្រូវបានចាក់វ៉ាក់សាំងមុនគេ បន្ទាប់មកមនុស្សមានអាយុចាប់ពី៨០ឆ្នាំឡើង និងបុគ្គលិកផ្នែកថែទាំសុខភាព ។
លោក Hancock បានបន្តថា ដូសមកដល់ដំបូង យើងនឹងត្រូវចាក់ឲ្យបានលឿន តាមដែលអាចធ្វើបាន ។ ហើយនៅមន្ទីរពេទ្យ ក៏មានកន្លែងសម្រាប់ផ្ទុកវ៉ាក់សាំងតាមតម្រូវការ(-៧០C)ស្រាប់ វ៉ាក់សាំងដំបូងទំនងជានឹងចាប់ផ្ដើមចាក់នៅទីនោះ សម្រាប់បុគ្គលិកថែទាំ បុគ្គលិកផ្នែកសុខាភិបាល មនុស្សចាស់ និងអ្នកជំងឺ ដូច្នេះគ្មានវ៉ាក់សាំងណាមួយត្រូវបានខ្ជះខ្ជាយឡើយ ។
ថ្នាំបង្ការមេរោគកូវីដ-១៩ របស់ Pfizer / BioNTech គឺជាវ៉ាក់សាំង ដែលផលិតលឿនបំផុត ដូចដែលឃើញជាក់ស្តែង គឺចំណាយពេលត្រឹមតែ១០ខែប៉ុណ្ណោះ ធ្វើតាមជំហានៗដូចគ្នា ដែលធម្មតាវ៉ាក់សាំងបង្ការមេរោគមួយចំនួនទៀត មានរយៈពេលដល់ទៅ ១០ឆ្នាំ ទើបរួចរាល់ ។
កន្លងមក ចក្រភពអង់គ្លេស បានបញ្ជាទិញវ៉ាក់សាំងនេះចំនួន ៤០លានដូស រួចហើយ ដែលវាគ្រប់គ្រាន់ក្នុងការចាក់វ៉ាក់សាំង ចំនួន ២០លាននាក់ ៕
ចែករំលែកព័តមាននេះ