ប្រើអេស្កាវ៉ាទ័រវាយកម្ទេចអតីតក្លឹប៥៥ បង្កជាអគ្គិភ័យឆេះឡើងផ្អើលឡានទឹក
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ករណីអគ្គិភ័យមួយបានឆាបឆេះអតីតក្លឹបកម្សាន្ត៥៥ ដោយសារតែក្រុមជាងបានប្រើអេស្កាវ៉ាទ័រមួយគ្រឿងវាយកម្ទេចចោល និងជាងផ្សារកាត់ដែកបណ្ដាលឲ្យមានអណ្តាតភ្លើងឆាបឆេះឡើង ហើយបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងទៅដល់កម្លាំងមានសម្ថកិច្ច និងរថយន្តពន្លត់អគ្គិភ័យរាប់សិបគ្រឿងចុះមកអន្តរាគមន៍បាញ់ទឹកពន្លត់។ ករណីអគ្គិភ័យនេះដែរបានកើតឡើងកាលពីវេលាម៉ោង០៥ និង៣០នាទីល្ងាច ថ្ងៃទី២១ ខែតុលា ឆ្នាំ ២០២០ នៅចំណុចក្លឹបកម្សាន្ត៥៥ ផ្លូវលេខ៥៥ កែងផ្លូវលេខ២៤០ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញមានក្រុមកម្មករមួយក្រុម ដែលមានអេស្កាវ៉ាទ័រមួយគ្រឿង ប្រដាប់ដោយញញួរ ពូថៅ រួមទាំងឧបករណ៍ផ្សេងៗជាច្រើនទៀតនាំគ្នាមកធ្វើការវាយកម្ទេចក្លឹបកម្សាន្តយីហោ៥៥ នេះចោល និងក្រុមជាងកាត់ដែកផងដែរ។ លុះដលមុនពេលកើតហេតុ ក្រុមកម្មករបាននាំគ្នាវាយកម្ទេចចោលទៅតាមបច្ចេកទេស ហើយក៏មានក្រុមជាងដែកផ្សារកាត់ដែកធ្នឹមផងដែរ ហើយទំនងជាខ្ទាតធ្លាក់ផ្កាភ្លើងទៅចំលើពូក អេប៉ុង ឬក៏របស់របស់ប្រើប្រាស់ចាស់ ដែលគេទុកចោលទើបបង្កជាអណ្តាតភ្លើងឆាបឆៅយ៉ាងសន្ធោសន្ធៅតែម្តង។

តាមប្រភពដដែលបាប្រាប់បន្តទៀតថា ពេលដែលមានអណ្តាតភ្លើងឆាបឆេះឡើងយ៉ាងសន្ធោសន្ធៅកើតឡើងនោះ ក្រុមជាងក៏បាននាំគ្នាស្រវាយកទឹកមកធ្វើការពន្លត់ដែរតែមិនអាចធ្វើឲ្យភ្លើងរលត់បាន។ ខណៈនោះទើបបង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើងទៅដល់កម្លាំងសមត្ថកិច្ចខណ្ឌដូនពេញ ដែលដឹកនាំដោយលោក សុខ ពេញវុធ អភិបាលខណ្ឌ បានដឹលនាំកម្លាំងយ៉ាងច្រើនចុះមកដល់កន្លែងកើតហេតុ និងហៅរថយន្តពន្លត់អគ្គិភ័យរាប់សិបគ្រឿងចុះមកធ្វើអន្តរាគមន៍បាញ់ទឹកពន្លត់ផងដែរ។

ពាក់ព័ន្ធទៅនឹងករណីអគ្គិភ័យឆាបឆេះអតីតក្លឹបកម្សាន្ត ៥៥ នេះដែរ ទំនងជាកើតឡើងដោយសារតែក្រុមអ្នកវាយកម្ទេចក្លឹប វាយ ឬក៏កាត់ដែកធ្នឹម បណ្តាលឲ្យធ្លាក់ផ្កាភ្លើងទៅលើ ពូក អេប៉ុង ឬក៏របស់របរចាស់ៗដែលគេទុកចោលហើយ ទើបបានបង្កជាអគ្គិភ័យឆាបឆេះយ៉ាងនេះ។ ក្នុងករណីអគ្គិភ័យឆាបឆេះអតីតក្លឹបកម្សាន្ត៥៥នេះដែរ ក្រោមការដឹកនាំរបស់លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ បានដឹកនាំកម្លាំងយ៉ាងច្រើនចុះមកធ្វើអន្តរាគមន៍ រួមទាំរថយន្តពន្លត់អគ្គិភ័យមកពីតាមបណ្តាអង្គភាពពាក់ពន្ធ័ជាច្រើនស្ថាប័នរាប់សិបគ្រឿងមកធ្វ់ការបាញទឹកពន្លត់ រហូតដល់ម៉ោង៦ និង៣០នាទី យប់ថ្ងៃដដែលទើបគ្រប់គ្រងបាន និងមិនបង្កឲ្យឆាឆេះរាលដាលទៅដល់ផ្ទះនៅក្បែរខាង ឬមនុស្សណាម្នាក់រងគ្រោះថ្នាក់ឡើយ៕ ដោយ ៖ ភី ផល








ចែករំលែកព័តមាននេះ