ល្បី​ថា ខ្លាំង​លើស​តោ​វត្ត​ភ្នំ គឺ​កូន​អធិ​ការ​​ស្រុក​ថ្ពង


ខេត្តកំពង់ស្ពឺ ៖ ឈ្មួញ​រកស៊ី​ដឹកឈើ​អារ​ដុះ​ស្នឹម​មួយ​រូប ដែល​ជា​ជើង​ខ្លាំង​ខាង​ដឹកឈើ​ប្រចាំ​ស្រុក​ថ្ពង ត្រូវ​បាន​រដ្ឋបាល​ព្រៃឈើ​ធ្វើការ​បង្ក្រាប​គោ​យន្ត​ដឹកឈើ​យក​មក​ចាត់ការ​តាម​នីតិវិធី​។ ការ​បង្ក្រាប​ពី​សំណាក់​មន្ត្រី​រដ្ឋបាល​ព្រៃឈើ ទៅ​លើ​គោ​យន្ត​របស់​ឈ្មួញ​ដុះ​ស្នឹម​ដ៏​មាន​ឥទ្ធិពល​នេះ ធ្វើ​ឱ្យ​កូនលោក​ស័ក្តិ​៥ ដ៏​មហិមា​ជា​អធិការ​ស្រុក​ថ្ពង ឆេះដុំ​យ៉ាង​ខ្លាំង រហូត​ជិះ​រថយន្ត​ទៅ​កាន់​កន្លែង​រដ្ឋបាល​ព្រៃឈើ​ត្រពាំង​ជោរ សុំ​យក​គោ​យន្ត​ដឹកឈើ​ទៅ​វិញ​។

បើ​តាម​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​មួយ​រូប បាន​បញ្ជាក់​ថា ក្រោយ​ពី​មាន​កម្លាំង​សម្ងាត់​រាយការណ៍​ជូន​ទៅ​លោក​ប្រធាន​មន្ទីរ​កសិកម្ម​ថា មាន​ថៅកែ​ដឹកឈើ​អារ​ម្នាក់ ដោយ​ថ្លៃ​ពេក​បាន​យក​គោ​យន្ត​របស់​ខ្លួន​ទៅ​ចត​ចោល​នៅផ្ទះ​ពលរដ្ឋ​មួយ​រូប នៅ​ចំណុច​អូរ​ធ្នង់ ឃុំ​ត្រពាំង​ជោរ ស្រុក​ឪ​រ៉ា​ល់​។ ពេល​នោះ លោក​ប្រធាន​មន្ទីរ​បាន​បញ្ជា​ឱ្យ​មន្ត្រី​មួយ​រូប សហការ​ជាមួយ​មន្ត្រី​នគរបាល​មូលដ្ឋាន​ក្រោម​ការ​បញ្ជា​ផ្ទាល់​ពី​លោកស្នងការ​នគរបាល​ខេត្ត គឺ​លោក​ឧត្តមសេនីយ៍ទោ សម សា​មួន​។

ប្រភព​ដដែល​បន្ត​ថា នៅ​ពេល​ដែល​មន្ត្រី​នគរបាល​ឃុំ​ត្រពាំង​ជោរ កំពុង​តែ​បើក​គោ​យន្ត​យក​ឈើ​មក​រក្សា​ទុក​នៅ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ត្រពាំង​ជោរ ស្រាប់តែ​គេ​ឃើញ​មន្ត្រី​នគរបាល​៣​រូប ជិះ​រថយន្ត​មួយ​គ្រឿង​មក​សួរ​រកគោ​យន្ត​ដែល​ត្រូវ​ចាប់ ហើយ​និយាយ​ថា ឈើ​ទាំងនោះ​ជា​របស់​លោក​អធិការ​ទិញ​យក​ទៅ​ធ្វើ​ផ្ទះ​។

អ្នក​ដែល​និយាយ​នោះ​ត្រូវ​បាន​ស្គាល់​ថា គឺជា​កូនប្រុស​របស់​លោក​អធិការ​នៅ​ស្រុក​ថ្ពង​តែ​ម្តង គឺ​លោក​អនុសេនីយ៍ឯក ហ៊ុន សុខ​ពិសិដ្ឋ ការ​មក​និយាយ​បែប​នេះ​ត្រូវ​បាន​មន្ត្រី​ប្រាប់​ថា បើ​ចង់​សុំ​ទាល់តែ​សុំ​លោកស្នងការ ព្រោះ​ជា​បញ្ជា​របស់​លោក​ប្រធាន​មន្ទីរ និង​លោកស្នងការ​។ ក្រោយ​ពី​លឺ​ដូច្នោះ កូនប្រុស​របស់​លោក​អធិការ និង​មន្ត្រី​ពីរ​រូប​ទៀត បាន​នាំ​គ្នា​ជិះ​រថយន្ត​ចេញ​បាត់​ទៅ​។ ចំណែក​គោ​យន្ត​ដឹកឈើ ត្រូវ​បាន​លោកនាយ​សង្កាត់​រៀបចំ​ទុកដាក់​កសាង​ឯកសារ ដើម្បី​រឹបអូស​ជា​សម្បត្តិ​រដ្ឋ​។

បើ​តាម​ប្រភព​ពី​មន្ត្រី​នគរបាល​ស្រុក​ថ្ពង​មួយ​រូប បាន​បង្ហើប​ថា លោក​អធិការ​មិន​មាន​សង់ផ្ទះ​អ្វី​ទេ ការ​ដែល​កូន​គាត់ និង​មន្ត្រី​ទៅ​សុំ​យក​គោ​យន្ត​ដឹកឈើ​នោះ​ពី​មេព្រៃ គឺ​គាត់​គ្រាន់តែ​ចង់​បង្ហាញ​ពី​អំណាច​របស់​ខ្លួន​តែ​ប៉ុណ្ណោះ ព្រោះ​ចង់ឱ្យ​គេ​ដឹង​គេ​ដឹង​ថា ខ្លួន និង​ម្ចាស់​គោ​យន្ត គឺជា​មិត្តភក្តិ​នឹង​គ្នា ដូច្នេះ​ស្ថាប័ន​ផ្សេង​ៗ​កុំ​ចាប់​ឱ្យ​សោះ ប៉ុន្តែ​ទីបំផុត​នៅ​ពេល​ដែល​មិន​សម្រេច​ដូច​បំណង ធ្វើ​ឱ្យ​លោក ហ៊ុន សុខ​ពិសិដ្ឋ មានការ​ខឹងសម្បារ​ជា​ខ្លាំង ហើយ​នាំ​គ្នា​ជិះ​រថយន្ត​ស៊ី​រ៉ែ​ន​ពាក់​ស្លាក​លេខ នគរបាល​១៣៣១ ចេញ​បាត់​ទៅ​។

មានការ​លើក​ឡើង​ថា តើ​ឈ្មួញ​ឈើ​ឈ្មោះ​ញ៉ា​វ នេះ មាន​អ្វី​ពិសេស​លើស​ពី​ពី​មិត្តភក្តិ ទើប​បាន​ជា​គាត់​ខ្នះខ្នែង​ជួយ​សម្បើម​ម្ល៉េះ ឬ​មួយ​ក៏​កូនលោក​អធិការ​បាន​សើម​មាត់​សើម​.​ក​ពី​ឈ្មួញ​ម្នាក់​នេះ​​ដែរ?

បើ​និយាយ​ពី​ឈ្មួញ​ឈើ​នេះ​វិញ ត្រូវ​បាន​មហាជន​លើក​ឡើង​ថា គឺជា​ឈ្មួញ​ម្នាក់​ក្នុង​ឈ្មួញ​ជា​ច្រើន​នាក់​ដែល​រកស៊ី​ដឹកឈើ​ចេញពី​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ បើក​កាត់​ចម្ការ​អំពៅ​ចេញ​យក​ទៅ​លក់​តាម​ដេប៉ូ​ឈើ​នានា​នៅ​ស្រុក​ថ្ពង និង​ស្រុក​ឧដុង្គ​។ ឈ្មួញ​រូប​នេះ​ហាក់បីដូចជា​មាន​សំណាង​គេច​ផុត​ពី​ការ​បង្ក្រាប​ពី​សំណាក់​សមត្ថកិច្ច​នានា ដែល​ទំនងជា​មានកូន​លោក​អធិការ​ប្រចាំ​ស្រុក​ថ្ពង​ម្នាក់​នេះ ចាំ​ជួយ​ចូក​ជួយ​ចែវ​រហូត​មក​។

ពាក់ព័ន្ធ​នឹង​ការ​លើក​ឡើង​ខាងលើ អ្នក​យក​ព័ត៌មាន​យើង​មិន​អាច​សុំ​ការ​ពន្យល់​បាន​ទេ ពី​លោក​ហ៊ុន សុខ​ពិសិដ្ឋ ។

ព័ត៌មាន​ពិស្តារ​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព ។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

Live

Sponsored News

០២:៣៩ | ក្នុងស្រុក

ក្រុមហ៊ុន ភីធីធី កម្ពុជា ផ្តល់អាហារូបករណ៍ ៣០០កន្លែងដល់សិស្សកម្ពុជា ដើម្បីបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេងតាមរយៈវគ្គសិក្សាពីចម្ងាយ «ទម្លាប់ល្អទាំង ៧របស់យុវវ័យឆ្នើម»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ