រាជធានីភ្នំពេញ ៖ មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថា ដើម្បីដោះស្រាយបញ្ហាកកស្ទះសំរាម ក្នុងរាជធានីភ្នំពេញ ខណៈដែលកម្មករក្រុមហ៊ុន ស៊ីនទ្រី ធ្វើកូដកម្មដោយមិនចេញប្រមូលសំរាមនោះ សម្រាប់ចំណាត់ការបន្ទាន់នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យបញ្ចេញរថយន្តប្រមូលសំរាមដែលទើបទិញថ្មី និងទើបនាំចូលមកដល់ចំនួន៧០គ្រឿង ឲ្យចេញជាបន្ទាន់នៅព្រឹកថ្ងៃទី០៦ ខែតុលានេះ រួមជាមួយកម្លាំងសន្តិសុខ សណ្តាប់ធ្នាប់ខណ្ឌ ប្រជាការពារ និងភ្នាក់ងារប្រមូលសំរាមជាប់កិច្ចសន្យារាប់រយនាក់ ដើម្បីចេញប្រតិបត្តការប្រមូលសំរាមក្នុងរាជធានីភ្នំពេញ។

មន្ត្រីដដែលបានបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ចេញរថយន្តដឹកសំរាមចំនួន៤៩គ្រឿងហើយ ដូចនេះត្រូវបន្ថែមសរុបចំនួន៧០គ្រឿង ដើម្បីដោះស្រាយបញ្ហាកកស្ទះសំរាមឲ្យមានភាពប្រសើរឡើង។ ក្រុមការងារប្រមូលសំរាមបណ្តោះអាសន្ននេះ បានចែកចេញជា៣វេន។

រដ្ឋបាលរាជធានីភ្នំពេញ សូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ សូមចូលរួមសហការទុកដាក់ និងវេចខ្ចប់សំរាមឲ្យបានត្រឹមត្រូវ ទៅតាមពេលវេលាដែលបានកំណត់ ងាយស្រួលដល់ក្រុមការងារប្រមូលសំរាម និងបានលឿន។ គួររំលឹកថា រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសជ្រើសរើសកម្មករប្រមូលសំរាម បន្ទាប់ពីបុគ្គលិករបស់ក្រុមហ៊ុន ស៊ីនទ្រី ផ្អាកសកម្មភាពក្នុងការប្រមូលសំរាម ដោយទាមទារឲ្យក្រុមហ៊ុនបំពេញតាមលក្ខខ័ណ្ឌដែលពួកគេចង់បាន៕ ដោយ ៖ ចន ណារិទ្ធ





ចែករំលែកព័តមាននេះ