ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វ៉ាក់សាំង​ប្រឆាំង​វីរុស​កូវីដ១៩ ចិន​​អនុ​ញ្ញាត​ឲ្យ​ប្រើ​ក្នុង​ផ្ទៃ​យោធា

3 ឆ្នាំ មុន

ប្រទេស​ចិន ៖ សហគ្រាស​ផលិត​វ៉ាក់សាំង​ចិន​មួយ គូសបញ្ជាក់​កាលពី​ថ្ងៃ​ទី​២៩ ខែ​​មិថុនា​ ឆ្នាំ ២០២០​នេះថា កងទ័ព​ចិន​បាន​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​ក្នុង​ជួរ​របស់​ខ្លួន នូវ​វ៉ាក់សាំង​ប្រឆាំង​វីរុស​COVID-19 ដែល​ផលិត​រួម​គ្នា…

ប្រទេស​ចិន ៖ សហគ្រាស​ផលិត​វ៉ាក់សាំង​ចិន​មួយ គូសបញ្ជាក់​កាលពី​ថ្ងៃ​ទី​២៩ ខែ​​មិថុនា​ ឆ្នាំ ២០២០​នេះថា កងទ័ព​ចិន​បាន​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​ក្នុង​ជួរ​របស់​ខ្លួន នូវ​វ៉ាក់សាំង​ប្រឆាំង​វីរុស​COVID-19 ដែល​ផលិត​រួម​គ្នា ដោយ​វិទ្យាស្ថាន​ស្រាវជ្រាវ​យោធា​ចិន​មួយ​និង​ក្រុមហ៊ុន​ផលិត​ឱសថ​មួយ​។

បណ្ដា​មន្ទីរពិសោធន៍​លើ​ពិភពលោក​ទាំងមូល​កំពុង​តែ​ប្រកួតប្រជែង​គ្នា ដើម្បី​ស្វែងរក​វ៉ាក់សាំង ឬ​ថ្នាំ​ប្រឆាំង​វីរុស​នោះ ដែល​បណ្ដាល​ឲ្យ​មនុស្ស​បាត់​បង់​ជីវិត ​ជាង​៥០០.០០០​នាក់​ហើយ​លើ​ពិភព​លោក​។ ក្នុង​ចំណោម​វ៉ាក់សាំង​ប្រមាណ​ជា​១៧​ ដែល​បច្ចុប្បន្ន​កំពុងធ្វើការ​សាកល្បង​គ្លីនិក​ ពោល​គឺ​​សាក​លើ​មនុស្ស មាន​ប្រមាណ​ជា​ពាក់កណ្ដាល​ផលិត​ ដោយ​បណ្ដា​មន្ទីរពិសោធន៍​ ឬ​វិទ្យាស្ថាន​ចិន​។ នេះ​បើ​តាម​ព័ត៌មាន​របស់​អង្គការ​សុខភាព​ពិភពលោក​WHO​។

ក្នុង​ចំណោម​វ៉ាក់សាំង​ទាំងនេះ វ៉ាក់សាំង​មួយ​របស់​ក្រុមហ៊ុន​ចិន ​CANSINOBIO រួម​សហការ​ជា​មួយ​បណ្ឌិតសភា​វិទ្យាសាស្ត្រ​វេជ្ជសាស្ត្រ​ចិន កំពុង​បោះ​ជំហាន​ទៅ​មុខ​នា​ពេល​បច្ចុប្បន្ន​។

ក្រុមហ៊ុន​នោះ​ក្នុង​សេចក្ដី​ប្រកាស​មួយ​និយាយ​ថា បណ្ដា​ទិន្នន័យ​នៃ​ការ​សាកល្បង​គ្លីនិក​នានា​បាន​​បង្ហាញ ពី​សន្តិសុខ ​និង​កម្រិត​ខ្ពស់​នៃ​ការ​ឆ្លើយ​តប​របស់​វ៉ាក់សាំង​នេះ ក្នុង​ការ​បង្កើត​ប្រព័ន្ធ​ការ​ពារ​ប្រឆាំង​វីរុស​។

ក្រុមហ៊ុន​នេះ អះអាង​ថា គណៈកម្មាធិការ​យោធា​កណ្ដាល ចិន​បាន​ផ្ដល់​ភ្លើង​ខៀវ កាលពី​ថ្ងៃ​ទី​២៥ ខែ​​មិថុនា ​ឲ្យ​ប្រើប្រាស់​វ៉ាក់សាំង​នោះ​លើ​កង​ទាហាន​ចិន​។

ទោះបី​យ៉ាងណា ​មិន​ទាន់​ច្បាស់​ក្នុង​ពេល​ភ្លាម​ៗ​ថា តើ​ការ​អនុញ្ញាត​នោះ​ស្ថិ​ត​ក្នុង​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ការពារ ក្នុង​ផ្ទៃ​កងទ័ព​ចិន​ទាំងមូល ដែល​មាន​ទាហាន​ប្រមាណ​ជា​២​លាន​នាក់​នៅ​ឡើយ។ ក្រសួងការពារជាតិ​ចិន​ ក៏​មិន​ទាន់​ធ្វើ​អត្ថាធិប្បាយ​លើ​រឿង​នោះ​នៅឡើយ​ដែរ​។

ម្យ៉ាងវិញទៀត ​ក្រុមហ៊ុន ​CANSINOBIO ​គូសបញ្ជាក់​ក្នុង​សេចក្ដី​ប្រកាស​មួយ​របស់​ខ្លួន​ថា នៅ​មិន​ទាន់​អាច​ធានា​ថា វ៉ាក់សាំង​របស់​ខ្លួន​នឹង​ត្រូវ​ដាក់​ធ្វើ​ពាណិជ្ជកម្ម​ជា​សាធារណៈ​ដែរ​។

មក​ទល់​ពេល​នេះ​នៅ​មិន​ទាន់​មាន​វ៉ាក់សាំង​ណាមួយ​ដែល​ទទួល​ការ​អនុញ្ញាត​ឲ្យ​ធ្វើ​ពា​ណិ​ជ្ជ​កម្ម​នៅឡើយ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ