រាជធានីភ្នំពេញ ៖ ខណៈដែលកម្ពុជាបានព្យាបាលអ្នកជំងឺកូវីដ-១៩ បានជាសះស្បើយរហូតដល់១០៧នាក់ នៃអ្នកជំងឺសរុបចំនួន១២២ករណីនោះ ការចំណាយលើការធ្វើតេស្តក៏ដូចជា ការព្យាបាលដោយថ្នាំពេទ្យព្រមទាំងម្ហូបអាហារផងនោះ គឺក្រសួងសុខាភិបាលត្រូវចំណាយជាមធ្យមពី ២០០០ ទៅ ២៥០០ ដុល្លារអាមេរិកសម្រាប់អ្នកជំងឺកូវីដ-១៩ ម្នាក់ ។
លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានថ្លែងនៅសន្និសីទសារព័ត៌មាន នៅទីស្តីការក្រសួងសុខាភិបាល នៅថ្ងៃទី២០ មេសានេះថា សម្រាប់ការធ្វើតេស្តមួយ គឺប្រហែល១០០ ទៅ១២០ដុល្លារ គឺគ្រាន់តែតេស្តនៅមន្ទីរពិសោធន៍ ហើយក្នុងនោះការចំណាយផ្សេងទៀត លើការព្យាបាល គឺប្រមាណជាង ១០០០ ដុល្លារ ដោយត្រូវព្យាបាលដាក់សេរ៉ូម ឬថ្នាំពេទ្យដូច្នេះជាមធ្យមសម្រាប់អ្នកសម្រាកនៅមន្ទីរពេទ្យ គឺអស់ការចំណាយប្រមាណជាង ២០០០ ទៅ ២៥០០ ដុល្លារម្នាក់ ក្នុងការស្នាក់នៅព្យាបាល ១០ថ្ងៃឡើង ។
សូមរម្លឹកមកសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានប្រកាសថា ការព្យាបាលអ្នកជំងឺកូវីដ-១៩ នៅកម្ពុជាមិនថា ជនជាតិខ្មែរ ឬក៏បរទេសនោះទេ គឺការព្យាបាលមិនគិតថ្លៃឡើយ ខណៈបណ្តាប្រទេសផ្សេងទៀត ការព្យាបាលជនបរទេស គឺត្រូវបង់ថ្លៃ ហេតុដូច្នេះកម្ពុជាទោះជាប្រទេសតូច តែចិត្តធំទូលាយ ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ