ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​លោក​តា​ លោក​យាយ​​គ្មានទីពឹង​ជាង​៩០នាក់​ទទួលប្រាក់​ឧបត្ថម្ភ​

3 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ កាល​ព្រឹក​ថ្ងៃ​ទី​៥ ខែសីហា ឆ្នាំ​២០២០ លោក​ជំទាវ​បណ្ឌិត បាន ស្រី​មុំ អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្ត​ប៉ៃលិន រួម​ដំណើរ​ដោយ​លោក​…

ខេត្ត​ប៉ៃលិន ៖ កាល​ព្រឹក​ថ្ងៃ​ទី​៥ ខែសីហា ឆ្នាំ​២០២០ លោក​ជំទាវ​បណ្ឌិត បាន ស្រី​មុំ អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្ត​ប៉ៃលិន រួម​ដំណើរ​ដោយ​លោក​ សៅ សា​រ៉ាត់ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម លោក​ជំទាវ សមាជិក​ក្រុមប្រឹក្សា​ខេត្ត ​លោក​ ហុ​ក សុផល អភិបាលរង​ខេត្ត្ត​ប៉ៃលិន រួម​នឹង​ក្រុមការងារ​មូលនិធិ​គាំទ្រ​សុខភាព និង​សង្គ្រោះ​បន្ទាន់​ជន​ចាស់ជរា​គ្មាន​ទីពឹង​ខេត្ត​ប៉ៃលិន បាន​អញ្ជើញ​ជួប​សំណេះសំណាល​សួរសុខទុក្ខ និង​បើក​ថវិកា​មូលនិធិ​ប្រចាំ​ខែសីហា ឆ្នាំ​២០២០ ជូន​ដល់​លោកយាយ លោកតា ចាស់ជរា​ដែល​ទទួល​បាន​មូលនិធិ​ចំនួន​៩១​នាក់ ក្នុង​ម្នាក់​ៗទទួល​បាន​​១០០.០០០​រៀល (​មួយ​សែន​រៀល​​) ។

តាម​ប្រភព​ព័​ត៍​មានបាន​ឱ្យ​ដឹង​ថា ពិធី​នេះ​រៀបចំ​នៅ​ការិយាល័យ​តំណាងរាស្ត្រ​ខេត្ត​ប៉ៃលិន សាលាឃុំ​អូរ​អណ្តូង និង​សាលាឃុំ​ស្ទឹង​ត្រង់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។

តាម​ប្រភពព័ត៌មាន​បាន​​បន្ត​ថា ចំពោះ​លោកយាយ លោកតា មាន​ជំងឺ​ធ្វើ​ដំណើរ មិន​បាន លោក​ជំទាវ និង​ក្រុមការងារ​បាន​យក​ថវិកា​ទៅ​ប្រគល់​ជូន​ដល់​គេហដ្ឋាន​ផង​ដែរ ។

ក្នុង​ឱកាស​នោះដែល​ លោក​ជំទាវ ក៍បាន​នាំ​បណ្តាំ​ផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​​លោក​អ៊ី ឈាន ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន​ខេត្ត​ប៉ៃលិន ជូន​ដល់​លោកយាយ លោកតា​ចាស់ជរា​ទាំងអស់ ដោយ​ជា​និច្ចកាល​ឯកឧត្តម តែងតែ​គិតគូ​ពី​សុខទុក្ខ និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​គ្រប់​រូប គ្រប់​កាលៈទេសៈ និង​គ្រប់​ទីកន្លែង​នៅ​ទូ​ទាំង​ខេត្ត​ប៉ៃលិន​។

លោក​ជំទាវ ក៍បាន​បន្ត​អំពាវនាវ​ដល់​លោកយាយ លោកតា និង​ប្រជាពលរដ្ឋ​ទូ​ទាំង​ខេត្ត​ប៉ៃលិន សូម​ចូលរួម​ប្រយុទ្ធ​ប្រឆាំង បង្ការ ទប់ស្កាត់ និង​ការពារ​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ដោយ​ត្រូវ​អនុវត្ត​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល ដើម្បី​បង្ការ​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​១៩ ចូល​ក្នុង​សហគមន៍​ជាយថាហេតុ ដោយ​យើង​ទាំងអស់​គ្នា​មិន​បានដឹង​ខ្លួន​ជា​មុន និង​សូម​បន្ត​រស់នៅ​ដោយ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ពី​សុខភាព​ផ្ទាល់ខ្លួន និង​ក្រុម​គ្រួសារ ការ​រស់នៅ​ត្រូវ​ស្អាត មាន​អនាម័យ លាងដៃ​ឲ្យ​បាន​ញឹកញាប់​ជាមួយ​សាប៊ូ និង​ទឹក​ស្អាត ឬ​ទឹក​អាល់កុល ស្នាក់​នៅ​ក្នុងផ្ទះ​បើ​គ្មាន​ការ​ចាំបាច់​ចេញ​ទៅ​ក្រៅ ហាម​មានការ​ប្រមូលផ្តុំ​គ្នា ពាក់​ម៉ាស់ ឬ​កន្សែង​ឲ្យ​បាន​ត្រឹមត្រូវ​នៅ​ពេល​ចេញ​ទៅ​ក្រៅ រក្សា​គំលាត​ពី​គ្នា ២​ម៉ែត្រ នៅ​ពេល​ជួប​សន្ទនា​គ្នា ។

លោកជំទាវ​បាន​បន្ត​ថា ចំពោះ​បងប្អូន​ប្រជា​ពលរ​ដ្ច​ចំណូលស្រុក សូម​ស្នាក់​នៅ​ដាច់​ដោយឡែក​ពី​សាច់ញាតិ​បងប្អូន​ក្រុម​គ្រួសារ មិត្ត​ភ័ក្តិ រយ​:​ពេល​១៤​ថ្ងៃ​សិន បើ​មាន​ករណី​សង្ស័យ ដូច​ជា​ផ្តាស្សាយ ហៀ​សំបោរ មានកំ​ដៅ​លើស​ពី ៣៧.៥​អង្សា ក្អក​ស្ងួត ឈឺបំពង់ក ពិបាក​ដកដង្ហើម សូម​ប្រ​ញ៉ាប់​ទៅ​កាន់​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យ​បង្អែក​ដែល​នៅ​ជិត​ផ្ទះ​បំផុត ឬ​ទំ​នា​ក់ំន​ង​ទៅ​កាន់​លេខ​១១៥ ឬ​រាយការណ៍​ជូន​អាជ្ញាធរ​ភូមិ ឃុំ សង្កាត់ ដែល​នៅ​កៀក​ជាប់​ផ្ទាល់​ជាមួយ​បងប្អូន ដើម្បី​បញ្ជូន​បងប្អូន​ទៅ​កាន់​មន្ទីរពេទ្យ​ធ្វើការ​ពិ​ព្យាបាល​ជំងឺ​ជូន​។

គួរ​បញ្ជាក់​ថា មូលនិធិ​គាំទ្រ​សុខភាព និង​សង្គ្រោះ​បន្ទាន់​ខេត្ត​ប៉ៃលិន បាន​រៀបចំ​ឡើង​តាំងពី​ចុងឆ្នាំ​២០១១ និង​បាន​ដំណើរការ​មក​ដល់​បច្ចុប្បន្ន ដោយ​ទទួល​បានការ​ឧបត្ថម្ភ​គាំទ្រ​ថវិកា​ទាំងស្រុង​ពី​​លោក​ អ៊ី ឈាន ប្រធាន​ក្រុមការងារ​ថ្នាក់​កណ្តាល​ចុះ​ជួយ​ខេត្ត​ប៉ៃលិន និង​លោក​ជំទាវ​បណ្ឌិត តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ប៉ៃលិន ដោយ​បើកប្រាក់​ឧបត្ថម្ភ​ជា​ប្រចាំខែ នៅ​រៀងរាល់ថ្ងៃ​ទី​៥ នៃ​ខែ​នីមួយ​ៗ ជូន​លោកយាយ លោកតា​ចាស់ជរា​គ្មាន​ទីពឹង​ក្នុង​ខេត្ត​ប៉ៃលិន ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ និង​សាសនា​ឡើយ ៕ (កែសម្រួលដោយ ៖​ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ