ខេត្តព្រះសីហនុ ៖ លោកសរ កក្កដា អភិបាលស្រុកព្រៃនប់បានប្រាប់តាមទូរសព្ទ័នាព្រឹកថ្ងៃ១១ សីហា ឆ្នាំ២០២០ នេះថា ក្រោយពីឆ្នេរពយជំទាវម៉ៅដែលជាឆ្នេរសមុទ្រភ្ជាប់គ្នារវាងស្រុកព្រៃនប់ជាមួយក្រុងព្រះសីហនុ ត្រូវបានរដ្ឋបាលខេត្តរៀបចំជាឆ្នេរសាធារណៈសម្រាប់ពលរដ្ឋទៅលេងកំសាន្តដោយមិនមានបង់ប្រាក់នោះទេ បច្ចុប្បន្ននេះមានប្រជាពលរដ្ឋនិងអ្នកទេសចរណ៏មកលេងកំសាន្តច្រើន។

ជាមួយនឹងកំណើនភ្ញៀវទេសចរមកលេងកំសាន្តច្រើនបែបនេះ បញ្ហាសំរាមក៏បានកើនឡើងច្រើនដែរ តាមដែលលោកអភិបាលស្រុកបញ្ជាក់ថា នៅឆ្នេរនេះមិនទាន់មានក្រុមហ៊ុនឬអ្នកម៉ៅការទទួលគ្រប់គ្រងសម្អាតនៅឡើយ(ក្នុងដីឆ្នេរ) ហើយការប្រមូលសម្អាតបច្ចុប្បន្នជាបន្ទុករបស់រដ្ឋបាលស្រុក ដែលប្រើប្រាស់កម្លាំងរបស់ស្រុកចុះទៅប្រមូលសម្អាត យកចេញពីឆ្នេរមកដាក់ទុកតាមផ្លូវ សម្រាប់ឲ្យក្រុមហ៊ុនដឹកសំរាមមកដឹកយកចេញ។

ដើម្បីជួយសម្រួលដល់កម្លាំងសម្អាត លោកអភិបាលស្រុកព្រៃនប់ក្នុងនាម រដ្ឋបាលស្រុក បានស្នើដល់បងប្អូនប្រជាពលរដ្ឋនិងអ្នកទេសចរណ៏ដែលអញ្ជើញទៅលេងនៅឆ្នេរជំទាវម៉ៅ សូមជួយសម្អាតអនាម័យបរិស្ថាន ដោយរៀបចំវេចខ្ចប់ទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ដោយសារថាមួយរយៈនេះ ឃើញមានបងប្អូនប្រជាពលរដ្ឋនិងអ្នកទេសចរណ៏មួយចំនួន បោះសំរាមចោលពាសវាលពាសកាល ដូចជាកញ្ចប់អាហារ កំប៉ុងឬដបភេសជ្ជៈផ្សេងៗ ជាដើម បង្កការលំបាកដល់ការប្រមូលសម្អាត ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ